“​ប្រើ​សក្ដិ​ដើម្បី​បម្រើ​រាស្រ្ត​,​ មិន​មែន​យក​សក្ដិ​ទៅ​សម្ញែង​ដាក់​រាស្រ្ត​ឡើយ​!​”​

សក្ដិ ​គឺ​ជា​បុណ្យ​! ​សក្ដិ​ គឺ​ជា​ការ​អត់​ធន់​ ការ​ស៊ូទ្រាំ​ និង​ភាព​ប៉ិន​ប្រសប់​របស់​បុគ្គល​ម្នាក់​​ៗ​ ដែល​ជា​មន្រ្តី​រា​ជ​ការ​របស់​ជាតិ​ មិន​មែន​របស់​បក្ស​ពួក​ ឬ​ក្រុម​ណា​មួយ​ឡើយ​ ដ្បិត​នៅ​ក្នុង​សម័យ​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​​ ​រដ្ឋា​ភិបាល​ត្រូវ​កើត​ចេញ​ពី​បក្សនយោបាយ​ក៏​ដោយ​ ។​​​ក្នុង​នាម​ជា​មន្រ្តី​រាជការ​របស់​ជាតិ ​យើង​ត្រូវ​បែង​ចែក​ឱ្យ​បា​ន​ដាច់​ស្រឡះ​អំពី​តួនាទី​ និង​ទំនួល​​ខុស​ត្រូវ​នៅ​ក្នុង​បក្ស ​និង​នៅ​​ក្នុង​រដ្ឋាភិបាល ​។ ​ពេល​ចុះ​បេសកកម្ម​​ដើម្បី​ប្រយោជន៍​​ជាតិ ​​​ប្រយោជន៍​នគរ​ គឺ​អ្នក​ត្រូវ​ពាក់​សក្ដិ​ កាល​ណា​អ្នក​ពាក់​សក្ដិ​នៅ​លើ​ស្មា​ គឺ​បាន​ន័យ​ថា​ អ្នក​គឺ​ជា​មន្រ្តី​រាជ​ការ​របស់​ជា​តិ​​ ហើយ​អ្នក​ត្រូវ​សម្លឹង​មើល​ទៅ​មុខ​ឱ្យ​បាន​ឆ្ងាយ​ និង​ពិនិត្យ​ពិច័យ​ឱ្យ​បាន​ស៊ី​ជម្រៅ​អំពី​សេច​​​​​​​​​ក្ដីសុខ​​​​ និង​សេច​ក្ដី​ទុក្ខ​លំបាក​របស់​ប្រជារាស្រ្ត​​នៅ​ទូទាំង​នគរ​ ថា​តើ​ពួក​គេ​ដែល​កំពុង​រស់​នៅ​ក្នុង​មូលដ្ឋាន​ដែល​យើង​កំពុង​គ្រប់​គ្រង​ និង​ដឹក​នាំ​នេះ ​មាន​សុខុមាលភាព ​សុវត្ថិភាព​ សន្តិភាព​​​​​​​​ និង​​​​​​​​​​​​​​សុភមង្គល​​​​​​ពេញប​​រិបូណ៌​ពិត​ប្រាកដ​ហើយ​ឬ​នៅ​? ​តើ​ពួក​គេ​នៅ​ខ្វះ​ខាត​អ្វី​ខ្លះ​ទៀត​? ​តើ​ក្នុង​នាម​យើង​ជា​អ្នក​មាន​សក្ដិ​នៅ​លើ​ស្មា​តាម​ឋានានុក្រម​នេះ​ យើង​ត្រូវ​ជួយ​ ត្រូវ​បំពេញ​អ្វី​បន្ថែម​ទៀត​ដល់​ជីវភាព​របស់​ពួក​គេ​កុំ​ឱ្យ​ខ្វះ​ខាត​ និង​កុំ​ឱ្យ​សៅហ្មង​?​​​
​ជា​មន្រ្តីរាជការ​មាន​សក្ដិ​នៅ​លើ​ស្មា​តាំង​ពី​ថ្នាក់​ទាប​រហូត​ដល់​ថ្នាក់​ខ្ពស់​ជា​បន្តបន្ទាប់​តាម​លំដាប់​ ដែល​បាន​មក​ដោយ​ការ​ខិតខំ​ប្រឹង​ប្រែង​បម្រើ​ប្រជារាស្រ្ត​ទាំង​យប់​ទាំងថ្ងៃ​ដោយ​ស្មោះត្រង់ ​ពិតណាស់​ទោះ​បី​ជា​សក្ដិ​នៅ​លើ​ស្មា​នោះ​មាន​ថ្នាក់​ ឬ​មាន​លំដាប់​កម្រិត​ប៉ុណ្ណា​ក៏​ដោយ​ ក៏​គេ​នៅ​តែ​​​​​​​​​​​សប្បាយ​​​​ចិត្ត​ក្នុង​ការ​បន្ត​បេសកកម្ម​ និង​បំពេញ​ភារកិច្ច​ទៅ​តាម​ផែនការណ៍​ដើម្បី​ប្រយោជន៍​ប្រជាជន ​ប្រយោជន៍​សង្គម ​និង​ប្រយោជន៍​ប្រទេស​ជាតិ​ទាំង​មូល​យ៉ាង​រីករាយ ​ហើយ​ភាគ​ច្រើន​មន្រ្តី​រាជការ​ ដែល​មាន​​​​​​​​​​​​មនសិការ​​​​​​បែប​នេះ​ ពួកគេ​ គឺ​ជា​វីរបុរស​យ៉ាង​ពិត​ប្រាកដ​ និង​ជា​ជំហ​រដ៏​រឹងមាំ​សម្រាប់​ប្រទេសជាតិ ​ទោះ​បី​មាន​ការ​លំបាក​នៅ​ក្នុង​ជីវភាព​យ៉ាងណា​ ប្រាក់​ខែ​នៅ​តិចតួច​យ៉ាងណា​ សក្ដិ​នៅ​កម្រិត​ថ្នាក់​ទាប​ប៉ុណ្ណា​ ក៏​គេ​មិន​ដែល​រុញរា​ ឬ​សូញ​សាញ​ឡើយ​ អ្វី​ដែល​​​​​​​​​​​​​​​មាន​ន័យ​ និង​សំខាន់​បំផុត​នៅ​​ក្នុង​ជីវិតរ​បស់គេ ​គឺកា​រមាន​ឱកាស​នៅ​បម្រើ​ប្រជាជន ​និង​​​​​​​​​ប្រទេសជាតិ ​។​ 
ប៉ុន្តែ​ជា​អកុសល​សម្រាប់​ប្រទេសជាតិ​ ក្នុង​គ្រា​ដែល​នគរ​កំពុង​អភិវឌ្ឍ​ទៅ​មុខ​ និង​កំពុង​ត្រូវ​ការ​ធនធាន​មនុស្ស​ស្មោះត្រង់ ​និង​មាន​គុណភាព​យ៉ាង​ច្រើន​ដើម្បី​ចូលរួម​ជួយ​រដ្ឋាភិបាល​បម្រើ​ប្រទេសជាតិ​នោះ ​ស្រាប់​តែ​មាន​ជន​ឱកាស​និយម ​និង​លោភលន់​មួយ​ក្ដាប់​ធំ​ បាន​ពពាក់ពពូក​គ្នា​ ជះ​ទឹក​ប្រាក់​​តាម​ផ្លូវ​​​​​​​សម្ងាត់​ដើម្បី​លួច​ទិញ​យស ​ទិញ​សក្ដិ​ ដោយ​មិន​ដែល​ធ្លាប់​បាន​ស្គាល់រស​ជាតិ​ខំ​ប្រឹងប្រែង​តាំង​ពីកាំ​ទី​ដំបូង​មក ​។​ ក្រោយ​ពេល​ទិញ​សក្ដិរួច​ ដើ​ម្បី​កុំ​ឱ្យ​គេ​មើល​មក​ទើស​ទា​ល់ ឬ​លួច​និយាយ​ក្រោយ​ខ្នង​នោះ​ យូរៗ​ម្ដង ​បុគ្គល​មាន​ខ្លួន​ ក៏​ចាប់​ផ្ដើម​ធ្វើ​ជា​ចេ​ញ​បំពេញ​បេសកកម្ម ​ឬ​ចុះ​ជួយ​សហគមន៍​នេះ​ ឬ​ចុះ​ជួយ​មូលដ្ឋាន​នោះ​បន្តិច​បន្តួច​ ដើម្បី​យក​​​​​​​​មុខ​យក​មាត់​ ។ បើ​សម្រាប់​សម័យ​បច្ចេកវិទ្យាទំនើប​វិញ​ គឺ​គេ​ច្រើន​ថតរូប​រួច​ក៏​បង្ហោះ​ជា​សាធារណៈ​ឱ្យ​គេ​មើល​មក​ថា​ខ្លួន​ពិត​ជាបាន​ជួយ​មែន ​។​ ពិត​ណាស់ ​គឺ​បុគ្គល​មាន​សក្ដិ​ប្រភេទ​នេះ​ ពិត​ជា​បាន​ចេញ​បំពេញ​បេសកកម្ម​​ប្រាកដ​មែន​ ពិត​ជា​បាន​ចុះ​ជួ​យមូលដ្ឋាន​ប្រាកដ​មែន ​ហើយ​ពេលខ្លះ​គេ​ក៏បាន​នាំយ​ករបស់​របរ​ខ្លះៗ​ទៅចែក​ជូន​មនុស្ស​ម្នា​មួយ​ចំនួន​ប្រាកដមែន​ ប៉ុន្តែ​ភាគ​ច្រើន​នៃ​សកម្មភាព​ទាំង​អស់​នោះ ​គឺ​មិន​បាន​កើត​ចេញ​ពីចិត្ត​ដោយ​ស្មោះត្រង់​ពិតប្រាកដ​ និង​ប្ដូរផ្ដាច់​ពិ​ត​ប្រាកដ​ដូចមន្រ្តី​ដែល​គេមាន​បទពិសោធន៍​រាប់​សិប​ឆ្នាំ ​ដែល​បាន​ខិតខំ​តាំងពី​នៅថ្នាក់​ជា​ពលបាល​ និង​ធ្លាប់​បាន​ចុះ​បំពេញ​បេសកកម្ម​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាប់មិនអស់​​​​​​​​​​​​​​​ ហើយ​លើស​ពីនេះទៅទៀ​ត គឺគេ​តែងតែ​នៅ​ក្បែរ​ប្រជាជន​ និ​ង​ជួយ​បំពេញ​កង្វះ​ខាតរ​បស់​ប្រជាជន​ជានិច្ចឡើយ ​ ។ បុគ្គល​មាន​ឈ្មោះ​ជា​មន្រ្តី​មានសក្ដិលើស្មា ​បាន​ដោយ​ការទិ​ញលក់​ដោះដូ​រ គឺ​គ្មាន​តម្លៃ ​និង​មិន​អាច​ប្រៀប​ស្មើ​ជាមួ​យ​នឹ​ងម​ន្រ្តីស្អាត​ស្អំ ​ដែល​គេ​មាន​សក្ដិ​បាន​មក​ដោយ​ការ​តស៊ូ​នៅ​បម្រើរ​ដ្ឋាភិបាល​ និង​បម្រើ​ប្រជាជន​មក​អស់​រយៈកាល​ជា​យូរ​នោះ​បាន​ឡើយ​ ។​ 
ដូច្នេះ​សក្ដិ​ គឺ​មានន័យថា​៖ ​ជាបុណ្យ​ និង​ជា​​​​​​​លទ្ធផល​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ភារកិច្ច​របស់​បុគ្គល​ជាមន្រ្តី​ម្នាក់​ៗ ​។ ​ការ​ឡើង​សក្ដិ​ ពីមួយ​ថ្នាក់​ទៅមួយ​ថ្នាក់​ ពុំ​មែន​ជា​រៀង​លេង​សើច​ និង​មិន​អាច​ចេះ​តែ​​ងាក​ឱ្យ​ ងាក​ឡើង​ដូច​រត់​លេង​ឡើង​កាំ​ជណ្ដើរ​នោះ​ឡើយ ​។​​​​​​ ការ​​​​ឡើង​សក្ដិ​ជូន​​​​​​​​​​​​​​​​​​​​​មន្រ្តីរាជការ​​​​​​​​​​​​​​ គឺ​​ត្រូវ​តែ​ឆ្លងកាត់​ការអង្កេត ​និង​តាម​ដាន​ឱ្យ​បាន​ដិត​ដល់​បំផុត​ ។​ មិនមែន​ក្មេង​មិនទាន់​បាត់ក្លិន​ទឹកដោះ​ពីថ្ងៃ​ម្សិល​ផង​​​ បែរ​​ជា​ថ្ងៃនេះ​មាន​សក្ដិធំ​ជាង​មន្រ្តី​ដែល​គេ​បាន​ព្យាយាម​តស៊ូ​តាំងពី​ដើម​នោះ​ឡើយ​ ។​ ករណី​នេះ​វា​មិន​សមរម្យ​ឡើយ​ ​។​
ការ​កំណត់​សក្ដិ​ជូន​មន្រ្តី​រាជកា​ររបស់រដ្ឋ​ គឺ​ដើម្បី​កំណត់​បរិអាជ្ញា​នៅ​ជុំ​វិញ​ឋានៈ​របស់​ពួកគេ ​។ ​មន្រ្តី​មាន​សក្ដិ​ គឺ​ត្រូវ​ទទួលបាន​អំណាច​​, ទ្រព្យ​សម្បត្តិ​សមល្មម,​ បរិវារ​, កេរ្ដិ៍ឈ្មោះល្អ​, និង​ជា​ទីរាប់អាន​នៃ​មនុស្ស​​ផង​ទាំង​ពួង​នៅ​ក្នុង​សង្គម​ ដែល​អ្វី​ទាំង​នេះ​គឺ​រដ្ឋ​អំណាច​ជា​អ្នក​ផ្ដល់​ជូន​ តប​ទៅ​តាម​សមិទ្ធផល​ និង​ប្រសិទ្ធភាព​ការងារ ​ដើម្បី​អាច​ឱ្យ​ពួក​គេ​មាន​លទ្ធភាព​ចុះ​បំពេញ​បេសកកម្ម​ដើម្បី​បម្រើ​សុខទុ​ក្ខ​របស់​ប្រជាជន ​និង​ការពារ​ប្រជាជន ​ទៅ​តាម​មូ​លដ្ឋាន​នីមួយៗ​ដែល​បាន​កំណត់​តទៅ​ទៀត​ ។​ 
ដូច្នេះ​ការពា​ក់​សក្ដិ​នៅ​លើ​ស្មា​ដែល​បា​ន​ផ្ដល់​ជូ​នដោយ​រដ្ឋ​អំណាច​ វា​ពុំ​មែន​ដូចជា​ការពាក់​គ្រឿង​អលង្ការ​ដែល​អាច​ទិញ​ដូរ​តាម​ផ្សារ​ត្រី​បាន​ ដើម្បី​យក​ទៅ​សម្ញែង​-បង្អួត​ ឬ​ទុ​កសម្លុត​គម្រាម​កំហែង​​ដាក់​​​​​​​ប្រជាជន​វិញ​នោះ​ឡើយ​ ប៉ុន្តែ​ផ្ទុយ​មក​វិញ​វា​គឺ​ជា​ការពាក់​ភារកិច្ច​, ​ការពា​ក់​ទំនួលខុសត្រូវ​, ការពា​ក់​ក្រមសីលធម៌,​ ការពាក់​ព្រហ្មចរិយាធម៌,​ ការពាក់​មនសិការជាតិ​, និង​ជា​ការពាក់​នូវ​សេចក្ដី​ទុកចិត្ត​ពីរ​ដ្ឋាភិបាល ​និង​ប្រជាជន​ ។ ​“សក្ដិ ​ទាប ​ឬ​ខ្ពស់​វា​មិន​សំខាន់​ឡើយ​សម្រាប់​មន្រ្តី​ដែល​មាន​មនសិកា​រ​ជាតិ​ពិត​ប្រាកដ​ ប៉ុន្តែ​វា​ពិត​ជា​សំខាន់​ណាស់​សម្រាប់​បុគ្គល​ដែល​ចង់​បាន​មុខ​មាត់​, ចង់​បាន​ការ​សរសើរ​​​​​​​ ឬ​​​​​ដើម្បី​ទុក​បង្អួត​គេ​ឯង​ រី​ឯ​ប្រសិទ្ធភាព​ការងារ​ផុយ​ស្រួយ​ ​។​” ​“ម​ន្រ្តី​ដែល​មាន​ឋាន​ន្តរសក្ដិ​នៅ​ថ្នាក់ទាប ​ប៉ុន្តែ​បាន​បំពេញ​ប្រយោជន៍​ជូនជាតិ ​និង​ចុះ​បេសកកម្ម​ច្រើន​ដើម្បី​ជាតិ ​គឺ​ប្រសើរ​ និង​ជា​ទីគួរគោរព ​និង​លើក​តម្កើង​ជាង​បុគ្គល​ដែល​មាន​សក្ដិខ្ពស់​​ សក្ដិធាត់​ ប៉ុន្តែ​សមិទ្ធផល​ការងារ​ជាតិ​តិចតួច​,​ ធ្វើ​ឱ្យ​តែ​រួច​ពីដៃ​ និង​ពូកែ​អែប​អប​” ​៕​

“​ប្រើ​សក្ដិ​ដើម្បី​បម្រើ​រាស្រ្ត​,​ មិន​មែន​យក​សក្ដិ​ទៅ​សម្ញែង​ដាក់​រាស្រ្ត​ឡើយ​!​”​វិភាគដោយ៖ ឈូក ស
Cool FM 100.7