ម៉ាក់​ត្រូវ​ញញឹម​ពេល​រំឭក​ដល់​ឈ្មោះ​កូន​ម្នាក់​នេះ


Idol ​របស់​ខ្ញុំ​មិន​មែន​ជា​តារា​ល្បី​មក​ពី​ណា​ទេ​ តែ​គឺ​ជា​មនុស្ស​ស្រី​ដ៏​រឹងមាំ​ និង​ពូកែ​ម្នាក់​ ឈ្មោះ​ថា «ម៉ាក់»។ ម៉ាក់​ខ្ញុំ​មិនមែន​ជា​អ្នក​មាន​ដូច​ម៉ាក់​អ្នក​ដទៃ​ទេ។ ​ម៉ាក់​មិន​មាន​លុយ​សម្រាប់​ឱ្យ​កូន​ចាយ​ពេញ​ៗ​ដៃ​ដូច​កូន​គេ​ ឬ​ក៏​ទិញ​សម្លៀកបំពាក់​ល្អ​ៗ​ដូច​គេ​ ប៉ុន្តែ​ម៉ាក់​គឺ​មនុស្ស​ស្រី​ដ៏​អស្ចារ្យ។​ ម៉ាក់​អាច​ចិញ្ចឹម​កូន​ ៤ នាក់​រស់​យ៉ាង​ស្រួល! ​ បញ្ជូន​កូន​រៀន​ដល់​ចប់​សកលវិទ្យាល័យ​ល្អ​ៗ​ ទោះ​បី​ជា​យើង​មិន​មាន​ប៉ា​ក៏​ដោយ​។ ខ្ញុំ​ដឹង​ថា​ពេល​ខ្លះ​ម៉ាក់​ហត់នឿយ​ លំបាក​ ប៉ុន្តែ​ម៉ាក់​មិន​ស្រក់​ទឹកភ្នែក​ឱ្យ​កូន​ឃើញ​ មិន​ដែល​ឮ​សូម្បី​តែ​មួយ​ម៉ាត់​នូវ​ពាក្យ​រអ៊ូ​ថា​នឿយហត់​ចេញ​ពី​មាត់​របស់​មនុស្ស​ស្រី​ម្នាក់​នេះ​។

 

ម៉ាក់​ត្រូវ​ញញឹម​ពេល​រំឭក​ដល់​ឈ្មោះ​កូន​ម្នាក់​នេះ

(ស្រីនាង និង ម៉ាក់)

 

ពេល​ឈឺ​ក៏​ម៉ាក់​មិន​ដែល​សម្រាក​ អត់​ងងុយ​យ៉ាង​ណា​ក៏​ម៉ាក់​នៅ​តែ​ខំ​ធ្វើ​ ដើម្បី​មាន​លុយ​ទិញ​ម្ហូប​ឱ្យ​កូន​ញ៉ាំ​ឆ្ងាញ់​ៗ​ ឱ្យ​កូន​ធំ​លូតលាស់​ល្អ​ ឱ្យ​កូន​ឆ្លាត​ ម៉ាក់​តែង​ជំរុញ​ឱ្យ​កូន​រៀន​ជានិច្ច​។

 

ម៉ាក់​មនុស្ស​ស្រី​តែ​ម្នាក់​ដែល​ចាំ​តែ​លើក​ទឹក​ចិត្ត​កូន​ ប្រដៅ​កូន​ ទោះ​បី​ជា​ពេល​ខ្លះ​បាន​ត្រឹម​ទទួល​មក​វិញ​ នូវ​ការ​ប្រកែក​តវ៉ា​ ត​មាត់​ ខឹង​ដើរ​ចេញ​ ពី​សំណាក់​កូន​។ ម៉ាក់​តែង​រំឭក​កូន​ជា​រឿយៗ​ថា​ ម៉ាក់​អត់​មាន​អ្វី​ចែក​កូន​គ្រប់​គ្នា​ទេ​ មាន​តែ​ម្រាម​ដៃ​១០​ និង​ពាក្យ​ប្រៀនប្រដៅ​ ដើម្បី​ឱ្យ​កូន​ដើរ​ផ្លូវ​ល្អ​ និង​ចេះ​តស៊ូ​ដោយ​ខ្លួន​ឯង​។

 

ចុង​ក្រោយ​កូន​ម្នាក់​នេះ​មិន​បាន​ឱ្យ​ម៉ាក់​អស់​សង្ឃឹម​ឡើយ​ ឥឡូវ​កូន​បាន​រៀន​ចប់​ មាន​ការងារ​ធ្វើ​ មាន​ប្រាក់ខែ​សមរម្យ​ មាន​ផ្ទះ​ជា​របស់​ខ្លួន​ឯង​ មាន​គ្រួសារ​តូច​មួយ​ថែម​ពី​លើ​ភាព​កក់​ក្ដៅ​ដែល​ម៉ាក់​ផ្ដល់​ឱ្យ​។ កូន​បាន​សម្រេច​ក្ដី​បំណង​ថា​ ត្រូវ​តែ​ឱ្យ​ម៉ាក់​ញញឹម​ជានិច្ច​ ពេល​រំឭក​ដល់​ឈ្មោះ​កូន​ម្នាក់​នេះ​។ អរគុណ​ម៉ាក់​! កូន​ស្រឡាញ់​ម៉ាក់​​គ្រប់ពេល និង រាល់ថ្ងៃ មិន​មែន​ស្រឡាញ់តែក្នុងទិវាពិសេសនោះទេ៕

 

អានអត្ថបទ៖ ចប់​និយាយ​! មិត្ត​ខ្ញុំ​ ថ្ងៃ​ម៉ាក់​ប៉ា​វា​ផ្សំ​ដំណេក​វា​ទៅ​គេង​ប្រឡោះ​កណ្ដាល…

អត្ថបទ៖ ស្រីនាង

រូបថត៖ ផ្ដល់ឱ្យ

មាន​រឿងរ៉ាវចង់ចែករំលែកសូមផ្ញើទៅកាន់ e-mail: [email protected]

ឬទូរសព្ទទៅកាន់លេខ ០១០ ៧០០ ៧២៧

 

ចុចអានអត្ថបទ មនុស្សដែលខ្ញុំចងចាំ ទាំងអស់ដើម្បីដឹងពីរបៀបនៃការសរសេរផ្សេងៗគ្នា