សិប្បកម្ម​តម្បាញ​កន្ទេល​រពាក់ បង្កើន​មុខរបរ​ដល់​ស្ត្រី​ក្នុង​សហគមន៍​

សិប្បកម្ម​តម្បាញ​កន្ទេល​រពាក់ បង្កើន​មុខរបរ​ដល់​ស្ត្រី​ក្នុង​សហគមន៍​



ពោធិ៍សាត់​ ៖​ ដើម​រពាក់​ជា​វត្ថុធាតុដើម​មួយ សម្រាប់​ត្បាញ​ជា​កន្ទេល ឬ​កែច្នៃ​ទៅ​ជា​គ្រឿង​សង្ហារិម​លម្អ​ក្នុង​ផ្ទះ ដែល​ស្ត្រី​ខ្មែរ​យើង​បាន​ចេះ​ត្បាញ​តាំងពី​ដូនតា​មក​ម្ល៉េះ ហើយ​ក្នុង​នោះ​សហគមន៍​តម្បាញ​រពាក់ ត្រូវ​បាន​បង្កើត​ឡើង ក្នុង​ឃុំ​ស្នា​អន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។

បងស្រី ឌុយ សារ៉េត ប្រធាន​សហគមន៍​ផលិត​តម្បាញ​កន្ទេល​រពាក់​វាល​វង់​មានជ័យ ក្នុងភូមិ វាលវង់ ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា សហគមន៍​តម្បាញ​កន្ទេល​វាលវង់​មានជ័យ បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៣ មក​ម្ល៉េះ ដែល​មាន​សមាជិក ចំនួន ១១៧ នាក់។ បងស្រី​បន្ត​ថា ក៏ប៉ុន្តែ​មកដល់​បច្ចុប្បន្ន​នេះ មាន​សមាជិក​តែ ៤០ នាក់​ប៉ុណ្ណោះ ដែល​បោះបង់​តម្បាញ​រពាក់​នេះ​ចោល ​​ដោយសារ​មួយ​ចំនួនធំ បាន​ចូល​បម្រើការ​រោងចក្រ​កាត់ដេរ​អស់​ទៅ​ហើយ។

បងស្រី​លើក​ពី​ហេតុផល​នៃ​កា​បោះបង់​ការងារ​តម្បាញ​នេះ​ថា ​៖ “​មាន​កត្តា​ច្រើន​បណ្តាល​ឲ្យ​សិប្បកម្ម​នេះ​ខ្វះ​កម្លាំង​ពលកម្ម និង​មានការ​ធ្លាក់​ចុះ​ច្រើន និង​មួយទៀត​ផ្តោត​ទៅ​លើ​តម្លៃ​លក់​កន្ទេល​រពាក់​ក្នុង​តម្លៃ​ថោក នៅ​ក្នុង​កន្ទេល​មួយ​តម្លៃ​លក់​ចេញ ១០៥.០០០ រៀល ដែល​ចំណេញ​មួយ​បានតែ ៥០.០០០ រៀល​ប៉ុណ្ណោះ ដោយ​ប្រើ​ពេលវេលា​យូរ​ទម្រាំ​បាន​កន្ទេល​មួយ បើ​អ្នក​ត្បាញ​ជំនាញ ក្នុង ១ អាទិត្យ​ទើបបាន​កន្ទេល ១ តែ​បើ​អ្នក​មិន​ប៉ិនប្រសប់ ​អាច​ត្បាញ​រហូតដល់ ១៥ ថ្ងៃ ឬ ១ ខែ​ក៏​មាន​ដែរ នេះ​ជា​ហេតុផល​មួយ ដែល​ធ្វើ​ឲ្យ​ស្ត្រី​យើង ងាក​ទៅ​រក​មុខរបរ​ណា ដែល​ទទួល​បាន​កម្រៃ​ច្រើន​ដូចជា រោងចក្រ​ជាដើម​” ។

សហគមន៍​តម្បាញ​កន្ទេល​រពាក់​វាល​វង់​មានជ័យ បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​ផលិត​មួយ​លើកៗ គឺ​ទៅតាម​ការ​កុម្ម៉ង់​របស់​អតិថិជន ​ភាគច្រើន នៅ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែលមាន​ចំនួន​ពី ៨០ ទៅ ១០០ កន្ទេល។ បងស្រី សារ៉េត បន្តថា បើទោះជា​មុខរបរ​តម្បាញ​កន្ទេល​រពាក់​នេះ ពុំមាន​កម្លាំង​ពលកម្ម ដោយ​ខ្វះ​ការ​ផលិត​ក៏ដោយ ក៏​សមាជិក​ក្នុង​សហគមន៍ ដែល​នៅ​សេសសល់ នៅតែ​បន្ត​ការ​ត្បាញកន្ទេល​នេះ​ដដែល លុះត្រាតែ​គ្មាន​អ្នកទិញ ម្យ៉ាងទៀត​តម្បាញ​នេះ ក៏បានផ្តល់​នូវ​សារប្រយោជន៍​ដល់​ស្ត្រី​យើង ដែល​ទំនេរ​នៅក្នុង​ផ្ទះ​ផងដែរ ដោយ​ពួកគេ អាច​បង្កើន​នូវ​មុខរបរ​រក​កម្រៃ ទោះ​តិចក្តី ច្រើនក្តី​ទៅតាម​លទ្ធភាព ជាក់ស្តែង ។ បងស្រី​ថា សហគមន៍ ក្នុង​ឃុំ​ស្នាអន្សា បាន​ដាំ​ដើម​រពាក់​នេះ ក្នុង​មូលដ្ឋានចំនួន ១០០ ហិកតា ទុក​សម្រាប់​ការផលិត​តម្បាញ​កន្ទេល​នេះ ដែល​បាន​ជួយ​សម្រួល​ដល់​ការ​ដើរ​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ ដោយ​ដើម​រពាក់​នេះ​ស្ទើរតែ​បាត់បង់​អស់​ទៅហើយនោះ៕
សិប្បកម្ម​តម្បាញ​កន្ទេល​រពាក់ បង្កើន​មុខរបរ​ដល់​ស្ត្រី​ក្នុង​សហគមន៍​