​​ហុក សុជីវ័ន្ត ​ស្នើ​អ្នក​គាំទ្រ​​​​​យល់​​​៣​ចំណុច​នេះ ពេល​កម្ពុជា ទទួល​ឆាយនីស​តៃប៉ិ

​​លោក ហុក សុជីវ័ន្ត ​​គ្រូ​បង្វឹក​ក្លឹប​បាល់ទាត់​ Cambodian Tiger ​​បាន​ស្នើ​ដល់​អ្នក​គាំទ្រ​កម្ពុជា​ចាំ​បាច់​​ត្រូវ​ស្វែង​យល់​​ ៣​ចំណុច​នេះ​ ​សម្រាប់​ការ​ប្រកួត​កម្ពុជា​ និង​ឆាយនីស​តៃប៉ិ​ ​វគ្គ​ជម្រុះ​បឋម​ពាន​រង្វាន់​ AFC ​Asian Cup 2019 ​ជើង​ទី​២​​ថ្ងៃ​ទី៧ ខែ​មិថុនា ឆ្នាំ​២០១៦​ នៅ​​ពហុ​កីឡដ្ឋាន​ជាតិ។

 

​​ហុក សុជីវ័ន្ត ​ស្នើ​អ្នក​គាំទ្រ​​​​​យល់​​​៣​ចំណុច​នេះ ពេល​កម្ពុជា ទទួល​ឆាយនីស​តៃប៉ិ​លោក ហុក សុជីវន្ត

 

​​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា​ក្រោម​អាយុ ១៩​ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​ការ​លើក​ឡើង​របស់​លោក​​ ក្នុង​គោល​បំណង​​ឲ្យ​អ្នក​គាំទ្រ​បាល់​ទាត់​​កម្ពុជា​​​យល់​ដឹង​ពី​​របៀប​នៃ​ការ​គាំទ្រ​ឲ្យ​​បាល់ទាត់​បាន​ច្បាស់។ ​​៣​ចំណុច​ខាង​ក្រោម​នេះ​​អ្នក​ខ្លះ​​ធ្លាប់​បាន​ដឹង​ ហើយ​មាន​អ្នក​ខ្លះ​​ទៀត​ក៏​មិន​ទាន់​​យល់​ច្បាស់​ផង​ដែរ។

 

​ចំណុច​ទី១ ៖ ​អ្នក​គាំទ្រ​មាន​សិទ្ធិ​គ្រប់​បែប​យ៉ាង​ ក្នុង​​ការ​លើក​ទឹក​ចិត្ត​កីឡាករ​ ឬ​ក្រុម​បាល់ទាត់​មួយ​ណា​ដែល​ខ្លួន​ពេញ​ចិត្ត។ ​ប៉ុន្តែ​មិន​អាច​ធ្វើ​អ្វី​ខុស​ឆ្គង​ទៅ​លើ​កីឡាករ​ក្នុង​ពេល​កំពុង​ប្រកួត​បាន​ឡើយ ទោះ​​បី​​កីឡាករ​​មាន​សកម្មភាព​បែប​ណា​​ក្នុង​ពេល​កំពុង​លេង​លើ​ទីលាន​ក៏​ដោយ។

 

ចំណុច​ទី២ ៖ ប្រសិន​បើ​អ្នក​គាំទ្រ​​ហ៊ាន​ប្រព្រឹត្តិ​ខុស​ ​ក្នុង​ប្រការ​ណា​មួយ​ទៅ​លើ​ការ​ប្រកួត​ ឧទាហរណ៍​​ដេញ​វាយ​កីឡាករ​ ស្ថិត​ក្នុង​កម្រិត​ស្រាល​ នោះ​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​ ឬ FIFA ​អាច​​ នឹង​ដក​​សិទ្ធិ​​​​​​មិន​ឲ្យ​អ្នក​គាំទ្រ​ចូល​មើល​ការ​ប្រកួត​អន្តរជាតិ។

 

​ចំណុច​ទី៣ ៖ ប្រសិន​បើ​អ្នក​​អ្នកគាំទ្រ​បង្ក​ជា​បញ្ហា​អ្វី​​មួយ​ធ្ងន់ធ្ងរ​ សហព័ន្ធ​បាល់ទាត់​អាស៊ី ឬ FIFA​ ​នឹង​ដក​សិទ្ធិ​​មិន​ឲ្យ​ប្រទេស​មួយ​នោះ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​តែម្ដង។

 

​លោក ហុក សុជីវន្ត បន្ថែម​ថា ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ត្រូវ​តែ​ធានា​សុវត្ថិភាព​ជូន​ក្រុម​ភ្ញៀវ១០០​% ។ បើ​គិត​មក​ដល់​ពេល​នេះ​បាល់ទាត់​នៅ​​កម្ពុជា​កំពុង​មាន​​ការ​រីកចម្រើន​ទៅ​មុខ ហេតុ​នេះ​លោក​សង្ឃឹម​ថា អ្នកគាំទ្រ​កម្ពុជា​ទាំង​អស់​ នឹង​យល់ ​​ហើយ​​​គាំទ្រ​ដោយ​​​ភាព​ត្រឹម​ត្រូវ​​ បញ្ជាក់​ពី​ពូជសាសន៍​ទន់ភ្លន់​របស់​ខ្មែរ។

 

​ការ​លើក​ឡើង​បែប​នេះ​ បន្ទាប់​ពី​មាន​​អ្នក​គាំទ្រ​​កម្ពុជា​​មួយ​ចំនួន​តូច ​​មិន​ពេញ​ចិត្ត​នឹង​កីឡាករ​របស់​​ក្រុម​ឆាយ​នីស​​តៃប៉ិខ្លះ​ ​ក្នុង​ការ​ប្រកួត​កាល​ពី​ជើង​ទី​១ នៃ​ពាន​រង្វាន់​ខាង​លើ​កាល​ពី​​យប់មិញ​នេះ ហើយ​បាន​សរសេរ​បង្ហោះ​ដាក់​លើ​ទំព័រ​ហ្វេបុក​របស់​​ខ្លួន​​ដោយ​គិត​មិន​ល្អ​ទៀត​ផង៕

 

​​ហុក សុជីវ័ន្ត ​ស្នើ​អ្នក​គាំទ្រ​​​​​យល់​​​៣​ចំណុច​នេះ ពេល​កម្ពុជា ទទួល​ឆាយនីស​តៃប៉ិ

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​