រៀបការ​ជាមួយ​គ្នា​​ជា​ច្រើន​ឆ្នាំ​អត់​មាន​កូន​ ចុង​ក្រោយ​ប្រពន្ធ​ដេក​ស្លាប់​ក្នុង​មុង​ម្នាក់ឯង

រៀបការ​ជាមួយ​គ្នា​​ជា​ច្រើន​ឆ្នាំ​អត់​មាន​កូន​ ចុង​ក្រោយ​ប្រពន្ធ​ដេក​ស្លាប់​ក្នុង​មុង​ម្នាក់ឯង



ពោធិ៍សាត់ ​៖​ ប្ដី​ប្រពន្ធ​ពីរ​នាក់​ បាន​រៀបការ​ជាមួយ​គ្នា​ជាច្រើន​ឆ្នាំ​គ្មាន​កូន ​ហើយ​ក៏​​​ក្លាយ​ជា​អ្នកប្រមឹក​ខួប​ ទាំង​ប្ដី​ប្រពន្ធ​​ ចុងក្រោយ​ស្ត្រី​ជា​ប្រពន្ធ​បាន​ផឹក​រហូត​ដេក​ស្លាប់​ក្នុង​មុង​លើ​ផ្ទះ​ម្នាក់ឯង​ លុះ​ទៀបភ្លឺ​ប្ដី​ស្វាង​ពី​ស្រវឹង​ស្រា​ងើប​ពី​ដេក​ផ្ទះ​ម្ដាយ​ដើរមក​ផ្ទះ​វិញ​ ឃើញ​ប្រពន្ធ​ស្លាប់​ ទើប​បង្ក​ឲ្យ​ មានការ​ភ្ញាក់ផ្អើល។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៥​ទៀបភ្លឺ​​​ថ្ងៃ​ទី​០២ ខែ​មិថុនា ឆ្នាំ​២០១៦ ​ស្ថិត​ក្នុង​ភូមិ​មាត់ព្រៃ ឃុំ​កំពុង​ពោធិ៍ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។

លោក​ហង្ស សាវុន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​កំពង់ពោធិ៍​បាន​ឲ្យ​ដឹង​ថា​ ៖​ ស្ត្រី​រងគ្រោះ​ដេក​ស្លាប់​នោះ​មាន​ ​ឈ្មោះ ម៉ាង ហេង អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ។ រូប​គាត់​បាន​​​​​ប្ដី​ឈ្មោះ​ឈួន តុត អាយុ​៥១​ឆ្នាំ ជា​យូរ​ឆ្នាំ​ហើយ ដោយ​​​រស់នៅ​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ​មិន​មាន​កូន​ទេ។ អ្នក​ទាំង​ពីរ​ ក៏បាន​ក្លាយ​ជា​អ្នកប្រមឹក​ស្រវឹង​ខួប​រាល់ថ្ងៃ ពុំ​ដែល​ស្គាល់​បាយទឹក​ឡើយ។ លុះ​នៅ​ថ្ងៃ​កើតហេតុ​ខាង​លើ ​ប្ដី​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ ឈួន តុត នោះ​ បាន​ដើរ​ផឹក​រហូតដល់​យប់​មក​ផ្ទះ​មិន​រួច ក៏​ដេក​នៅផ្ទះ​ម្ដាយបង្កើត ឯ​ប្រពន្ធ​ខ្លួន​នោះ​បាន​ផឹក​ស្រា​ស្រវឹង​មិន​ហូបបាយ​ទឹក ​រួច​ក៏​ឡើង​ដេក​លើ​ផ្ទះ​ក្នុង​មុង​ម្នាក់ឯង។ ក្រោយមក​នៅ​រំលង​អធ្រាត្រ​​​ ក៏​បាន​ខ្យល់គរ​គាំងបេះដូង​ស្លាប់​តែម្ដង។

លោកនាយ​ប៉ុស្តិ៍​បន្ត​ថា ​៖ ​លុះ​ប្រហែល​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃ​​កើតហេតុ​ខាងលើ ​ប្ដី​ស្ត្រី​រងគ្រោះ បាន​ក្រោក​ពី​ដេក​ស្វាង​ស្រវឹង​ចេញ​ពី​ផ្ទះ​ម្ដាយក្មេក ដើរ​ទៅ​ផ្ទះ​ខ្លួនឯង​វិញ រួច​ឡើង​លើ​ផ្ទះ​ក្នុង​គោលបំណង​ដាស់​ប្រពន្ធ​ ​ពេល​​បើក​មុង​​ស្រាប់​តែ​ឃើញ​ប្រពន្ធ​បាន​ដេក​ស្លាប់​បាត់​ទៅ​ហើយ ​ទើប​មាន​ការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ក្នុង​ភូមិ​ និង​សមត្ថកិច្ច​តែម្ដង។

ក្រោយ​ពេល​នគរបាល​ផ្នែក​បច្ចេកទេស​វិទ្យាសាស្ត្រ​ចុះ​ទៅ​ជាមួយ​គ្រូពេទ្យ​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ ​ទើប​ដឹង​ថា ​៖ ជនរងគ្រោះ​ស្លាប់​ក្នុង​អំឡុង​ម៉ោង​មួយ​ទៅ​ពីរ​អធ្រាត្រ​ ដោយសារ​តែ​គាត់​មាន​សភាព​ខ្សោយកម្លាំង មិន​ហូប​បាយទឹក ហូប​តែ​ជាតិ​ស្រា ទើប​ដេក​លង់លក់​ ក៏​កើតមាន​ជំងឺ​ខ្យល់គរ​គាំងបេះដូង​ស្លាប់​តែម្ដង។ បច្ចុប្បន្ន​សព​បាន​ប្រគល់​ឲ្យ​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕ លាន គ្រ​ន​​