ក្រុមហ៊ុន​ខេ​ភី​ស ឈូសឆាយ​បំផ្លាញ​ដំណាំ​ជនជាតិដើម​ភាគតិច​ព្នង​នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា យ៉ាង​កំរោល​

មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ខេ​ភី​ស​(K Phis)  ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ឃុំ​ប៊ូ​ស្រា​៥០០​ហិកតា កំពុង​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​ក្នុង​មូលដ្ឋាន​យ៉ាង​កំរោល​។ ជនជាតិដើម​ភាគតិច​ព្នង​៧​គ្រួសារ​ដែល​កំពុង​រង​គ្រោះ​ដោយសារ​ក្រុមហ៊ុន​ខេ​ភី​ស បំពាន​លើដី​ធ្លី​និង​បំផ្លាញ​ដំណាំ​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ចាត់វិធានការ​ជួយ​ដោះស្រាយ​ពួកគាត់​ជាបន្ទាន់​។ ជនជាតិដើម​ភាគតិច​ព្នង​ទាំង​៧​គ្រួ​សារបាន​បញ្ជាក់ថា​ក្រុមហ៊ុន​ខេ​ភី​ស កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន ហេតុនេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ជួយ​ដោះស្រាយ​ពួកគាត់​ជាបន្ទាន់​កុំ​ពន្យារពេល​តទៅទៀត​។

​តំណាង​ជនជាតិដើម​ភាគតិច​ព្នង​ដែល​រងគ្រោះ​បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦ ក្រុមហ៊ុន​ខេ​ភី​ស បាន​ប្រើប្រាស់​កម្មករ​ជាង​១០​នាក់​និង​គ្រឿងចក្រ​មក​ជីករណ្ដៅ​ដើម្បី​ដាំ​កាហ្វេ និង​កាយ​ប្រឡាយ​លើដី​ដែល​ពួកគាត់​ដាំ​ស្រូវ ដំឡូង និង​ចម្ការ​ស្វាយចន្ទី បណ្ដាល​ឲ្យ​ខូចខាត​ស្រូវ​ដែល​កំពុង​លូតលាស់​។ តំណាង​ជនជាតិដើម​ភាគតិច​បាន​ឲ្យ​ដឹង​ទៀតថា​សកម្មភាព​កម្មក​រ​ក្រុមហ៊ុន​ខេ​ភី​ស ប្រើ​គ្រឿងចក្រ​ជីករណ្ដៅ​នោះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដីធ្លី​ប្រជាពលរដ្ឋ​ជាង​២​ហិកតា ហើយ​ដី​ជាង​១៥​ហិកតា​ផ្សេងទៀត​កំពុងតែ​ប្រទាញប្រទង់​ដោយសារ​ក្រុមហ៊ុន​ខេ​ភី​ស ប្រើ​អំណាច​ឆក់​ប្លន់​។ ជុំវិញ​បញ្ហា​នេះ​មន្ត្រី​អាជ្ញាធរ​ស្រុក​ពេ​ជ្រា​ដា បាន​ចុះទៅ​ពិនិត្យមើល​ស្ថានភាព​ជាក់ស្ដែង​រួចហើយ ក៏ប៉ុន្តែ​មិនទាន់មាន​ដំណោះស្រាយ​នៅឡើយ​។

មន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​ចុះ​ទៅដល់​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ទង្វើ​របស់​ក្រុមហ៊ុន​ខេ​ភី​ស គឺជា​ការបំផ្លាញ​ដំណាំ​របស់​ប្រជាពលរដ្ឋ​ដោយ​ចេតនា និង​ជា​សកម្មភាព​ឆក់​ប្លន់​ដីធ្លី​ជនជាតិដើម​ភាគតិច​ព្នង​យ៉ាង​គឃ្លើន​។ ដូច្នេះ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី គួរ​ចាត់វិធានការ​ដោះស្រាយ​ជូន​ជនជាតិដើម​ភាគតិច​ព្នង​ដែល​កំពុង​រងគ្រោះ​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ននេះ​ក្រុមហ៊ុន​ខេ​ភី​ស កំពុង​បំផ្លាញ​ការរស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​ដែល​រស់នៅ និង​ប្រក​បរបរ​ចិញ្ចឹមជីវិត​នៅទីនេះ​ច្រើន​តំណ​មកហើយ​។ បញ្ហាសំខាន់​នោះ​គឺ​មន្ត្រី​អាជ្ញាធរ ត្រូវ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ខេ​ភី​ស ផ្ដល់​សំណង​ចំពោះ​ការខូចខាត​ដំណាំ​ស្រូវ​និង​ដំណាំ​ផ្សេងៗ​ទៀត​របស់​ជនជាតិដើម​ភាគតិច​ព្នង​ទាំង​៧​គ្រួសារ​។ លើស​នេះ​ទៅទៀត​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ខេ​ភី​ស​តែម្តង ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​នេះ​បំផ្លាញ​ការរស់នៅ​របស់​ពលរ​ដ្ឋ​ក្នុង​មូលដ្ឋាន​បន្តទៀត​៕

photo_2016-06-16_19-16-11