ប្រធាន​មណ្ឌល​សុខភាព​នៅ​ខេត្ត​កំពង់ធំ​រង​ការ​ចោទ​ថា​រំលោភ​យក​ដី​មណ្ឌល​សុខភាព

ប្រជាពលរដ្ឋ​នៅ​ឃុំ​សាលាវិស័យ ស្រុក​ប្រាសាទបល្ល័ង្គ ខេត្ត​កំពង់ធំ ចោទ​ប្រធាន​មណ្ឌល​សុខភាព​សាលាវិស័យ​ថា បាន​ធ្វើ​ផ្ទះ​រំលោភ​យក​ចំណែក​ខ្លះ​នៃ​ដី​មណ្ឌល​សុខភាព​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។ បញ្ហា​នេះ ពួកគេ​បារម្ភ​ខ្លាច​បាត់បង់​ដី​នោះ​នៅ​ថ្ងៃ​អនាគត។ ចំណែក​ក្រុម​គ្រួសារ​ប្រធាន​មណ្ឌល​សុខភាព​អះអាង​ថា ខ្លួន​មិន​បាន​សាងសង់​ផ្ទះ​រំលោភ​លើ​ដី​មណ្ឌល​សុខភាព​ឡើយ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​ប្រាសាទបល្ល័ង្គ ស្នើ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ ស្រាវជ្រាវ​ជុំវិញ​ករណី​ប្រធាន​មណ្ឌល​សុខភាព​សាលាវិស័យ ធ្វើ​ផ្ទះ​នៅ​ក្នុង​បរិវេណ​ដី​មណ្ឌល​សុខភាព។ ពលរដ្ឋ​បារម្ភ​ថា ប្រសិនបើ​មិន​មាន​ការ​ទប់ស្កាត់ ថ្ងៃ​ក្រោយ​ទៅ​នឹង​អាច​ធ្វើ​ឱ្យ​បាត់បង់​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ជាក់​ជា​មិន​ខាន។

ពលរដ្ឋ​រស់​នៅ​ឃុំ​ទួលគ្រើល ជាប់​គ្នា​នឹង​ឃុំ​សាលា​វិស័យ​ម្នាក់ លោក ថៃ ធីម ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បី​ឃុំ នៅ​ក្នុង​ស្រុក​ប្រាសាទបល្ល័ង្គ តែង​នាំ​គ្នា​មក​ព្យាបាល និង​ពិនិត្យ​សុខភាព​នៅ​មណ្ឌល​សុខភាព​សាលា​វិស័យ។ លោក​បន្ត​ថា ថ្មីៗ​នេះ ពលរដ្ឋ​ជា​ច្រើន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ទង្វើ​របស់​ប្រធាន​មណ្ឌល​សុខភាព លោក លឹម ស្រ៊ុន ដែល​បាន​យក​ដី​បរិវេណ​មណ្ឌល​សុខភាព​ធ្វើ​ផ្ទះ​ថ្ម​ថ្មី ហើយ​អាច​កសាង​សម្រាប់​រក​ស៊ី​ផ្ទាល់​ខ្លួន​ថែម​ទៀត៖ «គាត់​អត់​មាន​បាន​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​អី​ទេ ព្រោះ​ថា ដី​ហ្នឹង​គាត់​បើក​ជា​គ្លីនិក​ជា​លក្ខណៈ​គ្រួសារ​របស់​គាត់»

​ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ កើត​ឡើង​ក្រោយ​ពេល​ប្រធាន​មណ្ឌល​សុខភាព​សាលា​វិស័យ​លោក លឹម ស្រ៊ុន បាន​កសាង​ផ្ទះ​ថ្ម​យ៉ាង​មាំ​ប្រមាណ​ជាង ១​ខែ​មក​ហើយ បន្ថែម​លើ​ផ្ទះ​ឈើ​ចាស់​ដែល​ខ្លួន​បាន​កសាង​ពី​មុន​មក​នៅ​ក្នុង​បរិវេណ​មណ្ឌល​សុខភាព​នោះ។

ទាក់ទង​បញ្ហា​នេះ ប្រធាន​មណ្ឌល​សុខភាព​សាលាវិស័យ លោក លឹម ស្រ៊ុន មិន​បាន​ឆ្លើយ​តប​យ៉ាង​ណា​ឡើយ ដោយ​ទូរស័ព្ទ​ចូល​ហើយ​លោក​ចុច​បិទ​ទៅ​វិញ។

​ទោះ​ជា​យ៉ាង​ណា ប្រពន្ធ​លោក លឹម ស្រ៊ុន អ្នកស្រី ហម រ៉ាន់ បញ្ជាក់​ថា ក្រុម​គ្រួសារ​អ្នកស្រី​មិន​បាន​សាងសង់​ផ្ទះ​រំលោភ​លើ​ដី​មណ្ឌល​សុខភាព​ទេ ប៉ុន្តែ​ជា​ដី​ចំណី​ផ្លូវ​នៅ​ខាង​មុខ​ទីស្នាក់ការ​មណ្ឌល​សុខភាព​ប៉ុណ្ណោះ។ អ្នកស្រី​ថា មូលហេតុ​ក្រុម​គ្រួសារ​អ្នកស្រី​ធ្វើ​ផ្ទះ​ថ្មី គឺ​ដោយសារ​ផ្ទះ​ចាស់​ពុក​ផុយ ម្យ៉ាង​មិន​មាន​លំនៅឋាន​ត្រឹមត្រូវ​នៅ​ឡើយ ដោយ​មិន​បាន​កសាង​ជា​គ្លីនិក​ឯកជន​ទេ ពោល​គឺ​សម្រាប់​រស់​នៅ និង​លក់​ថ្នាំពេទ្យ​ខ្លះ​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត ក្រុម​គ្រួសារ​អ្នកស្រី​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ស្រុក និង​សុរិយោដី​ស្រុក ថា​ប្រសិនបើ​រដ្ឋ​ត្រូវ​ការ​ពង្រីក​ផ្លូវ​ពេល​ណា គ្រួសារ​គាត់​នឹង​ប្រគល់​ជូន​រដ្ឋ​វិញ ដោយ​មិន​ទាមទារ​សំណង​ទេ៖ «នៅ​តែ​បណ្ដោះអាសន្ន​ទេ ព្រោះ​ថា ដី​ពេទ្យ​នៅ​ក្រោយ​នាង​ខ្ញុំ នៅ​លើ​ដី​ចំណី​ផ្លូវ។ នៅ​ពេល​រដ្ឋ​ត្រូវការ​ថ្មើរ​ណា រដ្ឋ​ឈូស​ឆាយ​ក៏​ឈូស​ឆាយ​ទៅ»

ដី​មណ្ឌល​សុខភាព​សាលាវិស័យ​មាន​ទំហំ​ទទឹង ៧០​ម៉ែត្រ និង​បណ្ដោយ ១០០​ម៉ែត្រ។

​អាជ្ញាធរ​ឃុំ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា នៅ​បរិវេណ​ខាង​មុខ​មណ្ឌល​សុខភាព គឺ​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​អាច​យក​ធ្វើ​ផ្ទះ ឬ​រោង​បាន​ទេ លើកលែង​តែ​ក្រុម​គ្រួសារ​ប្រធាន​មណ្ឌល​សុខភាព​ដែល​អាច​ធ្វើ​ផ្ទះ និង​លក់​ទំនិញ ពិសេស​លក់​ថ្នាំពេទ្យ​បាន។ ប្រភព​រូប​នេះ បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​តែង​ជំទាស់​ចំពោះ​ការ​យក​ដី​មណ្ឌល​សុខភាព​ធ្វើ​ជា​កម្មសិទ្ធិ ប៉ុន្តែ​រាល់​ការ​សម្រេច​ គឺ​អាជ្ញាធរ​ស្រុក​ជា​អ្នក​ចាត់ចែង។ លោក​ថា ក្រុម​គ្រួសារ​ប្រធាន​មណ្ឌល​សុខភាព មាន​ផ្ទះ​ពីរ​កន្លែង​នៅ​ក្នុង​ខេត្ត​កំពង់ធំ រួច​ទៅ​ហើយ មិន​មែន​ដូច​ការ​លើក​ឡើង​ថា គ្មាន​ផ្ទះ​នោះ​ទេ៖ «ដូច​កន្លង​មក​យើង​ដឹង​ស្រាប់​ហើយ​ពាក្យ​ថា សិនៗ ហ្នឹង​គឺ​សិន​មែន​ទែន​ហ្នឹង​ឯង»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍​ថា ដី​សាធារណៈ​របស់​រដ្ឋ គឺ​មិន​អាច​បុគ្គល​ណា​ម្នាក់​រំលោភ​យក​បាន​ទេ ប៉ុន្តែ​លោក​បារម្ភ​ខ្លាចក្រែង​ជញ្ជីង​យុត្តិធម៌ គ្មាន​ភាព​ត្រឹមត្រូវ នៅ​ពេល​កើត​មាន​ការ​តវ៉ា​ឡើង។ លោក​មើល​ឃើញ​ថា ប្រសិនបើ​មាន​ការ​រំលោភ​យក​ដី​របស់​រដ្ឋ​បែប​នេះ ប្រាកដ​ជា​បង្កើត​ឱ្យ​មាន​ទំនាស់​ផល​ប្រយោជន៍​ជាក់​ជា​មិន​ខាន។

លោក​យល់​ថា ដើម្បី​ជៀសវាង​នាំ​ឱ្យ​រឿង​នេះ កាន់​តែ​វែងឆ្ងាយ និង​ស្មុគស្មាញ​ថែម​ទៀត​នោះ អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ចំណាត់​ការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​មិន​ឱ្យ​មាន​សកម្មភាព​កាន់កាប់ ឬ​រំលោភ​យក​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។