ពលរដ្ឋ​ភ្ជួរ​ដី​ដាំ​ដំឡូង ប្រទះឃើញ​គ្រាប់ មិនទាន់​ផ្ទុះ​ចំនួន ៣០ គ្រាប់

ពលរដ្ឋ​ភ្ជួរ​ដី​ដាំ​ដំឡូង ប្រទះឃើញ​គ្រាប់ មិនទាន់​ផ្ទុះ​ចំនួន ៣០ គ្រាប់



សៀមរាប ​៖ ​ពលរដ្ឋ​ភ្ជួរ​ដី​ដាំ​ដំឡូង បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន ៣០ គ្រាប់ ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម នៅ​ក្នុង​ចម្ការ​របស់​ខ្លួន រួច​ក៏បាន​រាយការណ៍ ទៅ​សមត្ថកិច្ច ឃុំ​ខ្វាវ ដើម្បី​ជួយ​អន្តរាគមន៍។

ការ​ប្រទះឃើញ​នេះ គឺ​នៅវេលា​ម៉ោង ៩ ព្រឹក ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០១៦ នៅ ចំណុច​ខាងជើង​ភ្នំ​ខ្សាក ភូមិសាស្ត្រ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​។

លោក​វរសេនីយ៍ត្រី​ សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្រុក​ជីក្រែង បាន​ឲ្យ​ដឹង នា​រសៀល​ថ្ងៃទី ០២ ខែមិថុនា​ថា ម្ចាស់​ចម្ការ មានឈ្មោះ ញ៉ូ​វ ព្រិច ភេទ​ប្រុស រស់នៅ​ភូមិ​ខ្វាវ ឃុំ​ខ្វាវ បាន​ទៅ​ភ្ជួរ​ដី​ដាំដំឡូង នៅ​ចំណុច​ខាងជើង​ភ្នំ​ខ្សាក​ភូមិសាស្ត្រ ឃុំ​ខ្វាវ ហើយ​ក៏បាន​ប្រទះឃើញ​គ្រាប់​ចំនួន ៣០ គ្រាប់​មាន​ដូចជា​គ្រាប់ B៤០ កន្លះ​ចំនួន ២១ គ្រាប់ និង​គ្រាប់ ៦២ ចំនួន ៩ គ្រាប់។ បន្ទាប់មក ក៏បាន​ទាក់ទង​អង្គភាព​ស៊ីម៉ាក់ ដើម្បី​យក​ទៅ​កម្ទេច​ចោល។ លោក​បន្ត​ថា បើ​តាម​ការសាកសួរ ម្ចាស់​ចម្ការ បាន​ប្រាប់​ថា​ ចម្ការ​របស់​គាត់ មិនដែល​បង្កបង្កើនផល​ដំណាំ​អ្វី​នោះ​ទេ គាត់​ទុកចោល​តាំងពី​សម័យ​សង្គ្រាម​មក​ម្ល៉េះ ហើយ​នៅ​ពេល​ភ្ជួរ ស្រាប់តែ​ប្រទះឃើញ​គ្រាប់​ជាច្រើន​គ្រាប់​តែ​ម្តង។ លោក​បន្ថែម​ថា បច្ចុប្បន្ន​ខាង​អង្គភាព​ស៊ីម៉ាក់ បាន​ចុះ​មក​ប្រមូល​ដើម្បី​យក​ទៅ​កម្ទេច​ចោល៕
ពលរដ្ឋ​ភ្ជួរ​ដី​ដាំ​ដំឡូង ប្រទះឃើញ​គ្រាប់ មិនទាន់​ផ្ទុះ​ចំនួន ៣០ គ្រាប់