ខេម ត្រៀម​ធ្វើ​សន្និ​សីទ​កា​សែត បំភ្លឺ​ជុំវិញ​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍ ខណៈ​មេធាវី​​ជន​រង​​គ្រោះ​​បញ្ជាក់​ថា រឿង​នេះ​បាន​បញ្ចប់​ជា​មួយ​គ្នា​រួច​រាល់​ហើយ

(ភ្នំពេញ)៖ តារាចម្រៀងកំពុងពេញនិយម ក្នុងស្រទាប់យុវវ័យប្រចាំក្នុងផលិតកម្ម ថោន លោក ប៉ុន សុណារិន្ទ ហៅខេម នឹងរៀបចំធ្វើសន្និសីទកាសែត នៅពេលខាងមុខដ៏ខ្លីនេះ ដើម្បីបំភ្លឺជុំវិញ សំណុំរឿងគ្រោះថ្នាក់ចរាចរ ដែលបានកើតឡើង កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ បណ្ដាលឲ្យបុរសជនជាតិ ខ្មែរឥស្លាមម្នាក់បានស្លាប់ នៅកន្លែងកើតហេតុ ខណៈដែលមេធាវីការពារក្ដីឲ្យជនរងគ្រោះ បានបង្ហើបថា សំណុំរឿងនេះត្រូវបានបិទបញ្ចប់ហើយ តាំងពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ដោយក្រុមគ្រួសារជនរងគ្រោះ ព្រមទទួល​យកសំណង ចំនួន៤ពាន់ដុល្លារ ហើយក៏មិនបានប្ដឹងប្ដល់ អ្វី​បន្តទៀតដែរ។

តារាចម្រៀងសំនៀងស្អក ខេម បានថ្លែងប្រាប់ Khmertalking នៅមុននេះបន្ដិចថា លោកសុំមិន​និយាយអ្វីឲ្យលំអិត ជាងនេះទេ ពោលលោកទុករឿងនេះ ដើម្បីបកស្រាយ​​នៅក្នុងកម្ម​វិធីសន្និសីទកាសែត នៅរយៈពេលដ៏ខ្លីខាងមុខនេះ ដែលផលិតកម្ម ក៏ដូចជារូបលោកជាអ្នករៀបចំ ក្នុងន័យធ្វើការបកស្រាយ ឲ្យមហាជនបានដឹងថា តើនរណាខុសនរណាត្រូវ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង កាលពីកន្លះខែមុននេះ ។

ដោយឡែកចំពោះសំណងចំនួន ៤ពាន់ដុល្លារ ដែលក្រុមគ្រួសារ ខេម ផ្ដល់ជូនដល់ក្រុមគ្រួសារ ជនរងគ្រោះនោះ ត្រូវបាន ខេម បញ្ជាក់យ៉ាងច្បាស់ថា ប្រាក់៤ពាន់ដុល្លារនោះ មិនមែនជាសំណងទេ ពោលគឺជាមនោសញ្ចេតនា របស់លោកផ្ទាល់ផ្ដល់ជូនដល់ជន​រងគ្រោះ ព្រោះធ្វើយ៉ាងម៉េច បើគ្នាបានស្លាប់ទៅហើយ លោកក៏អាណិតជាសូរខ្លាំង ហើយនរណាៗក៏មិនចង់ឲ្យកើតឡើងដែរ​។

«ខ្ញុំចង់ប្រាប់ថា ប្រាក់៤ពាន់ដុល្លារ ដែលខ្ញុំជូនគ្រូសារអ្នកស្លាប់នោះ គឺមិនមែនជាសំណងទេ តែវាជាមនោសញ្ចេតនា ដែលខ្ញុំអាណិតអាសូរ ដល់គ្រួសារអ្នកស្លាប់ បើខ្ញុំសងលុយ បានន័យថា ខ្ញុំជាអ្នកខុសបាត់ទៅហើយ តែរឿងនេះខ្ញុំមិនមែនជាអ្នកខុសទេ តែអ្នកស្លាប់ក៏គាត់ស្លាប់ ដោយសេចក្ដីថ្លែថ្នូដែរ..!»។ នេះជាសម្ដីអះអាងរបស់ ខេម ថ្លែងប្រាប់ Khmertalking នៅមុននេះបន្តិច ។

ដោយឡែកលោក ហ៊ីន ណារិទ្ធ មេធាវីការពារក្ដីឲ្យជនរងគ្រោះ ក៏បានថ្លែងប្រាប់ Khmertalking នៅព្រឹកមិញដែរនេះថា តាមការពិតសំណុំរឿង គ្រោះថ្នាក់ចរាចរណ៍ នោះត្រូវបានបញ្ចប់រួចរាល់អស់ហើយ ដោយកូនក្ដីរបស់លោក ព្រមទទួលយកសំណង ចំនួន៤ពាន់ដុល្លារ ពីគ្រួសារ ខេម ហើយក៏យល់ព្រមមិនបន្តប្ដឹងប្ដល់ អ្វីទៀតដែរ ដោយគ្រួសារជនរងគ្រោះ គិតថា តារាចម្រៀង ខេម ក៏មិនមែនជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយក៏មិនចង់ឲ្យខូចកេរ្តិ៍ឈ្មោះគ្នា នោះឡើយ។ ម្យ៉ាងទៀតបើប្ដឹងប្ដល់ទៅ ត្រូវការចំណាយពេលវេលា ប្រាក់កាស បន្ថែមទៀត នាំឲ្យខាតបង់ទាំងអស់គ្នា​ ទើបគ្រួសារជនរងគ្រោះ ព្រម​បញ្ច​ប់​ក្នុង​នាម​មនោ​សញ្ចេត​នា បែប​នេះ​តែ​ម្ដង។

ទោះបីជាភាគីទាំងពីរ បានព្រមព្រៀងគ្នាបញ្ចប់ ដោយមានការយោគយល់គ្នាខ្ពស់បែបនេះក្ដី ប៉ុន្តែ​សំណុំ​រឿង​របស់​តារា​ចម្រៀង ខេម ​ត្រូវ​បាន​សមត្ថកិច្ច​ចរាចរណ៍ ​បញ្ជូន​ទៅ​ដល់តុលាការហើយ ពោលគឺលើលោកព្រះរាជអាជ្ញារង សៀង សុខ ជាអ្នកការសំណុំរឿងនេះ ហើយគេមិនទាន់ដឹងថា នឹងត្រូវកោះហៅបំភ្លឺ នៅថ្ងៃណានោះទេ ។

សូមបញ្ជាក់ថា ​កាលពីម៉ោង១២៖៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខឃ្លាំង ស្ថាននីយប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ ដោយបុរសម្នាក់បានស្លាប់ ដោយគៀបជាប់នៅក្នុងរថយន្ត ដោយសារតែបើករថយន្តបុកជាមួយ នឹងរថយន្តសេរីទំនើប ១គ្រឿងទៀត ម៉ាក RANGE ROVER ដែលត្រូវបានគេស្គាល់ថា ជារបស់តារាចម្រៀងមួយរូប និងជាអ្នកបើកផងដែរ ដោយបើកក្នុងទិសដៅបញ្ច្រាសគ្នា រួចក៏បុកគ្នាចំពីមុខពេញទំហឹងតែម្តង។ ​

ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ រថយន្តសេរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-9987 បើកតាម បណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង និងមានរថយន្ត១គ្រឿងទៀត ម៉ាក Celica ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5575 បើកក្នុងល្បឿនលឿន ដូចគ្នាទិសដៅ បញ្ច្រាសគ្នា ពេលមកដល់ចំណុចកើតហេតុបានបុកគ្នា ចំពីមុខពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ដែលជាម្ចាស់ Celica ស្លាប់គៀបជាប់ក្នុងរថយន្ត។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖  យើងឃើញថា កាលពីប៉ុន្មានសប្តាហ៏មុន បងប្រុសជនរងគ្រោះ ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ លោក លី ម៉ាត់លី ធ្លាប់បានថ្លែងប្រាប់ Khmertalking ថា ក្រុមគ្រួសាររបស់លោក បានសម្រេចដាក់ពាក្យប្ដឹងតាមផ្លូវច្បាប់ តារាចម្រៀង ខេម ទៅកាន់តុលាការហើយ ក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ បណ្ដាលឲ្យប្អូនប្រុសរបស់លោកស្លាប់ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីការចរចា សំណងមិនត្រូវរ៉ូវគ្នា និងពុំបានទទួលលទ្ធផលអ្វីទាល់តែសោះ

ប្រភពព័ត៌មានដដែលបានបន្តថា គ្រួសារតារាចម្រៀង ខេម បានសន្យាថា នឹងចូលខ្លួនរកដំណោះស្រាយ ហើយផ្ដល់សំណង ប៉ុន្តែត្រូវបានពន្យាពេល ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យក្រុមគ្រួសារជនរងគ្រោះ ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ។

តែយ៉ាងណាដោយយោងតាមព័ត៌មានខាងលើ ខេម ត្រៀម​នឹងធ្វើ​សន្និ​សីទ​កា​សែត បំភ្លឺ​ជុំវិញ​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍ នេះផងដែរ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ខេម ត្រៀម​ធ្វើ​សន្និ​សីទ​កា​សែត បំភ្លឺ​ជុំវិញ​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍ ខណៈ​មេធាវី​​ជន​រង​​គ្រោះ​​បញ្ជាក់​ថា រឿង​នេះ​បាន​បញ្ចប់​ជា​មួយ​គ្នា​រួច​រាល់​ហើយ

ខេម ត្រៀម​ធ្វើ​សន្និ​សីទ​កា​សែត បំភ្លឺ​ជុំវិញ​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍ ខណៈ​មេធាវី​​ជន​រង​​គ្រោះ​​បញ្ជាក់​ថា រឿង​នេះ​បាន​បញ្ចប់​ជា​មួយ​គ្នា​រួច​រាល់​ហើយ