នគរបាល​ចុះ​បង្ក្រាប​បាន​ជនសង្ស័យ​ចំនួន ២ នាក់​ កំពុង​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម

នគរបាល​ចុះ​បង្ក្រាប​បាន​ជនសង្ស័យ​ចំនួន ២ នាក់​ កំពុង​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម



បន្ទាយមានជ័យ​ ៖ ​នៅ​វេលា​ម៉ោង​៦​ល្ងាច ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៦ កម្លាំង​ការិយាល័យ​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន ​បាន​សហការ ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​អូរ​អំបិល ​​​​ចុះ​ល្បាត​ដល់​ចំណុច​ផ្លូវ​ឡើង​វត្ត​ចម្ការ​ខ្នុរ ស្ថិត​ក្នុង​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ​រួច​ក៏​បាន​ប្រទះឃើញ​មុខសញ្ញា​សង្ស័យ នៅ​ក្នុង​ផ្ទះ​របស់​ឈ្មោះ ឈឹម ប៊ឹ​ម ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ស្ថិតនៅ​ក្បែរ​របង​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​។

នគរបាល បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២ នាក់ និង​ធ្វើការ​ត្រួតពិនិត្យ នៅ​ក្នុង​ខ្លួន​ជន​សង្ស័យ ​​បាន​រក​ឃើញ​ថ្នាំ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម្សៅ​ក្រាម​ចំនួន ១ ថង់​តូច ទម្ងន់ ៣,២​ ក្រាម កូនជញ្ជីង​ថ្លឹង​១ ទែរម៉ូមែត្រ​ចំនួន​៧ ដែកកេះ​៤ ដប​ច្នៃ ១ ​រួច​ក៏​បញ្ជូន​ជនសង្ស័យ​ទាំង ២ នាក់​ខាងលើ មក​ស្នងការ​ដើម្បី​សាកសួរ​បន្ត។

លោក​វរសេនីយ៍ឯក ចាប សុ​ផា​រិ​ទ្ធ ស្នងការ​រង​ខេត្ត​បន្ទាយមានជ័យ ទទួលបន្ទុក​គ្រឿងញៀន និង​អនីតិជន បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង ២ នាក់​មាន ១. ឈ្មោះ ឈឹម ប៊ឹ​ម ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ​និស្សិត រស់នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ទី ២. ​ឈ្មោះ ដែន សុ​ផែន ភេទ​ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ​អ្នក​រត់ម៉ូតូឌុប រស់នៅ​ក្នុង​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។

លោក ចាប សុ​ផា​រិ​ទ្ធ បាន​បញ្ជាក់​ទៀត​ថា យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ម្នាក់ ឈ្មោះ ឈឹម ប៊ឹ​ម បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ថ្នាំញៀន​យក​ទៅ​ចែកចាយ​ឲ្យ​បក្ខពួក ក្នុង​ភូមិ​សម្រាប់​យក​ទៅ​ជក់​បន្ត​ពិត​ប្រាដក​មែន។ ក្រោយពី​បាន​ចម្លើយ​សារភាព​ហើយ ជនសង្ស័យ​ទាំង ២ នាក់ ត្រូវ​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់៕
នគរបាល​ចុះ​បង្ក្រាប​បាន​ជនសង្ស័យ​ចំនួន ២ នាក់​ កំពុង​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម