ឃាត់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ និង​ដកហូត​លុយកាក់​យ៉ាង​ច្រើន​

ឃាត់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ និង​ដកហូត​លុយកាក់​យ៉ាង​ច្រើន​



បាត់ដំបង​ ៖ ​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ជា​មុខសញ្ញា​ដ៏​សំខាន់ ក្នុង​ករណី​ចែកចាយ​គ្រឿងញៀន ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ចុះ​ក្រសោប​បាន​ទាំង​សំបុក ព្រមទាំង​បាន​ដកហូត​នូវ​វត្ថុតាង​ជាច្រើន​ផង​ដែរ ខណៈ​ដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព ជាក់​ស្តែង​នៅ​ក្នុង​មូលដ្ឋាន។

យោង​តាម​របាយការណ៍ ក្នុង​កិច្ចប្រតិបត្តិការ ដែល​ដឹកនាំ​កម្លាំង​ដោយ លោក មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ក្រុង សំ វិ​ឡុង បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង ៥ និង​៣០ នាទី ល្ងាច​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ឡឥដ្ឋ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង គឺ​កម្លាំង បាន​ចុះ​ធ្វើការ​ឡោមព័ទ្ធ មុខសញ្ញា​សង្ស័យ​ចំនួន​៣​នាក់ បន្ទាប់ពី​លោក​មេបញ្ជាការ​ទទួល​បាន​នូវ សេចក្តី​រាយការណ៍​រួចមក​។ នៅ​ពេល​កម្លាំង​ចុះទៅ​ដល់ ត្រង់​ចំណុច​ខាងលើ ក៏បាន​ប្រទះឃើញ​ជន​ទាំង​នេះ​កំពុង​ប្រព្រឹត្ត​នូវ​បទល្មើស​ជាក់ស្តែង ទើប​កម្លាំង​ធ្វើការ​ឃាត់ខ្លួន និង​នាំ​យក​ទៅកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដើម្បី​សាកសួរ។ ពួកគេ​មានឈ្មោះ​១. ថាប់ សា​វីត ភេទ​ប្រុស អាយុ​១៨ ឆ្នាំ រស់នៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ២.​ឈ្មោះ សេង វណ្ណា​រ៉ា ហៅទូភេទ​ប្រុស អាយុ​២៧ ឆ្នាំ រស់នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង និង​៣.​ឈ្មោះ មាស សា​វន ភេទ​ស្រី អាយុ ៣១ ឆ្នាំ រស់នៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ។

នៅ​ក្នុង​កិច្ចប្រតិបត្តិការ​នេះ កងកម្លាំង​បាន ធ្វើការ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ០២​កញ្ចប់ ស្មើនឹង​ទម្ងន់​៣,០៤​ក្រាម ​ជញ្ជីង​ថ្លឹង​ថ្នាំញៀន០១​លុយ​ខ្មែរ ២,៣៥០០០០ រៀល លុយ​ដុល្លារ ១៩៥ដុល្លារ លុយ​បាត៤,៤៥០ បាត កាបូប​លុយ​តូច​១​ កាបូប​លុយ​ធំ​១ទូរស័ព្ទ​១ គ្រឿង ព្រមទាំង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​ទៀត។

បច្ចុប្បន្ន ជនសង្ស័យ​រួម និង​វត្ថុតាង​ ត្រូវ​បាន​ឃាត់ និង​រក្សាទុក​ដើម្បី​បញ្ជូន​ទៅកាន់​ទី​បញ្ជា​ការដ្ឋាន​កង​រាជអាវុធហត្ថ​ខេត្ត ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕
ឃាត់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ និង​ដកហូត​លុយកាក់​យ៉ាង​ច្រើន​