ឈ្មួញ​ឈើ​ឈ្មោះ ផល ធ្វើ​សកម្មភាព​យ៉ាង​ពេញបន្ទុក​នៅ​ស្រុក​ជីក្រែង សមត្ថកិច្ច​មិន​បង្ក្រាប​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ជីក្រែង ក៏ដូចជា​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ត្រូវ​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​នានា​រិះគន់​កាន់តែខ្លាំង​រឿង​បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​អំពើពុករលួយ​និង​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅ​ខេត្តសៀមរាប​ឡើងវិញ​ខ្លះ​ផង ព្រោះ​បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​នៅតែ​កើតឡើង​យ៉ាង​រាលដាល​ដូច​មុន​ដដែល​។ ឈ្មួញ​ឈើ​ខ្លះ​បាន​និយាយ​ជា​សាធារណៈ​ថា ពួកគេ​បង់លុយ​ឲ្យ​សមត្ថកិច្ច​តាម​ការកំណត់​ទើប​អាច​ចៀស​ផុតពី​ការបង្ក្រាប​។

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ជីក្រែង បាន​ឲ្យ​ដឹងថា អ្នកធ្វើ​សកម្មភាព​ដឹកឈើ​ខ្លាំងជាងគេ​ក្នុង​មូលដ្ឋាន​ពួកគាត់​មានឈ្មោះ ផល ត្រូវជា​កូន​របស់​យាយ​ប៉ោះ ដែលជា​ឈ្មួញ​ឈើ​ដ៏​មាន​ឥទ្ធិពល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សមត្ថកិច្ច​ពុករលួយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មោះ ផល បាន​ដឹកឈើ​ប្រភេទ​ធ្នង់​និង​បេង​ពី​តំបន់​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុងស្រុក​នេះ និង​យកទៅ​ចែកចាយ​ដល់​ដេប៉ូ​នៅក្នុង​ក្រុង​សៀមរាប​ទៀតផង​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅ​តំបន់​ឃុំ​ខ្វាវ ឈ្មោះ វុ​ធ ត្រូវបាន​គេ​ដឹងថា​គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មោះ ផល ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដើម្បី​ចែក​ផលប្រយោជន៍​គ្នា ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។​

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឈ្មោះ វុ​ធ និង​មន្ត្រី​បរិស្ថាន​ប្រចាំ​ស្រុក​ជីក្រែង​ទេនោះ គឺ​ឈ្មោះ ផល ដែលជា​កូនប្រុស​របស់​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ឈ្មោះ​យាយ​ប៉ោះ មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុងស្រុក​ជីក្រែង បាន​អំពាវនាវ​ឲ្យ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់​។ ដោយហេតុថា លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប និង​បក្ខពួក​គិតគូរ​តែ​រឿង​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកឈើ​ប៉ុណ្ណោះ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​រាលដាល​៕

13344569_1699280337000434_1361431386079484410_nឈ្មួញដឹកឈើល្បីឈ្មោះយាយប៉ោះ 13331082_1699280387000429_9135612772195847761_n 13330993_1699280363667098_3511287860959426727_n 13346826_1699280227000445_7140801463301968762_n