បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ​ក្នុង​ឃុំ​សែន​ដី​

បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ​ក្នុង​ឃុំ​សែន​ដី​



កំពង់ស្ពឺ ៖ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ចំនួន​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​សំរោង​ទង សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន ខេត្ត​កំពង់ស្ពឺ ធ្វើការ​បង្ក្រាប ដោយ​​ដក​ហូត​បាន​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២៣​កញ្ចប់​តូច​ រថយន្ត​មួយ​គ្រឿង​ ស្លាក​លេខ​ម៉ូតូ​ចំនួន ១២​សន្លឹក និង​ស្លាក​លេខ​រថយន្ត ​២​សន្លឹក។

ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ចាប់ផ្តើម កាលពី​វេលា​ម៉ោង​១៣​និង​៣៥​នាទី​រសៀល​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​ក្នុងភូមិ​វាលវង់ ឃុំ​សែ​ន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។

លោក​វរសេនីយ៍ទោ ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទង​បាន​ប្រាប់​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ទី​១-​ឈ្មោះ​ ស៊ិន ភា​រុន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ ភូមិ​វាលវង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ,​ទី​២-​ឈ្មោះ​ ឈៀង ម៉េង​ហុក ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​-​ឃុំ​ជាមួយគ្នា និង​ទី​៣-​ឈ្មោះ​ ម៉ែន ណុប ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​បឹង​ប្រស្រែ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។ លោក​បាន​បន្ត​ថា ក្នុង​ការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​នោះ សមត្ថកិច្ច​រឹបអូស​បាន​ថ្នាំញៀន ម៉ាក​ទឹក​ក ២៣​កញ្ចប់​តូច រថយន្ត​កាមរី​បា​ឡែ​ន ០១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​កោះកុង 2A.0039 ស្លាក​លេខ​ម៉ូតូ​ចំនួន​១២​សន្លឹក ស្លាក​លេខ​ឡាន​០២​សន្លឹក និង​កាត​គ្រី​ម៉ូតូ​ចំនួន​១៦​ផង​ដែរ។​
​ ​
សមត្ថកិច្ច​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​បាន​ប្រាប់​ថា ការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នេះ កម្លាំង​ជំនាញ​បាន​តាមដាន​រយៈពេល​ជាច្រើន​ថ្ងៃ​កន្លង​មក​ហើយ រហូត​កំណត់​បាន​ច្បាស់​លាស់ ឈាន​ដល់​ការ​បង្ក្រាប​តែម្តង​។ ប្រភព​បន្ត​ថា មុនដំបូង​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ​ ឈៀង ម៉េ​ង​ហុក និង​ ឈ្មោះ ​ស៊ិន ភា​រុន ដកហូត​បាន​ថ្នាំញៀន​បាន​២៣​កញ្ចប់ នៅ​ភូមិ​វាលវង់ ឃុំ​សែន​ដី រួច​បន្ត​ចូល​ឆែកឆេរ​ហាង​ខារ៉ាអូខេ គ្មាន​យីហោ​មួយ​កន្លែង​ទៀត ក្នុងភូមិ​ជ្រៃ​តា​កួន ឃុំ​រកា​កោះ ស្រុក​គងពិសី រក​ឃើញ​ថ្នាំញៀន​០១​កញ្ចប់​តូច ដែល​​ពួកគេ​រៀបចំ​ ដើម្បី​ជក់​ក្នុង​បន្ទប់​ខារ៉ាអូខេ​ជាមួយ​ស្ត្រី​ក្មេងៗ​បម្រើ​ការងារ​ទីនោះ។
​ ​
សមត្ថកិច្ច​បាន​បន្ត​ថា គ្រប់​បន្ទប់​ខារ៉ាអូខេ​ត្រូវ​បាន​ឆែកឆេរ ដើម្បី​រក​វត្ថុ​តាង ប៉ុន្តែ​រក​មិន​ឃើញ​អ្វី​បន្ថែម​ក្រៅពី​ថ្នាំញៀន ០១​កញ្ចប់ និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​នោះ​ទេ ហើយ​ស្ត្រី​បម្រើ​ការងារ​ក្នុង​ហាង​ខារ៉ាអូខេ និង​ភ្ញៀវ​សរុប ចំនួន ០៨​នាក់ និង​ភ្ញៀវ​ម្នាក់​ដែល​ចូល​ច្រៀង ​ត្រូវ​បាន​សមត្ថកិច្ច ស្រុក​គងពិសី នាំ​យក​ទៅ​ធ្វើការ​សាកសួរ​ និង​ធ្វើការ​តេស្ដ​ទឹកនោម ដើម្បី​រកមើល​មានការ​ប្រើប្រាស់​គ្រឿងញៀន​ដែរ​ឬ​យ៉ាងណា​នោះ ​យើង​មិន​ទាន់​ដឹង​នៅ​ឡើយ៕

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​ធ្វើការ​សាកសួរ​យ៉ាង​លម្អិត និង​កសាង​សំណុំរឿង​តាម​នីតិ​វិធី​ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ​ក្នុង​ឃុំ​សែន​ដី​