វាត់​កន្ទុយ​​ខុស ចោល​ទាំង​មនុស្ស ចោល​ទាំង​ឥដ្ឋ​

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយការណ៍​បឋម​​ឱ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បន្ទាប់​​ពី​រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​ បាន​ក្រឡាប់ចាក់​ដុំឥដ្ឋ​រាយ​ពេញ​​ថ្នល់ និង​មនុស្ស​២​នាក់​​បាន​​រង​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ​ កើតឡើង​កាល​ពី​វេលា​ម៉ោង​០៩ និង​៤០​នាទី​ព្រឹក ​ថ្ងៃ​ទី​០៣ មិថុនា ២០១៦ ស្ថិត​ចំណុច​ស្ពាន​លី​យ៉ុ​ង​ផាត់​​ខាងកើត ក្នុងភូមិ​ព្រែក​តា​មា​ក់ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ ។

បើ​តាម​ប្រភព​ពី​តៃកុង​រថយន្ត​ ឈ្មោះ​មាត់ ត្រាង អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​មុខកំពូល​ បាន​ឱ្យ​ដឹង​ថា ក្នុង​រថយន្ត​គាត់​មាន​មនុស្ស​ជិះ​៤​នាក់ (ជាកម្មករ) រួម​ទាំង​គាត់​​ជា​​អ្ន​ក​​បើក ។ ដោយ​មាន​ដឹក​​ឥដ្ឋ​​ចេញពី​ស្រុក​មុខកំពូល ​ឆ្ពោះ​​ទៅ​​ដាក់​​ឱ្យ​ម៉ូយ​នៅ​ម្តុំ​ផ្សារ​ថ្នល់ទទឹង​ ខេត្តកំពង់ស្ពឺ ។

ក្នុង​ការធ្វើដំណើរនោះ ​​គាត់​បើក​រថយន្ត​​​នៅ​ពីក្រោយ​រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង​ទៀត​​ ។ ស្រាប់តែ​មក​ដល់​ចំណុច​​កើតហេតុ រថយន្ត​ដឹក​​ឥដ្ឋ​ខាង​មុខនោះ​​បាន​​ឈប់​​ភ្លាមៗ ដោយ​ស្ទះ​ជាមួយ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​​នៅ​​ខាង​មុខដែរ ។ ពេល​នោះ គាត់​ក៏​​គេច​ចង្កូត​កុំឱ្យ​ប៉ះ​គ្នា ស្រាប់តែ​បួង​ជ្រុល​បណ្តាល​ឱ្យ​ក្រឡាប់​តែ​ម្តង ។