ល្បែងភ្នាល់​ទឹកភ្លៀង​ជា​ប្រភព​ចំណូល​របស់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ខេត្តបាត់ដំបង

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ល្បែងភ្នាល់​ទឹកភ្លៀង​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នៅក្រោយ​ផ្សារ​ភូ​ពុ​យ ឬ​ខាងក្រោយ​វត្ត​ទួល​ដូន​ប៉ុក ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ដោយ​ពុំមាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​ផ្ដើមចេញពី​ល្បែងភ្នាល់​ទឹកភ្លៀង​នេះ បាន​នាំ​ឲ្យ​កើតមាន​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម​លួច​ប្លន់ និង​អំពើហិង្សា​ក្នុង​គ្រួសារ​ជាដើម​។ មជ្ឈដ្ឋាន​ខ្លះ​សង្ស័យថា លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង ទំនង​ទទួលបាន​ផលប្រយោជន៍​ពី​មេ​ល្បែងភ្នាល់​ទឹកភ្លៀង ទើប​មិន​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ស្របតាម​គោ​លន​បាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ​ពួកគាត់​តែងតែ​ឃើញ​ក្រុមអ្នកលេង​ល្បែងភ្នាល់​ទឹកភ្លៀង​ជិះ​រថយន្ត​ទំនើបៗ​ចូលទៅ​ទីតាំង​ចាក់​ភ្នាល់ ហើយ​ឡើងលើ​ដំបូលផ្ទះ​ខ្ពស់​សម្លឹងមើល​មេឃ ហើយ​ឆ្លើយឆ្លង​គ្នា​តាម​វិទ្យុទាក់ទង​ឬ​អាយកូម​លាន់​ទ្រហឹង​។ មេ​ល្បែងភ្នាល់​ទឹកភ្លៀង​ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ​តា​ល់ ជា​ប្អូនធម៌​របស់លោក យឹម វិចិត្រ អតីត​អធិការនគរបាល​ក្រុង​បាត់ដំបង ហើយ​មានកូន​កញ្ច្រែង​រាប់សិប​កន្លែង​ចាំ​ទទួល​លុយ​ភ្នាល់​ពី​អតិថិជន ប្រមូលបាន​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយថ្ងៃៗ​។ បញ្ហា​នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះទេ ព្រោះ​ល្បែងភ្នាល់​ទឹកភ្លៀង​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។

​ប្រភពពី​អ្នក​ធ្លាប់​លេង​ភ្នាល់​ល្បែង​ទឹកភ្លៀង​បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​មាន​អតិថិជន​មកពី​គ្រប់ទិសទី ដើម្បី​ចាក់​ល្បែងភ្នាល់​ទឹកភ្លៀង​ដែល​បើក​លេង​នៅ​សង្កាត់​អូរ​ចារ មានឈ្មោះ​តា​ល់ ជា​មេ​ធំ និង​មានកូន​កញ្ច្រែង​ជាច្រើន​នាក់​។ មន្ត្រីរាជការ​ក្នុង​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា លោក ច័ន្ទ សុផល ជា​អភិបាលខេត្ត លោក ស ថេត ជា​ស្នងការ​នគរបាល​ខេត្ត ក៏ដូចជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង សុទ្ធតែ​ដឹង​យ៉ាងច្បាស់​ពី​រឿង​ឈ្មោះ​តា​ល់ បើក​ល្បែងភ្នាល់​ទឹកភ្លៀង​ទ្រ​ទ្រាយ​ធំ​នៅ​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក៏ប៉ុន្តែ​មិនឃើញ​មាន​ចំណាត់ការ​ទប់ស្កាត់​ដើម្បី​រក្សា​សន្តិសុខ​សង្គម​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់ដំបង អំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា ព្រោះ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្តបាត់ដំបង គិតតែ​ពី​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​៕

13266076_1714056185527739_5436840388174181184_n 13260211_1714056225527735_8935339300529798294_n 13319690_1714056168861074_8302104944141096961_n 13315657_1714056215527736_3126012853839905988_n