ចាប់ពី​ថ្ងៃ​ទី​2 ឧសភា តម្លៃ​ប្រេងឥន្ធនៈ​បាន​បន្ដ​ឡើងថ្លៃ​មួយ​កម្រិត​បន្ថែម​ទៀត

រាជធានី​ភ្នំពេញ ៖ តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​១១ មិថុនា ខាង​មុខ បាន​ឡើងថ្លៃ​៥០​រៀល​សម្រាប់​ប្រេងម៉ាស៊ូត ពី​៣.០៥០​រៀល​ដល់​៣.១០០​រៀល និង​សាំង​ធម្មតា​ពី​៣.៤០០​រៀល​ដល់​៣.៤៥០​រៀល​ក្នុង​១​លី​ត្រ ។ ដោយឡែក សាំង​ស៊ុប​ពែរ​បាន​ឡើងថ្លៃ​១០០​រៀល ពី​៣.៤៥០​រៀល​ដល់​៣.៥៥០​រៀល​ក្នុង​១​លី​ត្រ ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​២ មិថុនា ម្សិលមិញ ។

តាម​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​កោះសន្ដិភាព​ថា ៖ « ការ​ឡើង​ចុះ​តម្លៃ​ប្រេង​នៅ​ពេល​បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម​ធ្វើការ​គណនា​តាម​រូបមន្ត​កំណត់​ថ្លៃ​ប្រេង​ដូច​ៗ​គ្នា​សម្រាប់​ក្រុមហ៊ុន​ប្រេង​កម្ពុជា ។ ចំណែក​តម្លៃ​ប្រេង​លក់​នៅ​កម្ពុជា​ឡើងថ្លៃ​នៅ​ពេល​នេះ ដោយសារ​តម្លៃ​ប្រេង​ដែល​កម្ពុជា​នាំ​ចូល​មក​ពី​ប្រទេស​សិង្ហ​បុរី​មានការ​ឡើងថ្លៃ ហើយ​ការ​ឡើងថ្លៃ​ប្រេង​នៅ​ពេល​នេះ​ពិតជា​ធ្វើ​អ្នក​ប្រើប្រាស់​មិនសូវ​សប្បាយចិត្ត​នោះ​ទេ ព្រោះ​គិត​ថា នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រក​ចំណូល​ប្រចាំ​របស់​ពួក​គាត់ » ។

សេចក្តីជូនដំណឹង​ឲ្យ​ដឹង​ថា តាម​ប្រកាស​អន្តរក្រសួង ដែល​មាន​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ​និង​ថាមពល ស្តី​ពី​ការ​កំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា លេខ​០៩៨ ព​ណ​.​អ​វ​ឯ​.​ប្រក ចុះ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៦ ក្រសួងពាណិជ្ជកម្ម​បាន​ជូនដំណឹង​ដល់​គ្រប់​ស្ថាប័ន​ប្រេងឥន្ធនៈ​ទាំង​អស់​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​១១ មិថុនា ប្រេងសាំង​ស៊ុប​ពែរ​មាន​តម្លៃ​៣.៥៥០​រៀល ប្រេងសាំង​ធម្មតា​៣.៤៥០​រៀល ប្រេងម៉ាស៊ូត​៣.១០០​រៀល​ក្នុង​១​លី​ត្រ ។

ដោយឡែក​ទីផ្សារ​ប្រេង​អន្តរជាតិ បើ​យោង​តាម​ការ​គណនា​របស់​អង្គការ​ប្រេង​OPEC ឲ្យ​ដឹង​ថា តម្លៃ​ប្រេង​ឆៅ​ទាំង​១៣​ប្រទេស​ដែល​ជា​សមាជិក​របស់​OPEC កាលពី​ថ្ងៃ​ទី​១ មិថុនា មាន​តម្លៃ​៤៤,៦៨​ដុល្លារ​ក្នុង​១​បារ៉ែល ធ្លាក់​ចុះ​១​ដុល្លារ បើ​ធៀប​នឹង​ថ្ងៃ​ទី​៣១ ឧសភា មាន​តម្លៃ​៤៥,១៥​ដុល្លារ​ក្នុង​១​បារ៉ែល ។

គួរ​បញ្ជាក់​ថា កម្ពុជា​បាន​នាំ​ចូល​ប្រេង​ពី​ប្រទេស​វៀតណាម សិង្ហ​បុរី និង​ប្រទេស​ថៃ ខណៈ​ដែល​ប្រេង និង​ឧស្ម័ន​របស់​ខ្លួន នៅ​មិន​ទាន់​ធ្វើ​អាជីវកម្ម​បាន​នៅឡើយ ។
នៅ​ក្នុង​ឆ្នាំ​២០១៥ កម្ពុជា​បាន​នាំ​ចូល​ប្រេងឥន្ធនៈ​ចំនួន​២,៥៥​លាន​តោន កើនឡើង​៦៤% ពី​១,៥៥​លាន​តោន​កាលពី​ឆ្នាំ​២០១៤ ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម ។

យ៉ាងណា​ក៏​ដោយ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ កម្ពុជា​នឹង​មាន​រោងចក្រ​ចម្រាញ់​ប្រេងកាត​របស់​ខ្លួន​នៅ​ចុងឆ្នាំ​២០១៨​ខាង​មុខ​នេះ ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន ភេ​ត្រូ​ខេ​មី​ខ​ល ខូ​អិ​ល​ធី​ឌី (CPC) ជាមួយ​ក្រុមហ៊ុន CNPC Northeast Refining & Chemical Engineering របស់​ប្រទេស​ចិន ។

រោងចក្រ​ចម្រាញ់​ប្រេងកាត​នេះ ជា​គម្រោង​វិនិយោគ​លើ​វិស័យ​ប្រេងឥន្ធនៈ​ប្រកបដោយ​មហិច្ឆតា​តែ​មួយ​គត់ មិន​ធ្លាប់​មាន​ពី​មុន​នៅ​កម្ពុជា​គិត​មក​ដល់​ពេល​នេះ នឹង​ត្រូវ​ប្រើ​ទឹកប្រាក់​បណ្តាក់ទុន​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ នៅ​ពេល​សាងសង់​រួច​ជា​ស្ថាពរ​ហើយ​ដំណើរការ​ពេញ​សមត្ថភាព រោងចក្រ​នេះ​អាច​ផលិត​ប្រេង​បាន​៥​លាន​តោន​ក្នុង​១​ឆ្នាំ ៕