​ត្រឹមម្នាក់​១០០រៀល សិស្ស​ក្រីក្រច្រើននាក់​​​​នឹង​​ទទួល​បាន​ការ​អប់រំ​ល្អ

អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ បាន​​បើក​យុទ្ធនាការ នៃ​គម្រោង​​ប្រមូល​ថវិកា Mission Muoy Roy កាល​ពី​ម្សិលមិញ។ គម្រោង​នេះ​ប្រជាជន​ខ្មែរ​គ្រប់រូប គ្រាន់​តែ​បរិច្ចាគ​ប្រាក់​ ១០០ រៀល​ប៉ុណ្ណោះ នឹង​អាច​ជួយ​​ឱ្យ​កុមារ និង​យុវជន​​ក្រីក្រ​​កម្ពុជា​ច្រើន​នាក់ ទទួល​បាន​ការ​អប់រំ​​ទូទៅ​ល្អដូច​សិស្ស​ដទៃ​ដែរ។

 

​ត្រឹមម្នាក់​១០០រៀល សិស្ស​ក្រីក្រច្រើននាក់​​​​នឹង​​ទទួល​បាន​ការ​អប់រំ​ល្អ លោក ពិន សារ៉ាពេជ្រ នាយក​ផ្នែក​កម្មវិធី​​របស់​អង្គការ PSE

 

លោក ពិន សារ៉ាពេជ្រ នាយក​ផ្នែក​កម្មវិធី​​របស់​អង្គការ​​នេះ បាន​ថ្លែង​ថា ពលរដ្ឋ​គ្រប់រូប​អាច​បរិច្ចាគ​ថវិកា តាម​លទ្ធភាព​របស់​ខ្លួន មិន​ថា​ ១០០ រៀល​ឬ​ប៉ុន្មាន​នោះ​ទេ៖ “Mission Muoy Roy យើង​សំដៅ​លើ​ក្រដាស ១០០ …ប៉ុន្តែ​គាត់​ចង់​ដាក់​ប៉ុន្មាន​ក៏​បាន​ដែរ…”។

 

លោក​សង្កេត​ឃើញ​ថា ភាគច្រើន​ក្រដាស ១០០ រៀល មិន​ត្រូវ​បាន​គេ​​​ជា​ប្រើ​ប៉ុន្មាន​ឡើយ ដូចជា​ត្រូវ​គេ​​ទុក​ចោល​នៅ​​ក្នុង​ហោប៉ៅ ​ថត​តុ និង​កន្លែង​ផ្សេងៗ​ទៀត។ លោក​សង្កត់​ធ្ងន់​ថា៖ “យើង​យក​ក្រដាស ១០០ មក​ប្រើ​ជា​ប្រយោជន៍​សង្គម។ ការ​ជួយ​តិចតួច ផ្ដល់​នូវ​លទ្ធផល​ធំ។ នេះ​ជា​​គោលបំណង​ធំ​របស់​យើង”។

 

កម្មវិធី Mission Muoy Roy នេះ​ជា​គំនិត​ផ្ដួចផ្ដើម​របស់លោក Laurent Notion ជនជាតិបារាំង។ ​ក្នុង​​សន្និសីទ​កាសែត កាល​ពី​ម្សិលមិញ​ នាយក​គ្រប់​ក្រុមហ៊ុន Brain Communication រូប​នេះ​ថ្លែង​ថា៖ “ប្រាក់​បន្តិច​បន្តួច​របស់​អ្នក នឹង​ផ្លាស់ប្ដូរ​ជីវិត​ច្រើន​នាក់”។

 

សប្បុរសជនអាច​បរិច្ចាគ​ប្រាក់​ តាម​រយៈ​ប្រអប់ Mission Muoy Roy ចំនួន ៦០ ប្រអប់​​របស់​អង្គការ  PSE នៅ​ភ្នំពេញ និង​សៀមរាប ដែល​មាន​ដាក់​នៅ​ក្នុង​ផ្សារទំនើប និង​ព្រលានយន្តហោះ​ជាដើម។ ចំពោះ​​អ្នក​នៅ​តាម​បណ្ដា​ខេត្ត​​ អាច​បរិច្ចាគ​តាម​ប្រអប់ Pay & Go ចំនួន ២០០ ប្រអប់​ទូទាំង​ប្រទេស និងភ្នាក់ងារ​វេលុយ​ Wing ដោយ​គេ​មិន​គិត​​សេវា​ឡើយ។ ថវិកា​ប្រមូល​បាន នឹង​ចូល​ក្នុង​អង្គការ PSE ទាំងអស់ ដើម្បី​បន្ត​ជួយ​​ផ្នែក​​អប់រំ​ដល់​កុមារ និង​យុវជន​កម្ពុជា។

 

​ត្រឹមម្នាក់​១០០រៀល សិស្ស​ក្រីក្រច្រើននាក់​​​​នឹង​​ទទួល​បាន​ការ​អប់រំ​ល្អលោក Laurent Notion

 

PSE បង្កើត​ឡើងនៅ​កម្ពុជា​ក្នុង​ឆ្នាំ ១៩៩៦។ ​​អង្គការ​​មាន​​កម្មវិធី​ចំនួន ៦ ហើយ​ដូចជា៖
១. ផ្ដល់​អាហារ​កុមារ និង​យុវជន
២. ជួយ​ព្យាបាល​កុមារ យុវជន​ក្នុង​សហគមន៍
៣. ជួយ​កុមារ​ដោយ​ការ​ជួញដូរ និង​បញ្ហា​សង្គម​ផ្សេងៗ
៤. កម្មវិធី​ធ្វើ​ឱ្យ​កុមារ យុវជន​ចូល​រៀន​ឱ្យ​បាន​ច្រើន
៥. កម្មវិធី​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ
៦. ការ​ជួយ​គ្រួសារ​របស់​កុមារ និង​យុវជន

 

បច្ចុប្បន្ន​សិស្ស​ PSE ជាង ៤ ពាន់​នាក់ បាន​ចេញ​បម្រើការ​ងារ​ក្នុង​សង្គម ហើយ​​ពួកគេ​ជា​ធនធាន​មនុស្ស និង​ជា​អ្នក​ស្វែង​រក​កញ្ចប់​ជូន​សេដ្ឋកិច្ចប្រទេស។

 

គម្រោង​ប្រមូល​ថវិកា​ជួយ​កុមារ យុវជន​កម្ពុជា​​នេះ​ មាន​រយៈ​ពេល​ ១០០ ថ្ងៃ ​ពោល​គឺ​ចាប់​ពី​ថ្ងៃទី ២ ខែមិថុនា ឆ្នាំ​២០១៦ ដល់​ថ្ងៃ​ទី ៩ ខែ​កញ្ញា ឆ្នាំ២០១៦៕

​ត្រឹមម្នាក់​១០០រៀល សិស្ស​ក្រីក្រច្រើននាក់​​​​នឹង​​ទទួល​បាន​ការ​អប់រំ​ល្អ

 

​ត្រឹមម្នាក់​១០០រៀល សិស្ស​ក្រីក្រច្រើននាក់​​​​នឹង​​ទទួល​បាន​ការ​អប់រំ​ល្អកញ្ញា Laura Mam ទូតសុច្ឆន្ទៈ នៃ​យុទ្ធនាការ Mission Muoy Roy

 

 

ចុចអាន៖ ប្រាក់​ជិត​២​ម៉ឺន​ដុល្លារ​​ជូន​គន្ធបុប្ផា​ពី​ក្លឹប​អ្នក​ជិះ​កង់​ដើម្បី​សហគមន៍

 

អត្ថបទ៖ អ៊ុំ សុភក្តិ