ម៉ា​កាវ​ប្រកាស​ពី​ប្រាក់​ចំណូល​លេងល្បែង​ធ្លាក់​ចុះ​9,6% ក្នុង​ខែឧសភា

ប្រទេស​ម៉ា​កាវ ៖ ទីក្រុង​ម៉ា​កាវ ជាទី​ក្រុង​ដែល​មាន​កាស៊ីណូ​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក បាន​ប្រកាស​ថា ប្រាក់​ចំណូល​បាន​ពី​ការ​លេងល្បែង​របស់​ខ្លួន​បាន​ធ្លាក់​ចុះ​៩,៦%​​នៅ​ខែឧសភា ដែល​បាន​បន្ត​ធ្លាក់​ចុះ​ពី​ខែ​មុន​ផង​នោះ ដោយសារ​តែ​ក្រុម​អ្នកលេង​ល្បែង​មានទ្រព្យ​សម្បត្តិ មិន​ទៅ​លេងល្បែង​នៅ​ក្នុង​ទីក្រុង​ចិន​ភាគ​ខាងត្បូង​នេះ ។

ការ​ធ្លាក់​ចុះ​នៅ​ក្នុង​ខែឧសភា​នេះ គឺជា​ការ​ធ្លាក់​ចុះ​លើក​ទី​២៤ សម្រាប់​អតីត​អាណានិគម​ព័រ​ទុ​យ​ហ្គា​ល់​មួ​យ​នេះ ។ ប្រាក់​ចំណូល​បាន​ធ្លាក់​ចុះ​ពាក់កណ្តាល​ក្នុង​រយៈពេល​២​ឆ្នាំ​មុន និង​ជា​ការ​ធ្លាក់​ចុះ​ទាប​ដែល​មិន​ធ្លាប់​មាន​សម្រាប់​រយៈពេល​៥​ឆ្នាំ ។

យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​ថា ប្រាក់​ចំណូល​ដែល​បាន​ពី​ការ​លេងល្បែង​បាន​ធ្លាក់​ចុះ​៩,៦% ស្មើនឹង​ទឹកប្រាក់​ចំនួន​២,៣​ប៊ី​លាន​ដុល្លារ ។ តួលេខ​នេះ​ខុស​ពី​ការ​រំពឹង​ទុក​របស់​ក្រុម​អ្នកវិភាគ ក្នុង​អត្រា​ត្រឹមតែ​៦%-៧% ប៉ុណ្ណោះ ។ 

គួរ​បញ្ជាក់​ថា សេដ្ឋកិច្ច​របស់​ម៉ា​កាវ​បាន​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​ទៅ​លើ​កាស៊ីណូ ដែល​វា​បាន​ផ្តល់​ប្រាក់​ចំណូល​៨០% នៃ​ប្រាក់​ចំណូល​របស់​រដ្ឋាភិបាល ។ កំណើន​សេដ្ឋ​-​កិច្ច​នៅ​ក្នុង​ទីក្រុង​ម៉ា​កាវ​បាន​ធ្លាក់​ចុះ​១៣% នៅ​ក្នុង​ត្រីមាស​ទី​១ ។ នេះ​បើ​តាម​របាយ​-​ការណ៍​របស់​រដ្ឋាភិបាល​បានឱ្យ​ដឹង​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ។

ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​កណ្តាល​នៅ​ទីក្រុង​ប៉េ​កាំ​ង និង​មន្ត្រី​រដ្ឋាភិបាល​ក្នុងស្រុក​បាន​ជំរុញ​ដល់​ប្រតិបត្តិ​ករ​កាស៊ីណូ​មួយ​ចំនួន​ដូច​ជា Sands China, Wynn Macau, MGM China, Galaxy Entertainment, SJM Holdings និង Melco Crown ពង្រីក​បន្ថែម​ទៀត​នូវ​ការ​ផ្តល់​ជូន​សេវាកម្ម​កាស៊ីណូ​ឲ្យ​ក្លាយជា​ការ​ផ្តល់​ជូន​បែប​លក្ខណៈ​ទេស​ចរណ៍។

ខណៈ​ដែល​ប្រាក់​ចំណូល​បាន​ធ្លាក់​ចុះ អ្នកជំនាញ​ឧស្សាហកម្ម​ជា​ច្រើន​ជឿជាក់​ថា ស្ថានភាព​អាក្រក់​នេះ​វា​បាន​កន្លង​ហួស​ទៅ​ហើយ ប៉ុន្តែ​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​នៅ​តែ​បន្ត​នា​ពេល​ខាង​មុខ ដែល​វា​អាច​នឹង​រើប​ឡើង​វិញ​ក្នុង​រយៈពេល​ដ៏​លឿន ។

លោក Vitaly Umansky អ្នកវិភាគ​នៅ​ទីក្រុង​ហុងកុង បាន​ឲ្យ​ដឹង​ថា ៖ « នៅ​ក្នុង​រយៈពេល​វែង​ពួក​យើង​ជឿជាក់​ថា ម៉ា​កាវ​ពិតជា​អាច​ធ្វើ​ឲ្យ​តម្រូវការ​ទេសចរណ៍​របស់​ប្រជា​ជន​ចិន​កើនឡើង​ជាក់​ជា​មិន​ខាន » ៕