កម្ពុជា​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្ដីពី​អាស៊ាន​លើក​ទី​២៦

កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្ដីពី​អាស៊ាន​លើក​ទី​២៦ នៅ​ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

នៅ​ឆ្នាំ​នេះ​ប្រទេស​ម៉ាឡេស៊ី (Malaysia) ជា​ម្ចាស់​ផ្ទះ​នៃ​វេទិកា​នេះ​ក្នុង​ទីក្រុង​កូឡាឡាំពួរ (Kuala Lumpur) ដែល​មាន​រយៈពេល ២​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា។

នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ចូល​រួម​បិទ​វេទិកា​សេដ្ឋកិច្ច​ស្ដីពី​អាស៊ាន​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​២ មិថុនា ជាមួយ​នឹង​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន ដទៃ​ទៀត​​ដែរ។

លោក​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) លោក​ថា កម្ពុជា​ត្រូវ​ជំរុញ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ប្រកប​ដោយ​សមត្ថភាព ទាំង​ជំនាញ​បច្ចេកទេស ភាសា ដើម្បី​រត់​ឲ្យ​ទាន់​នូវ​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ដែល​ជា​តម្រូវការ​ចាំបាច់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស។ លោក​បន្ត​ថា ឆ្លង​កាត់​តាម​ការ​ពិភាក្សា​រយៈពេល​ពីរ​ថ្ងៃ​ក្នុង​វេទិកា​សេដ្ឋកិច្ច​អាស៊ាន​នៅ​ទីក្រុង​កូឡាឡាំពួរ​នោះ លោក​សង្ឃឹម​ថា កម្ពុជា​នឹង​អាច​ទាក់ទាញ​វិនិយោគទុន និង​ភ្ញៀវទេសចរ​អន្តរជាតិ​បាន​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត។

តាម​រយៈ​វេទិកា​នោះ​ដែរ កម្ពុជា​ក៏​បាន​បង្កើន​មិត្តភាព​ និង​ផ្សារភ្ជាប់​ទំនាក់​ទំនង​ជាមួយ​បណ្ដា​ប្រទេស​ជា​ច្រើន​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នានា ជា​ពិសេស​​​លើ​វិស័យ​សេដ្ឋកិច្ច​ដែល​លោក ហ៊ុន សែន ចាត់​ទុក​ជា​សរសៃ​ឈាម​​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស។

ទន្ទឹម​នឹង​នេះ កម្ពុជា​ត្រូវ​ថែរក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ​សង្គម និង​សុខ​សន្តិភាព​ដើម្បី​ទាក់ទាញ​វិនិយោគ​ទុន​បរទេស​មក​វិនិយោគ​នៅ​ក្នុង​ប្រទេស​យើង​អោយ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត។

បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​ជា​ផ្លូវការ​នេះ លោក ហ៊ុន សែន ព្រម​ទាំង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ដទៃ​ទៀត​បាន​បន្ត​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី នោះ​ទៀត​ ដើម្បី​ពង្រឹង​មិត្តភាព និង​សហប្រតិបត្តិការ​ដើម្បី​ផលប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។