បុរស​ម្នាក់​យក​កាំបិត​ចិត​ត្នោត ចាក់​ពោះ​សម្លាប់​ខ្លួនឯង​

បុរស​ម្នាក់​យក​កាំបិត​ចិត​ត្នោត ចាក់​ពោះ​សម្លាប់​ខ្លួនឯង​



កំពង់ឆ្នាំង ​៖ ​បុរស​ម្នាក់ បាន​យក​កាំបិត​ចុង​ស្រួច​ចិត​ត្នោត​ចាក់ និង​វះ​ពោះ​សម្លាប់​ខ្លួនឯង​ ខណៈ​ក្រុម​គ្រួសារ មិនបាន​នៅផ្ទះ និង​មិនបាន​តាមមើល។

ហេតុការណ៍​ចាក់​សម្លាប់​ខ្លួនឯង​ដ៏​រន្ធត់​ខាង​លើ​នេះ​ បាន​កើត​ឡើង​ កាលពី​​វេលា​៩​និង​៣០ ​នាទី​ល្ងាច ថ្ងៃទី០២ ​ខែ​មិថុនា ​ឆ្នាំ​២០១៦ នៅ​លើ​ផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ក្នុង​ភូមិ​សំរោង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។

សមត្ថកិច្ច ដែល​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និយាយ​ឲ្យ​ដឹង​ថា ជនរងគ្រោះ ដែល​វះ​ពោះ​សម្លាប់​ខ្លួនឯង​ខាង​លើ​នេះ មានឈ្មោះ វ៉ែន សឿន ភេទ​ប្រុស អាយុ ៥៦ ឆ្នាំ មាន​ប្រពន្ធ និង​កូនៗ នៅក្នុង​បន្ទុក រស់នៅ​ក្នុងភូមិ ឃុំ ស្រុក កើតហេតុ​ខាងលើ។

ប្រភព ពី​បងប្អូន​សាច់ញាតិ បាន​និយាយ​ឲ្យ​ដឹង​ថា បុរស​រងគ្រោះ ​វះ​ពោះ​សម្លាប់​ខ្លួនឯង​នេះ មាន​ជំងឺ​សរសៃប្រសាទ​ប្រចាំ​កាយ​ជា​យូរ​ឆ្នាំ​មក​ហើយ និង​តែងតែ​និយាយ​ឲ្យ​ប្រពន្ធ និង​បងប្អូន​ដឹង​ថា មាន​គេ​បបួល​នាំទៅ​ងាប់ ដោយ​ដឹង​ដូច​ច្នេះ បងប្អូន​កូនចៅ មិនដែល​បណ្តោយ​ឲ្យ​ទៅ​ណា​ផ្ដេសផ្ដាស​ម្នាក់ឯង​នោះ​ឡើយ ពួកគេ​តែង​ទៅតាម​មើល​ជាប់​ជានិច្ច។ តែ​អ្វី ដែល​គួរ​ឲ្យ​សោកស្ដាយ​នោះ គឺ​គេ​ប្រហែស​តែ​បន្តិច ជនរងគ្រោះ​បាន​សុំ​ទៅ​បត់ជើង នៅលើផ្ទះ ភ្លាមៗ​នោះ បងប្អូន បាន​ស្ទុះ​ឡើង​ទៅ​លើ​ផ្ទះ ហើយក៏​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​យក​កាំបិត​ចិត​ត្នោត​វះ​ពោះ​សម្លាប់​ខ្លួន​ហូរ​ឈាម​ពាសពេញ​ផ្ទះ។ ឃើញ​ដូច្នេះ បងប្អូន​បាន​ហក់​ទៅ​ដណ្ដើម​យក​កាំបិត ពី​ជនរងគ្រោះ ហើយ​ភ្លាមៗ​នោះ បងប្អូន រៀបចំ​យក ជនរងគ្រោះ ទៅ​មន្ទីរពេទ្យ តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក ជនរងគ្រោះ​បាន​ស្លាប់ នៅ​លើផ្ទះ​ខ្លួនឯង ក្រោម​ការ​សោកសង្រេង ពី​ក្រុម​គ្រួសារ​បងប្អូន​កូនចៅ​របស់​ជនរងគ្រោះ ។

ក្រោយ​ការពិនិត្យ​សាកសព​ជនរងគ្រោះ​រួចរាល់ ឃើញ​ថា ជនរងគ្រោះ​ពិតជា បាន​វះ​ពោះ​សម្លាប់​ខ្លួនឯង​នៅ​លើ​ផ្ទះ​ពិតប្រាកដ​មែន ទើបបាន​សមត្ថកិច្ច​ប្រគល់​សព​ឲ្យ​ទៅ​ក្រុម​គ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

បុរស​ម្នាក់​យក​កាំបិត​ចិត​ត្នោត ចាក់​ពោះ​សម្លាប់​ខ្លួនឯង​

បុរស​ម្នាក់​យក​កាំបិត​ចិត​ត្នោត ចាក់​ពោះ​សម្លាប់​ខ្លួនឯង​