សេង កំសត់ និង​ធន់ តារា ជួប​កីឡាករ​ថៃ​ថ្ងៃអាទិត្យ​នេះ​មួយ​ណា​សម្រេច​គោលដៅ?

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ ទី​៥ មិថុនា ខាន​ស្អែក​នេះ កីឡាករ សេង កំសត់ មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ និង​កីឡាករ ធន់ តារា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការ​ពារ​ជាតិ នឹង​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ជា​ច្រើន​នាក់ កំពុង​រង់ចាំ​អ៊ុត​មើល​ថា តើ​កីឡាករ​កម្ពុជា​ទាំង​ពីរ​អាច​សម្រេច​គោលដៅ​របស់​ខ្លួន ឬ​យ៉ា​ង​ណា ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​ហាក់ដូចជា​មាន​សមត្ថភាព​ពិបាក​ផ្តួល​អ៊ីចឹង​នោះ ។

ការ​ប្រកួត​នៅ​ថ្ងៃខានស្អែក កីឡាករ សេង កំសត់ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ឧ​ដុម​សេក ស​.​ស្តៅ​យី​ម ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ទេ ទើប​គេ​ពិបាក​ប៉ាន់ស្មាន​ពី​លទ្ធផល​ចុង​ក្រោយ​ណាស់ ។ ប៉ុន្តែ​បើ​យោង​លើ​ប្រវត្តិ​ប្រកួត ឧ​ដុម​សេក ស​.​ស្តៅ​យី​ម ជា​អ្នក​ប្រដាល់​ចាស់​វស្សា​​ធ្លាប់​ឆ្លងកាត់​ការ​ប្រកួត​បាន​៧៥​ដង ឈ្នះ​៥០​ដង ចាញ់​២០​ដង និង​ស្មើ​៥​ដង ខណៈ​កីឡាករ​កម្ពុជា សេង កំសត់ ធ្លាប់​ប្រកួត​បាន​៧៨​ដង ឈ្នះ​៥២​ដង ចាញ់​២៣​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​បាន​៣​ដង​។ ផ្អែក​តាម​តួលេខ​ប្រកួត​របស់​កីឡាករ​ទាំង​ពីរ​ឃើញ​ថា​ប្រហាក់ប្រហែល​គ្នា​អាច​ស៊ីសង​គ្នា​បាន ដូច្នេះ​ជ័យជម្នះ​ដែល​ភាគី​ទាំង​ពីរ​ដណ្ដើម​​បាន ច្បាស់​ជា​មិន​ងាយស្រួល​ឡើយ ។

ចំណែក ធន់ តារា ដែល​ត្រូវ​ជួប​កីឡាករ​ថៃ​ឈ្មោះ ថៃ​រ៉ូ​ត​ឆៃ គៀត​សេរី ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ក៏​គ្មាន​នរណា​ហ៊ាន​ព្យាករណ៍​ទុក​មុន​ពី​លទ្ធផល​ចុង​ក្រោយ​ដែរ ។ ថៃ​រ៉ូ​ត​ឆៃ គៀត​សេរី (​ឈ្មោះ​ដើម​រិ​ន សា​រ័​ត្ន​)​បាន​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ និង​តំណាង​ឱ្យ​កីឡាករ​ថៃ​សម្រាប់​ការ​ប្រកួត​លើក​នេះ ។ កាល​នៅ​ស្រុក​ខ្មែរ​គេ​ធ្លាប់​ប្រកួត​វាយ​ដាក់​ទ្រុង​បាន​២៦​ដង ឈ្នះ​១៨​ដង ចាញ់​៨​ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​បាន​១៧​ដង ។ ចំណែក​ការ​ប្រកួត​ជា​លក្ខណៈ​ក្បាច់គុន​បុរាណ​ខ្មែរ​វិញ ទើបតែ​បាន​១២​ដង​ប៉ុណ្ណោះ ក្នុង​នោះ​ឈ្នះ​១០​ដង ចាញ់​២​ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៥​ដង ។ រីឯ ធន់ តារា ធ្លាប់​ប្រកួត​បាន​ត្រឹមតែ​២២​ដង​ប៉ុណ្ណោះ ក្នុង​នោះ​ឈ្នះ​២១​ដង ចាញ់​តែ​១​ដងគត់ និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​បាន​ដល់​ទៅ​១៨​ដង ។ បើ​យោង​លើ​ប្រវត្តិ​ប្រកួត​របស់​កីឡាករ​ទាំង​ពីរ គឺ​មិន​អន់​ជាង​គ្នា​ប៉ុន្មាន​ឡើយ ។ ចាំ​មើល​គូ​នេះ​នរណា​នឹង​ក្លាយជា​អធិរាជ​នៅ​លើ​សង្វៀន ?

ក្រៅពី​គូ​អន្តរជាតិ​ទាំង​ពីរ​គូ​នេះ​ទៅ នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួត​រវាង​កីឡាករ​ក្នុងស្រុក​ជា​ច្រើន​គូ​ទៀត ដូច​ជា​កីឡាករ ឡុ​ង សារី មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ ឌី​ន ឆៃ​ណា មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ​។ កីឡាករ ហៃ សុខ​បាន មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ អេ សា​រ័​ត្ន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ។

កីឡាករ ផា​ន​រះ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ផ​ន ផឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា និង​គូ​ចុង​ក្រោយ​កីឡាករ លី ប៊ុ​ន​ធី មក​ពី​ក្លិប​បុរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ ហែល វ៉ា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ៕