ម្ចាស់​ដី​លើកគ្នា​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ក្នុង​ជម្លោះ​ដី​នៅ​ជ្រោយចង្វា

ម្ចាស់​ដី​លើកគ្នា​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ក្នុង​ជម្លោះ​ដី​នៅ​ជ្រោយចង្វា



រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០​នាក់ ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​អូស​បន្លាយពេល​ជា​យូរ​មក​ហើយ ជាមួយនឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី​ជ្រោយចង្វា អូ​ស៊ី​អាយ​ស៊ី (OCIC) នៅ​ក្នុង​សង្កាត់​ជ្រោយចង្វា សង្កាត់​ព្រែក​តា​សេក និង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា បាន​នាំ​គ្នា​យក​ញត្តិ​មក​ដាក់​ជូន​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដើម្បី​រក​ការ​ធ្វើ​អន្តរាគមន៍​ទៅ​លើ​បញ្ហា​នេះ ខណៈ​ពេល​ដែល​លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា ដែល​ទើបមក​ទទួល​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​នេះ កំពុង​បង្ហាញ​ពី​ការ​កណ្តាប់ដៃ​ដែក​ដោះស្រាយ​ជំ​លោះ​ដីធ្លី​គួរ​ឲ្យ​កក់ក្តៅ ដែល​ធ្វើ​ឲ្យ​មានការ​សាទរ​ដល់​នយោបាយ​របស់​រាជរដ្ឋាភិបាល ។

ការ​ដាក់​ញត្តិ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​០២ មិថុនា នៅ​ក្នុង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​យ​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

យោង​ទៅ​តាម​ខ្លឹមសារ​ញត្តិ​បាន​ស​សេរ​ថា យើងខ្ញុំ​ទាំងអស់​គ្នា ជា​តំណាង​សហគមន៍​រង​គ្រោះ ដី​លំនៅ​ឋាន ដីស្រែ និង​ដីចំការ​ពី​សំណាក់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី​ជ្រោយចង្វា​ឈ្មោះ អូ​ស៊ី អាយ​ស៊ី​(OCIC) នៅ​ក្នុង​សង្កាត់​ជ្រោយចង្វា សង្កាត់​ព្រែក​តា​សេក និង​សង្កាត់​ព្រែក​លាប ក្នុង​ខណ្ឌ​ជ្រោយចង្វា ។ សូម​គោរព​ចូល​មក​លោក ជា សុ​ផា​រ៉ា ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ សូម​មេត្តា​ជួយ​អន្តរាគមន៍​បញ្ឈប់​ជា​បន្ទាន់ ចំពោះ​សកម្មភាព​កំពុង​រំលោភ​បំពាន ឈូស​ឆាយដី​លំនៅ​ឋាន ដីស្រែ  និង​ដីចំការ របស់​សហគមន៍​យើងខ្ញុំ​ខាងលើ ពី​សំណាក់​ក្រុមហ៊ុន ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។

ក្នុង​ខ្លឹមសារ​ញត្តិ​នេះ​បាន​បញ្ជាក់​ថា សកម្មភាព​រំលោភ​ឈូស​ឆាយ​ខាងលើ​ដែល​ធ្វើ​ឡើង ដោយ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា និង​ក្រុមហ៊ុន ធ្វើ​ឡើង​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​ប្រើប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់​ជា​ច្រើន​គ្រឿង អម​ទៅ​ដោយ​កម្លាំង​សន្តិសុខ​ខណ្ឌ​ជា​ច្រើន​នាក់ ទោះបីជា​មានការ​តវ៉ា​ដាក់​ញត្តិជំទាស់​រួម​ទាំង​ដុត​កង់​ឡាន​បង្ហាញ​ពី​ប្រតិកម្ម​យ៉ាងណា​ក៏​ដោយ ។

ចុង​ក្រោយ​នៃ​ខ្លឹមសារ​ញត្តិ ក៏​បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុន ត្រូវ​ឆ្វៀល​ដី​លំនៅ​ឋាន​ចេញពី​គម្រោង​ក្រុមហ៊ុន តាម​លក្ខណៈ​ស្បែក​ខ្លា និង​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ ។ ចំពោះ​ដីស្រែ និង​ដីចំការ លក់​ក្នុង​តម្លៃ ៤០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ឬ​ផ្តល់​ដី​ទំហំ ៥០​ភាគរយ​នៃ​ផ្ទៃដី​រួម​របស់​ម្ចាស់​ដី​ម្នាក់ ជូន​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​ក្នុង​គម្រោង​អភិវឌ្ឍន៍ ។ រីឯ​ដី​ដែល​នៅ​សល់ ៥០​ភាគរយ​ទៀត សម្រាប់​ម្ចាស់​ដី ។

ក្នុង​ញត្តិ​នេះ ក៏​បាន​បដិសេធ​ចំពោះ​ដំណោះស្រាយ​របស់​សាលា​រាជធានី ដែល​ឲ្យ​ម្ចាស់​ដី​ទទួលយក​១០​ភាគរយ​នៃ​ដី​ទាំងអស់ រីឯ​៩០​ភាគរយ​នៃ​ដី​ដែល​នៅ​សល់ សម្រាប់​សាលា​រាជធានី និង​ក្រុមហ៊ុន ទិញ​ក្នុង​តំលៃ​១៥​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ។

ក្នុង​ពេល​នោះ​ដែរ​ក៏​មាន​លោក អេ ប៊ុ​ន​ធឿ​ន តំណាង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អនុញ្ញាត​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ទំនាស់​ដីធ្លី​នៅ​ក្នុង​សហគមន៍​ខណ្ឌ​ជ្រោយចង្វា​ទាំងនោះ​ចូល​ធ្វើការ​ប្រគល់ ទទួល​ញត្តិ​នោះ នៅ​ខាងក្នុង​បរិវេណ​ក្រសួង ហើយ​បន្ទាប់​មក​ទើប​ពួក​គាត់​ធ្វើការ​រំសាយ​ទៅ​កាន់​លំនៅ​ឋាន​វិញ ដោយ​ពុំ​បាន​បង្ក​ការ​រំខាន​ដល់​សមត្ថកិច្ច​ឡើយ ៕