អាស៊ាន​ត្រូវ​ពង្រឹង​ភាព​ជា​ដៃគូ​ដើម្បី​ទប់ស្កាត់​ការ​ប្រឈម​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក

រាជធានី​ភ្នំពេញ ៖ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​២៥ ស្តី​ពី​អាស៊ាន បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​បរិបទ​មួយ​ដែល​អាស៊ាន​បាន​ប្រែក្លាយ​ខ្លួន​ទៅ​ជា​សហគមន៍​អាស៊ាន​ជា​ផ្លូវការ​កាលពី​ចុងឆ្នាំ​២០១៥ ។ អាស៊ាន​ជា​សហគមន៍​ដែល​មាន​ប្រជាជន​រួម​គ្នា​ប្រមាណ​៦៣០​លាន​នាក់ និង​ជាទី​ផ្សារ​ដ៏​សំខាន់​បំផុត​មួយ​របស់​ពិភពលោក​។ បច្ចុប្បន្ន តំបន់​អាស៊ាន​បាន​និង​កំពុង​រីក​លូតលាស់ ធ្វើ​នគរូបនីយកម្ម និង​ឱបក្រសោប​យក​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ ។ ទោះបី​យ៉ាងណា អាស៊ាន​ក៏​មានការ​ព្រួយបារម្ភ​ផង​ដែរ​ថា នឹង​ត្រូវ​ប្រឈម​បញ្ហា​សំខាន់​ៗ​ដូច​ជា ការ​ធ្លាក់​ចុះ​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក ការ​ប្រែប្រួល​ភូមិសាស្ត្រ​នយោបាយ សេដ្ឋកិច្ច​ពិភពលោក និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​សមាហរណកម្ម​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ជាដើម ។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​២៥ ស្តី​ពី​អាស៊ាន ក្រោម​ប្រធានបទ « ការ​រៀបចំ​របៀបវារៈ​អាស៊ាន​សម្រាប់​ប្រជាជន​ទាំងអស់ និង​ការ​រីក​ចម្រើន » ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី លោក នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី ណា​ជីប រ៉ា​ហ្សា​ក់ មាន​ប្រសាសន៍​ថា ៖ « បញ្ហា​ប្រឈម​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក អាស៊ាន​ត្រូវ​តែ​ពង្រឹង​នូវ​ភាព​ជា​ដៃគូ​ផ្ទៃក្នុង​ដ៏​រឹង​មាំ ដើម្បី​ឈាន​ទៅ​ទប់ស្កាត់​ការ​ប្រឈម​នៃ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ក្នុង​នោះ​ត្រូវ​រួម​គ្នា​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ និង​ការ​ពង្រឹង​ស្ថាប័ន​របស់​ខ្លួន ពិសេស​ផ្តល់​នូវ​ជំនឿ​ទុកចិត្ត​ដល់​ធុរជន ដែល​ពាក់ព័ន្ធ​ទៅ​នឹង​កំណើន​ចីរភាព​សេដ្ឋកិច្ច » ។

លោក​បាន​បន្ត​ថា ៖ « នៅ​ក្នុង​កិច្ច​ពិភាក្សា​របស់​យើង​រយៈពេល​២​ថ្ងៃ​ទៅ​មុខ យើង​នឹង​ពិតជា​រក​ឃើញ​នូវ​ចំណុច​ល្អ​ៗ​ក្នុង​ការ​លើកកម្ពស់​កំណើន​និង​ការ​ធ្វើ​ឲ្យ​មានគុណ​ភាព​នៃ​អនុ​ផល​» ។

ជាមួយ​គ្នា​នេះ លោកនាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ក៏​បាន​ផ្តល់​នូវ​ចំណុច​គន្លឹះ​មួយ​ចំនួន​ក្នុង​ការ​រួម​គ្នា​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​របស់​តំបន់ និង​បាន​លើក​ឡើង​ពី​បទ​ពិសោធន៍​មួយ​ចំនួន​ដែល​ប្រទេស​ម៉ា​ឡេ​ស៊ី​សម្រេច​បាន​ក្នុង​រយៈពេល​កន្លង​មក ។ ទន្ទឹម​នឹង​នោះ​ដែរ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​លើក​ឡើង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជំរុញ​ពី​ការ​ធ្វើ​សមាហរណកម្ម​វ័យក្មេង ដើម្បី​ឲ្យ​អាស៊ាន​មានការ​រីក​ចម្រើន​ឲ្យ​បាន​៥% សម្រាប់​បណ្តា​ឆ្នាំ​ខាង​មុខ ។

នៅ​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ថ្លែង​ពី​បទ​ពិសោធន៍​នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុង​ក្រោយ ដែល​មាន​អា​ត្រា​កំណើន​៧%​ផង​ដែរ ៕