ឆ្នាំ​នេះ​ទឹក​ទន្លេ​តូច​ អ្នក​ដាំ​ម្ទេសប្លោក​ ដាំ​មិនកើត​ ​ធ្វើ​ឲ្យ​ឈ្មួញ​បង្ខំចិត្ត​ទិញ​ម្ទេស​ប្លោក​ពី​វៀតណាម

ឆ្នាំ​នេះ​ទឹក​ទន្លេ​តូច​ អ្នក​ដាំ​ម្ទេសប្លោក​ ដាំ​មិនកើត​ ​ធ្វើ​ឲ្យ​ឈ្មួញ​បង្ខំចិត្ត​ទិញ​ម្ទេស​ប្លោក​ពី​វៀតណាម



កំពង់ឆ្នាំង​ ៖ ​ប្រជាកសិករ​អ្នកធ្វើ​ចម្ការ​ដាំ​ម្ទេសប្លោក តាម​ដង​ទន្លេ និង​អ្នក​រកស៊ី​ទិញ​ម្ទេស​ប្លោក មក​ធ្វើ​ម្ទេស​ឆ្អើរ ឬ​ហៅថា​ម្ទេស​ក្រៀម បាន​និយាយ​ថា ឆ្នាំនេះ​ទឹក​តូច​បណ្ដាល​ឲ្យ​ដំណាំ​គ្រប់​ប្រភេទ របស់​ពួកគាត់​ដូចជា​ម្ទេស​ប្លោក​ ការ​ដាំដុះ​ពុំ​ទទួល​បាន​ផល​ល្អ​ឡើយ និង​ធ្វើ​ឲ្យ​ពួកគាត់​ខាតបង់ លុយ​ជាច្រើន។ ចំណែក​អ្នក​រកស៊ី​ធ្វើ​ម្ទេស​ឆ្អើរ ក្នុង​ខេត្ត​កំពង់ឆ្នាំង​​ បាន​បង្ខំចិត្ត​ទិញ​ផ្លែ​ម្ទេស​ប្លោក ពី​ប្រទេស​វៀតណាម មក​ធ្វើ​ម្ទេស​ឆ្អើរ សម្រាប់​លក់​ឲ្យ​ម៉ូយ​នៅ​ភ្នំពេញ​វិញ​។

លោក សួន សារឹម អាយុ​៥២​ឆ្នាំ រស់នៅ ភូមិ​ផ្សារ​លើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ជា​អ្នក ប្រកប​មុខរបរ​ទិញ​ម្ទេស​ប្លោក មក​ធ្វើ​ម្ទេស​ក្រៀម​ជា​រៀងរាល់​ឆ្នាំ បាន​និយាយ​ឲ្យ​ដឹង នៅ​ល្ងាច​ថ្ងៃទី​០២ ខែ​មិថុនា​នេះ​ថា ឆ្នាំនេះ​គាត់​ទិញ​ម្ទេស​ប្លោក​ធំៗ ក្នុងស្រុក​មិនបាន​ទេ ព្រោះ​ប្រជា​កសិករ​ជា​អ្នក​ដាំ​ដំណាំ​ម្ទេស​ ដាំ​មិនបាន​ផល​ល្អ​ឡើយ គឺ​ម្ទេស​ដែល​គាត់​ដាំ បាន​តូច​ៗ​ប៉ុន​មេដៃ គ្មាន​ហាងឆេង​ទេ ​​ហេតុ​នេះ​ហើយ​​​​​​​​អ្នកទិញ​ម្ទេស​ប្លោក ត្រូវ​បង្ខំចិត្ត​ទិញ​ម្ទេស​ពី ប្រទេស​វៀតណាម ដើម្បី​យក​មក​កែច្នៃ ឲ្យ​ទៅ​ជា​ម្ទេស​ក្រៀម​លក់ ឲ្យ​ម៉ូយ​នៅ​ភ្នំពេញ​វិញ​។ ប៉ុន្តែ​បើ​ឆ្នាំក្រោយ ទឹក​ល្មម​លិច​ខ្នង​កោះ​ដូច ឆ្នាំមុនៗ អ្នក​ចម្ការ​ពិតជា​ដាំ​ម្ទេស​បាន​ផល ហើយ​ពួកគាត់​មិន​ចាំ​បាច់​ទិញ​ម្ទេស​ពី វៀតណាម​ឡើយ ព្រោះថា ម្ទេស​វៀតណាម​មាន​ជីគីមី​ច្រើន និង​រសជាតិ​ម្ទេស​ហិល​ជាង មិន​ហិល​ឆ្ងាញ់​ដូច​ម្ទេស​ស្រុក ខ្មែរ​ឡើយ​។

ចំណែក​ស្ត្រី​ឈ្មោះ គឹម ដា​នី អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​កោះក្របី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ជា​ប្រជាកសិករ​អ្នក​ចម្ការ​វិញ បាន​និយាយ​ថា មូល​ហេតុ​ដែល​ពួកគាត់​ដាំ​ដំណាំ​មិនកើត​នោះ ព្រោះ​ឆ្នាំនេះ ទឹក​តូច​មិន​លិច​ខ្នង​កោះ និង​ធាតុអាកាស​ក្ដៅហែង​ខ្លាំង​ខុស​ពី​ធម្មតា និង​គ្មាន​ភ្លៀង​កក់ខែ​ផង ខុស​ពី បណ្ដា​ឆ្នាំមុនៗ រួមផ្សំ​ទាំង​កណ្ដុរ និង​ដង្កូវ​ស៊ី​បំផ្លាញ​ផង ​ធ្វើ​ឲ្យ​​​ពួកគាត់​បាន​ខាត​គ្រប់គ្នា​។ មិន​ថាឡើយ តែ​ដំណាំ​ម្ទេស​នោះ​ទេ ដំណាំ​អ្វី​ក៏​ដាំ​មិនកើត​តែ​ទាំងអស់ ខាត​ទាំង​ពូជ ខាត​ទាំង​ថ្លៃ​ជី ថ្លៃ​បូម​ទឹក និង​ថ្លៃ​ពលកម្ម​ជាដើម។

លោក ដោក ប៊ុន​ថុ​ន ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ឆ្នាំនេះ​ទឹក​មាន​កម្ពស់ ទាប​បំផុត ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក គឺ​ត្រឹមតែ ៧,២២​ម៉ែត្រ តែប៉ុណ្ណោះ ហើយ​ឆ្នាំ​ដែល​ធ្លាប់​មាន​ទឹកតូច​បែបនេះ​ដែរ គឺ​ឆ្នាំ​១៩៩៨ ទឹក​មាន​កម្ពស់​៨,០៣ ម៉ែត្រ​។ ចំណែក​ឆ្នាំ​ដែល មាន​ទឹក​ធំជាង​គេ គឺ​ឆ្នាំ ២០១១ ទឹក​មាន​កម្ពស់ ១១,៧៨ ម៉ែត្រ បើ​តាម​ធម្មតា​ទឹក​មាន​កម្ពស់ ក្រោម ១០ ម៉ែត្រ​ ឬ​លើ​១០​ម៉ែត្រ​បន្តិចបន្តួច តែ​សម្រាប់​ឆ្នាំនេះ​ទឹក​មាន​ត្រឹមតែ ៧,២២​ម៉ែត្រ គឺ​ទាប​ខ្លាំង​ណាស់ ដែល​អ្នក​រស់នៅ​តាម​ដង​ទន្លេ មិន​ធ្លាប់​ជួប​ទាល់តែសោះ រយៈពេល​ច្រើន​ឆ្នាំ​កន្លងមក៕
ឆ្នាំ​នេះ​ទឹក​ទន្លេ​តូច​ អ្នក​ដាំ​ម្ទេសប្លោក​ ដាំ​មិនកើត​ ​ធ្វើ​ឲ្យ​ឈ្មួញ​បង្ខំចិត្ត​ទិញ​ម្ទេស​ប្លោក​ពី​វៀតណាម

ឆ្នាំ​នេះ​ទឹក​ទន្លេ​តូច​ អ្នក​ដាំ​ម្ទេសប្លោក​ ដាំ​មិនកើត​ ​ធ្វើ​ឲ្យ​ឈ្មួញ​បង្ខំចិត្ត​ទិញ​ម្ទេស​ប្លោក​ពី​វៀតណាម

ឆ្នាំ​នេះ​ទឹក​ទន្លេ​តូច​ អ្នក​ដាំ​ម្ទេសប្លោក​ ដាំ​មិនកើត​ ​ធ្វើ​ឲ្យ​ឈ្មួញ​បង្ខំចិត្ត​ទិញ​ម្ទេស​ប្លោក​ពី​វៀតណាម
​ ​