សេដ្ឋកិច្ច​អូស្ត្រាលី​កើនឡើង​3,1% ក្នុង​ត្រីមាស​ទី​1

ប្រទេស​អូស្ត្រាលី ៖ សេដ្ឋកិច្ច​អូស្ត្រាលី​មាន​កំណើន​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត​សម្រាប់​ត្រីមាស​ទី​១​នេះ ស្រប​នឹង​កំណើន​ប្រចាំឆ្នាំ​មាន​ល្បឿន​លឿន​បំផុត​ក្នុង​រយៈពេល​៣​ឆ្នាំ​កន្លង​មក ដែល​ធ្វើ​ឲ្យ​ធនាគារកណ្តាល​ផ្អាក​ការ​ប្រជុំ​របស់​ខ្លួន ស្តី​ពី​គោលនយោបាយ​នៅ​ស​ប្តា​ហ៍​ក្រោយ ។

យោង​តាម​ទិន្នន័យ​ផ្តល់​ដោយ​ស្ថិតិ​ជាតិ នៅ​ថ្ងៃ​ទី​១ មិថុនា បង្ហាញ​ថា ផលិតផល​ក្នុងស្រុក​សរុប​មាន​កំណើន​១,១% ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​នេះ បើ​ធៀប​នឹង​ត្រីមាស​មុន​កើនឡើង​០,៧% ។

កំណើន​ប្រចាំឆ្នាំ​បាន​កើនឡើង​៣,១% បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​២,៩% ដែល​ធ្វើ​ឲ្យ​ធនាគារ​បម្រុង​អូស្ត្រាលី​អាច​រក្សា​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​នៃ​ការ​ព្យាករ​ក្នុង​អត្រា​២,៥% ដល់​៣,៥% នៅ​ខែមិថុនា​នេះ ។

ប្រាក់​ដុល្លារ​អូស្ត្រាលី​បាន​កើនឡើង​ជិត​ពាក់កណ្តាល​នៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក បន្ទាប់​ពី​ទិន្នន័យ​បាន​បង្ហាញ​ពី​កំណើន​សេដ្ឋកិច្ចជាតិ​ដូច​ការ​រំពឹង​ទុក និង​ការ​កាត់​បន្ថយ​តម្រូវការ​នៃ​អត្រា​ការ​ប្រាក់ ។

អ្នកស្រី Shane Oliver ប្រធាន​សេដ្ឋវិទូ មាន​ប្រសាសន៍​ថា ៖ « កំណើន​សេដ្ឋកិច្ចជាតិ​នេះ គឺ​ដោយសារ​តែ​ការ​រីក​ចម្រើន​ផ្នែក​ពាណិជ្ជកម្ម​រុករក​រ៉ែ​សម្រាប់​គម្រោង​នាំ​ចេញ ប៉ុន្តែ​វា​បាន​បញ្ចប់​ទៅ​ហើយ​ដែរ ។ បច្ចុប្បន្ន​នេះ យើង​នឹង​ឃើញ​ពី​ការ​នាំ​ចេញ​រ៉ែ និង​ធនធាន​ពាក់ព័ន្ធ ដែល​ជា​កត្តា​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ » ។

ជាមួយ​គ្នា​នេះ អូស្ត្រាលី គឺជា​ប្រទេស​អ្នកមាន​មួយ ដែល​ត្រូវ​គេ​រាយការណ៍​ថា សេដ្ឋកិច្ចជាតិ​ប្រចាំឆ្នាំ​មាន​កំណើន​០,៨% នៅ​ក្នុង​ត្រីមាស​ទី​១​។

អ្នកវិភាគ​ជា​ច្រើន​បាន​កែប្រែ​នូវ​ការ​រំពឹង​ទុក​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​នេះ បន្ទាប់​ពី​ទិន្នន័យ​នាំ​ចេញ​សុទ្ធ​ត្រូវ​បាន​បង្ហាញ​ថា មាន​អត្រា​ខ្ពស់​ជាង​ការ​រំពឹង​ទុក​១,១%​ពិន្ទុ​គោល​នៅ​ក្នុង​ត្រីមាស​ទី​១ ។ ចំណែក​ផលិតផល​ក្នុងស្រុក​សរុប​មាន​អត្រា​០,៨%​ក្នុង​១​ត្រីមាស និង​២,៨%​នៃ​កំណើន​ប្រចាំឆ្នាំ ៕