អតីត​អ្នក​កាន់​បញ្ជី​ថា​អ្នក​ទោស​ត្រូវ​តែ​ស្លាប់​ពេល​ចូល​ដល់​គុក​ទួលស្លែង

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ចាប់​ផ្ដើម​ធ្វើ​សវនាការ​របស់​ខ្លួន​ឡើង​វិញ បន្ទាប់​ពី​បាន​ផ្អាក​ចាប់​តាំង​ថ្ងៃ​ទី​២៣ ខែ​ឧសភា មក។ សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​មិថុនា អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ស្ដាប់​សក្ខីកម្ម​សាក្សី​អតីត​ជា​អ្នក​ធ្វើ​បញ្ជី​អ្នក​ទោស​មួយ​រូប នៅ​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង ក្នុង​របប​ខ្មែរក្រហម។

អតីត​ជា​អ្នក​ធ្វើ​បញ្ជី​ឈ្មោះ​អ្នក​ទោស​នៅ​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង គឺ​លោក សួស ធី ជម្រាប​អង្គ​ជំនុំជម្រះ​សាលាដំបូង​ថា អ្នកទោស​ដែល​គេ​បញ្ជូន​ទៅ​ដល់​គុក​នោះ គឺ​លោក​សន្មត​ថា ជា​អ្នក​ត្រូវ​គេ​សម្លាប់​ទាំង​អស់៖ «តាម​ខ្ញុំ​ដឹង គឺ​កម្រ​មាន​ណាស់ ដែល​បាន​ដើរ​ចេញ​ពី​ខ្លោង​មន្ទីរ​សន្តិសុខ ស-២១ ទៅ​ផ្ទះ​វិញ។ ខ្ញុំ​សុំ​បញ្ជាក់ គឺ​អត់​មាន។ ការ​ដែល​យើង​ធ្វើ គឺ​យើង​ចេះ​ធ្វើ​ទៅ​តាម​ការងារ​យើង យើង​អត់​មាន​សិទ្ធិ​ឯ​ណា​ទៅ​គិតគូរ​អាណិត​អាសូរ​អ្នក​ទោស​ថា មូលហេតុ​អី​គេ​ចាប់​មក យើង​អត់​ហ៊ាន​និយាយ​អី​ទាំង​អស់។ ឱ្យ​តែ​អ្នក​ទោស​មក យើង​ដឹង​តែ​ខំប្រឹង​ធ្វើការ​កត់​ឈ្មោះ​អ្នកទោស​ចូល​បាន​ត្រឹមត្រូវ​តែ​ប៉ុណ្ណឹង ព្រោះ​យើង​ខិតខំ​យ៉ាង​ណា​បំពេញ​ភារកិច្ច​យើង​ឱ្យ​បាន កុំ​ឱ្យ​តែ​យើង​ខុស ដឹង​តែ​យើង​ជា​ខ្មាំង​របស់​គេ​ហើយ។ ដូច្នេះ​យើង​ធ្វើ​យ៉ាង​ណា​កុំ​មាន​កំហុស»

លោក សួស ធី ថ្លែង​ថា លោក​មិន​បាន​ដឹង​អំពី​ការងារ​សួរ​ចម្លើយ​អ្នក​ទោស​ទេ ពី​ព្រោះ​លោក​នៅ​ក្នុង​កង​ការពារ​អ្នក​ទោស ហើយ​អ្នក​សួរ​ចម្លើយ​នៅ​ក្នុង​កង​ផ្សេង​គ្នា។ លោក​ថា ការងារ​ស្នូល​របស់​លោក​គឺ​កត់ត្រា​ឈ្មោះ និង​ចំនួន​អ្នក​ទោស​ដែល​គេ​នាំ​ចូល និង​ដក​ចេញ​ពី​ទួល​ស្លែង​នោះ ឱ្យ​បាន​ត្រឹមត្រូវ​បំផុត​ដើម្បី​កុំ​ឱ្យ​ខ្លួន​ក្លាយ​ជា​អ្នក​ទោស​ដែរ។

លោក​ឱ្យ​ដឹង​ថា ការ​ដក​យក​អ្នក​ទោស​យក​ទៅ​សម្លាប់​មិន​មាន​ចំនួន​ទៀងទាត់​ទេ គឺ​អាស្រ័យ​តាម​ចំនួន​អ្នក​ទោស​ដែល​នាំ​ចូល​ច្រើន ការ​យក​ទៅ​សម្លាប់​ក៏​ច្រើន​តាម​ការ​បញ្ជា​របស់​ប្រធាន​ឈ្មោះ ហ៊ និង កាំង ហ្កេកអ៊ាវ ហៅ ឌុច៖ «ការ​ដក​អ្នក​ទោស​ចេញ គឺ ឌុច គេ​ចារ​មក​ឱ្យ ហ៊ ហើយ ហ៊ យក​ក្រដាស​ដែល​គេ​ចារ​ហ្នឹង​ប្រគល់​មក​ឱ្យ​ខ្ញុំ​ធ្វើ​បញ្ជី ដើម្បី​ដក ដើម្បី​ឱ្យ​ដឹង​ថា អ្នក​ទោស​នៅ​បន្ទប់ៗ។ ចំណារ​ដែល ឌុច ចារ​នៅ​ចុង​ក្រដាស​ហ្នឹង គេ​ដាក់ កំ កំ ​នៅ​ចុង​សន្លឹក​​ហ្នឹង គឺ ឌុច គេ​ចារ​មក។ ពាក្យ កំ គឺ​ជា​ពាក្យ​ថា កម្ទេច ហ្នឹង»

លោក សួស ធី ជា​អ្នក​ធ្វើ​បញ្ជី​អ្នក​ទោស​នៅ​គុក​ទួលស្លែង ពេញ​មួយ​របប​ខ្មែរ​ក្រហម​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។ បញ្ជី​ឈ្មោះ​អ្នក​ទោស​នៅ​គុក​ទួលស្លែង ដែល​ត្រូវ​បាន​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម យក​មក​ធ្វើ​ជា​ភស្តុតាង​កាត់​ទោស លោក ឌុច ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត នៅ​ក្នុង​សំណុំរឿង​លេខ ០០១ មាន​អ្នក​ទោស​ចំនួន​ជាង ១​ម៉ឺន ២​ពាន់​នាក់ (១២.២៧២) ត្រូវ​បាន​គេ​យក​ទៅ​សម្លាប់។ ទោះ​ជា​យ៉ាង​នេះ​ក្ដី សាក្សី សួស ធី បញ្ជាក់​ថា កុមារ​ដែល​មក​ជា​មួយ​អ្នកទោស​ជា​ឪពុក​ម្ដាយ និង​អ្នក​ទោស​សំខាន់ៗ ដែល​មាន​ឋានៈ​ខ្ពស់​ចាប់​ពី​ប្រធាន​កងពល​ទៅ លោក​មិន​បាន​កត់​ឈ្មោះ​ចូល​ក្នុង​បញ្ជី​ទេ។ កុមារ​ត្រូវ​បាន​គេ​បំបែក​មុន​ពេល​គេ​ដក​ឪពុក​ម្ដាយ​ទៅ​សម្លាប់។

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​គ្រោង​ធ្វើ​សវនាការ​សួរ​ដេញដោល​សាក្សី សួស ធី រយៈ​ពេល ៣​ថ្ងៃ​ទាក់ទង​នឹង​ការងារ​របស់​លោក​នៅ​គុក​ទួលស្លែង​នោះ។ អង្គ​ជំនុំជម្រះ​នឹង​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី​រូប​នេះ​បន្ត​ទៀត នៅ​ថ្ងៃ​សុក្រ ទី​៣ ខែ​មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។