អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​កោះ​ប្រជុំ​មន្ត្រី​ជំនាញ​អំពី​បញ្ហា​​សំរាម​និង​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ

អភិបាល​ខេត្ត​ព្រះសីហនុ កោះ​ប្រជុំ​មន្ត្រី​ជំនាញ​ពិភាក្សា​ការងារ​គ្រប់គ្រង​កាក​សំណល់​នៅ​តាម​ឆ្នេរ និង​ការ​លួច​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ របស់​ប្រតិបត្តិករ​ទេសចរណ៍ ដោយ​មិន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត​ឲ្យ​បាន​ត្រឹមត្រូវ។

កិច្ចប្រជុំ​បន្ទាន់​នេះ កើត​ឡើង​ក្រោយ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ មាន​ភ្លៀង មាន​ខ្យល់​បោកបក់​ខ្លាំង ហើយ​បាន​នាំ​សំរាម​រសាត់​អណ្ដែត​នៅ​តាម​ឆ្នេរ ខេត្ត​ព្រះសីហនុ នាំ​ឲ្យ​ប៉ះពាល់​ដល់​សោភណ្ឌភាព បរិស្ថាន​ឆ្នេរ និង​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ។

​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​កោះ​ប្រជុំ​មន្ត្រី​ជំនាញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​មិថុនា ឲ្យ​យក​ចិត្ត​ទុក​ដាក់​ការងារ​សំអាត​បរិស្ថាន​ឆ្នេរសមុទ្រ​ទ្វេដង ជាពិសេស​ត្រូវ​គ្រប់គ្រង​ការ​បង្ហូរ​កាកសំណល់ និង​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ ដែល​ប្រតិបត្តិករ​ទេសចរណ៍​ខ្លះ លួច​បង្ហូរ​ចូល​សមុទ្រ​ដោយ​មិន​ឆ្លងកាត់​អាង​ចម្រោះ​ទឹក​ស្អាត​ជា​មុន។

វិធានការ​បន្ទាន់​នេះ កើត​មាន​ស្រប​ពេល​មាន​មតិ​រិះគន់​ពី​សាធារណជន​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា នៅ​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ មាន​ម្ចាស់​ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និង​កាស៊ីណូ​ជាដើម បាន​បន្ត​លួច​បង្ហូរ​កាកសំណល់ ពិសេស​ទឹក​ស្អុយ​ចូល​សមុទ្រ​ដោយ​មិន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត​បន្ត​កើត​មាន​អនាធិបតេយ្យ។ ជាង​នេះ ម្ចាស់​ទីតាំង​ទាំង​នោះ​អាង​ខ្នង​បង្អែក ដោយ​មិន​ទាន់​សហការ​ទៅ​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ជំនាញ​ដាក់​ឲ្យ​អនុវត្ត​នៅ​ឡើយ​ទេ។

ជំនួប​ដោយ​មាន​ការ​ចូលរួម​ពី​អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង ប្រធាន​មន្ទីរ​បរិស្ថាន លោក សាមុត សុធារិទ្ធិ និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ខេត្ត​ជា​ច្រើន​ស្ថាប័ន​ទៀត កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ស្នើ​ដល់​មន្ត្រី​ជំនាញ​នៅ​តាម​ស្ថាប័ន​នីមួយៗ ត្រូវ​សហការ​គ្នា​គ្រប់គ្រង​សំរាម និង​សំអាត​បរិស្ថាន​ឆ្នេរ​ឲ្យ​បានជា​ប្រចាំ ដើម្បី​កំណើន​ទេសចរ​នៅ​ថ្ងៃ​អនាគត។

ទាក់ទិន​បញ្ហា​នេះ ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ព្រះសីហនុ លោក សាមុត សុធារិទ្ធិ បញ្ជាក់​ថា អាច​នឹង​មាន​ការ​ផាក​ពិន័យ​ទៅ​ដល់​ម្ចាស់​ទីតាំង​ទាំង​ឡាយ​ណា ដែល​បោះ​ចោល​សំរាម ឬ​លួច​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​ដោយ​មិន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត​ជា​មុន។

មន្ត្រី​ជំនាញ​រូប​នេះ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពិសេស​ម្ចាស់​ផ្ទះសំណាក់ សណ្ឋាគារ ឬ​កាស៊ីណូ និង​ភោជនីយដ្ឋាន​ដែល​មាន​ទីតាំង​រក​ស៊ី​នៅ​ជាប់​មាត់​សមុទ្រ ត្រូវ​ចូលរួម​សហការ​សំអាត​​ឆ្នេរ​ជាមួយ​អាជ្ញាធរ​ឲ្យ​បាន​ត្រឹមត្រូវ បើ​ពុំ​នោះ​ទេ​នឹង​ទទួលរង​នូវ​ការ​ពិន័យ ឬ​ឈាន​ដល់​ផ្អាក​របរ​ទទួលទាន​ចំពោះ​អ្នក​ប្រព្រឹត្ត​ល្មើស​ជា​បណ្ដោះអាសន្ន៖ «មុន​នឹង​យើង​អនុវត្ត​វិធានការ​ច្បាប់​នោះ យើង​ត្រូវ​ចុះ​អប់រំ​ដល់​ម្ចាស់​ទីតាំង​ទាំង​នោះ និង​បង្ហាញ​នូវ​បច្ចេកវិទ្យា​ទំនើប​ដល់​ម្ចាស់​អាជីវកម្ម​ទាំង​នោះ ប៉ុន្តែ​បើ​ពួកគាត់​នៅ​តែ​មិន​ព្រម​ចូល​រួម​សហការ​ជាមួយ​អាជ្ញាធរ​ជំនាញ​ទេ មន្ទីរ​ជំនាញ​នឹង​ស្នើ​ទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ​ដើម្បី​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់។ បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ ក៏​ធ្លាប់​បាន​ណែនាំ​ក្នុង​ការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ឬ​ការ​ផាក​ពិន័យ​ទៅ​លើ​ម្ចាស់​ទីតាំង​ល្មើស​នេះ​ដែរ»

បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ បាន​រំលឹក​ថា ចូល​មក​ដល់​រដូវ​មាន​ភ្លៀង​ធ្លាក់ សូម​ឲ្យ​សាធារណជន​ទូទៅ​ត្រូវ​ចូលរួម​សហការ​សំអាត​អនាម័យ​ជាមួយ​អាជ្ញាធរ​ឲ្យ​បាន​ទាំង​អស់​គ្នា ដោយ​មិន​ត្រូវ​បន្ត​បោះចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់ និង​បន្ត​លួច​បង្ហូរ​ទឹក​ស្អុយ​ចូល​ទៅ​ក្នុង​សមុទ្រ នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ឆ្នេរ​នោះ​ទេ។

ទោះជា​បែបនេះ​ក្តី រាល់​ថ្ងៃ​នេះ​គេ​សង្កេត​ឃើញ​ថា សកម្មភាព​បង្ហូរ​ទឹក​ស្អុយ ឬ​ទឹក​កខ្វក់​ចូល​សមុទ្រ​ដោយ​មិន​ឆ្លងកាត់​អាង​ចម្រោះ​ទឹក​ស្អាត​ចេញ​ពី​សណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ និង​អាហារដ្ឋាន​មួយ​ចំនួន​ដែល​មាន​ទីតាំង​នៅ​ជាប់​មាត់សមុទ្រ បាន​បន្ត​កើត​មាន ដូចជា​ឆ្នេរ​អូរ​ឈើទាល ឆ្នេរ​ឯករាជ្យ ឆ្នេរ​ហាវ៉ៃ ឆ្នេរ​លំហែកាយ និង​ឆ្នេរ​ខ្លះ​ទៀត​មាន​ទីតាំងនៅ​ទល់​មុខ​សាល​ខេត្ត​ព្រះសីហនុ ជាដើម។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ សង្កេត​ឃើញ​ថា កាកសំណល់​សំរាម និង​ទឹក​ស្អុយ​កខ្វក់ ត្រូវ​បាន​ម្ចាស់​សណ្ឋាគារ កាស៊ីណូ ផ្ទះសំណាក់ និង​អាហារដ្ឋាន​ភាគ​ច្រើន​ដែល​មាន​ទីតាំង​នៅ​ជាប់​ឆ្នេរ​មាត់សមុទ្រ លួច​បង្ហូរ​ចូល​សមុទ្រ​យ៉ាង​អនាធិបតេយ្យ ដោយ​មិន​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត​នេះ​ទេ។

ត្រង់​ចំណុច​នេះ លោក ប៊ួន ណារិទ្ធិ ទទូច​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក សាមុត សុធារិទ្ធ ត្រូវ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ ឬ​ឈាន​ដល់​ផាក​ពិន័យ​ទៅ​លើ​ម្ចាស់​ទីតាំង​ទាំង​ឡាយ​ណា​ដែល​បន្ត​បង្ហូរ​កាក​សំណល់ និង​ទឹក​ស្អុយ​ចូល​សមុទ្រ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ដើម្បី​ជា​ការ​ព្រមាន៖ «ខ្ញុំ​បាន​ចុះ​មក​ដល់​ឆ្នេរ​ជ័យជំនះ ដែល​មាន​ទីតាំង​នៅ​​ទល់​មុខ​សាលាខេត្ត​ព្រះសីហនុ។ យើង​ឃើញ​ថា ឆ្នេរ​នេះ ម្ខាង​ត្រូវ​បាន​ឯកឧត្ដម​អភិបាល​ខេត្ត​លោក យន្ត មីន បាន​បើក​របង​ហ៊ុមព័ទ្ធ​បិទ​ឆ្នេរ​នេះ​មួយ​ចំហៀង​ដាក់​ជូន​ភ្ញៀវ​ទេសចរ​ចូល​កម្សាន្ត ប៉ុន្តែ​ឆ្នេរ​ម្ខាង​ទៀត គឺ​មាន​សុទ្ធតែ​សំណង់​ថ្ម​រឹង​មាំ​សម្រាប់​បម្រើ​សេវា​ជូន​ភ្ញៀវ​ស្នាក់នៅ និង​អាហារដ្ឋាន​មាន​គ្រឹះ​រឹង​មាំ​ជាច្រើន​ទីតាំង។ ជាង​នេះ ក៏​ឃើញ​មាន​ការ​បង្ហូរ​ទឹក​ស្អុយ​កខ្វក់​ចេញ​ពី​ទីតាំង​នីមួយៗ តាម​លូ​ហើយ​មាន​ក្លិន​ស្អុយ​អសោច។ បញ្ហា​នេះ​គួរ​តែ​ម្ចាស់​ទីតាំង​នីមួយៗ មុន​នឹង​បង្ហូរ​ទឹក​ស្អុយ ឬ​កាកសំណល់​កខ្វក់​ទាំង​នេះ​ចូល​សមុទ្រ គួរ​បង្ហូរ​ចូល​អាង​ចម្រោះ​ទឹក​ស្អាត​ជា​មុន​សិន ហើយ​អាជ្ញាធរ​គួរ​ឲ្យ​ម្ចាស់​ទីតាំង​ទាំង​នោះ រុះរើ​ទីតាំង​រក​ស៊ី​របស់​ពួកគេ​ចេញពី​ឆ្នេរ​យ៉ាង​ហោច​ឲ្យ​បាន ៥០​ម៉ែត្រ​ពី​មាត់​សមុទ្រ»

​ទាក់ទង​ការងារ​ថែរក្សា​បរិស្ថាន​ឆ្នេរ​នេះ​ដែរ អាជ្ញាធរ​ជំនាញ​ខេត្ត​ព្រះសីហនុ អះអាង​ថា បាន​ត្រៀម​ពិន័យ​អ្នក​បោះចោល​កាក​សំណល់​រឹង​រាវ​គ្មាន​សណ្ដាប់ធ្នាប់​នៅ​តាម​ផ្លូវ​សាធារណៈ និង​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​សមុទ្រ​ឲ្យ​បាន​ធ្ងន់ធ្ងរ បើ​សិន​ប្រតិបត្តិករ​ទេសចរណ៍ ឬ​ប្រជាពលរដ្ឋ​ទាំង​នោះ​នៅ​បន្ត​ចោល​សំរាម​អនាធិបតេយ្យ ឬ​បន្ត​បង្ហូរ​ទឹក​ស្អុយ​ចេញ​ពី​ទីតាំង​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​ចូល​ទៅ​ក្នុង​សមុទ្រ ដោយ​មិន​ឆ្លង​កាត់​អាង​ច្រោះ​ទឹក​ស្អាត​ជា​មុន បន្ត​កើត​មាន​ទៀត​នោះ។

ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ មាន​ប្រវែង​ជាង ១៧១​គីឡូម៉ែត្រ (១៧១,៣៥) មាន​ខ្សាច់​ស​ស្អាត ទឹក​សមុទ្រ​ថ្លា ឆ្នេរ​រាក់ ទឹក​ធ្លាក់ ផ្កាថ្ម ឧទ្យានជាតិ និង​មាន​កោះ​ចំនួន ៣២ មាន​ជីវចម្រុះ​ធម្មជាតិ​ស្រស់​ស្អាត ជា​សក្ដានុពល​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។