កុមារ​ជប៉ុន​ដែល​ឪពុក​ម្តាយ​បោះបង់​ចោល​ក្នុង​ព្រៃ​រក​ឃើញ​នៅ​រស់

ក្មេង​ប្រុស​ជប៉ុន​ម្នាក់​ដែល​ឪពុក​ម្តាយ​របស់​គេ​យក​ទៅ​ទុក​ចោល​តាម​ចិញ្ចើមថ្នល់​មួយ​ក្នុង​ព្រៃ​ជា​ការ​ដាក់​ទណ្ឌកម្ម ហើយ​បាត់​ខ្លួន​ចាប់ពី​យប់​ថ្ងៃ​ទី​២៩ ឧសភា​មក​នៅ​កោះ​ហុ​ក​កៃ​ដូ ភាគ​ខាងជើង​ជប៉ុន​ត្រូវ​បាន​រក​ឃើញ​ហើយដោយ​គេ​នៅ​រស់រាន​មានជីវិត ។

ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​នោះ ដែល​មនុស្ស​ដល់​ទៅ​២០០​នាក់​មាន​ទាំង​កង​ទាហាន ប៉ូលិស និង​ពួក​អ្នក​ស្ម​គ្រ​ចិត្ត​តាម​រក​ចាប់តាំងពី​៥​ថ្ងៃ​មក​ហើយ ត្រូវ​បាន​រក​ឃើញ​នៅ​រស់នា​ព្រឹក​ថ្ងៃ​ទី​៣ មិថុនា ។

យោង​តាម​ព័ត៌មាន​ដំបូង​ៗ​ថា កុមា​រយ៉ា​ម៉ា​តូ តា​ណូ​អូ​កា ត្រូវ​បាន​រក​ឃើញ​នា​ព្រឹក​ថ្ងៃ​ទី​៣ មិថុនា វេលា​ម៉ោង​៧​និង​៥០​នាទី​ម៉ោង​ក្នុងស្រុក​នៅ​កន្លែង​មួ​ួ​ចម្ងាយ​៤​គ​.​ម​ពី​កន្លែង​ដែល​គេ​បាត់​ខ្លួន ។ ក្មេង​នោះ​បាន​ចូល​ជ្រក​ភ្លៀង​ក្នុង​អគារ​មួយ​នៃ​ទីលាន​ហ្វឹកហ្វឺន​មួយ​របស់​កងទ័ព​ជប៉ុន ។

លោក​ម៉ា​ណា​ប៊ូ តា​កឺ​ហា​រ៉ា អ្នកនាំពាក្យ​របស់​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​ថ្លែង​ទៅ​កាន់ AFP ថា គឺ​ទាហាន​ម្នាក់​ដែល​ប្រទះ​ឃើញ​ក្មេង​នោះ​មុនគេ ។ វា​បាន​រៀបរាប់​ពី​ការ​ដើរ​របស់​វារ​ហូត​មក​ដល់​មូលដ្ឋាន​យោធា​នោះ ។ ក្មេង​ប្រុស​នោះ​ស្លៀកពាក់​ខោអាវ​ដដែល​ដូច​ថ្ងៃ​គេ​បាត់​ខ្លួន ហើយ​គេ​ប្រាប់​ឈ្មោះ​ដល់​កង​ទាហាន​ដែល​បានឃើញ​គេ ។ ពុំ​មាន​ស្បៀង​នៅ​ជាប់​ខ្លួន​វា​រួច​ក៏​គ្មាន​ស្នាម​ត្រូវ​របួស​ដែរ ។ គេ​បាន​នាំ​វា​ទៅ​មន្ទីរពេទ្យ​ហើយ​ប៉ូលិស​ប្រកាស​ពី​អត្តសញ្ញាណ​គេ ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ទី​២៩ ឧសភា ២០១៦ ផ្សាយ​ថា ឪពុក​ម្តាយ​របស់​ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ ម្នាក់​សារភាព​ប្រាប់​អាជ្ញាធរ​ថា ពួក​គេ​បាន​បោះ​កូន​ចោល​នៅ​លើ​ភ្នំ ដើម្បី​ដាក់ទោស មិនមែន​ជា​ការ​បាត់​ក្នុងអំឡុងពេល​ដើរ​កម្សាន្ត​ក្នុង​ព្រៃ​ភ្នំ​ដូច​ការ​ អះអាង​របស់​ពួក​គេ​ពី​ដំបូង​ឡើយ ។

របាយការណ៍​បញ្ជាក់​ថា ក្រុម​ជួយ​សង្គ្រោះ​និង​ប៉ូលិស​ជាង​១៥០​នាក់ ព្យាយាម​ដើរ​រុករក​២​ថ្ងៃ​នៅ​ក្នុង​ព្រៃ​ភ្នំ ស្ថិត​នៅ​ភាគ​ខាងជើង​កោះ​ហុ​ក​កៃ​ដូ ក្រោយ​ពី​ក្មេង​ប្រុស​យ៉ាម៉ា​តូ ថា​នូ​កា បាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៨ ឧសភា ។ ពី​ដំបូង​ឪពុក និង​ម្តាយ ប្រាប់​ប៉ូលិស​ថា ក្មេង​ប្រុស​យ៉ា​ម៉ា​តូ វង្វេង​នៅ​ក្នុង​ព្រៃ ខណៈ​ពេល​ខាង​ក្រុម​គ្រួសារ​ដើរ​កម្សាន្ត​នៅ​ជម្រក​រស់នៅ​របស់​ខ្លាឃ្មុំ​។ ក្រោយមក​ទើប​២​នាក់​ប្តី​ប្រពន្ធ​នោះ​យល់ព្រម​សារភាព​ថា ពួក​គេ​បោះចោល​កូន​ដើម្បី​ដាក់​ទើស ហើយ​កុហក​សមត្ថកិច្ច​ថា​វង្វេង​បាត់ ។

បុរស​ជា​ឪពុក​បញ្ជាក់​ប្រាប់​អ្នក​ទូរទស្សន៍ «Asahi» ថា គេ​បោះចោល​កូនប្រុស​នៅ​ក្នុង​ព្រៃ​ភ្នំ​នោះ​ដើម្បី​ដាក់ទោស ហើយ​បន្ទាប់​មក​នៅ​ពេល​ត្រឡប់​ទៅ​រក​គេ​វិញ ស្រាប់តែ​បាត់​ពី​កន្លែង​នោះ​ទៅ​ហើយ ៕