ទឹកជំនន់​ដ៏​ធំ​នៅ​បារាំង​ទឹកទន្លេ SEINE គំរាមកំហែង​ក្រុង​ប៉ារី​ស

ទឹកជំនន់​ដែល​ជន់​លិច​មួយ​ផ្នែក​នៃ​ប្រទេស​បារាំង​ចាប់តាំងពី​១​ស​ប្តា​ហ៍​មក​ហើយ បាន​មក​ដល់​តំបន់ ILE-DE-FRANCE ដែល​នៅ​ទីនោះ​ទឹកទន្លេ  SEINE ឡើង​ខ្ពស់​បំផុត​គំរាមកំហែង​ក្រុងប៉ារីស ញ៉ាំង​ឱ្យ​អាជ្ញាធរ​តម្លើង​កម្រិត​ប្រកាស​អាសន្ន​ដល់​ពណ៌​ទឹកក្រូច ។

ទឹកទន្លេ  SEINE នា​ពាក់កណ្តាល​ថ្ងៃ​ទី​២ មិថុនា បាន​ឡើង​ដល់​កម្ពស់​៥,១០​ម៉ែត្រ ញ៉ាំង​ឱ្យ​គេ​បិទផ្លូវ​គនា​គម​ន៍​នានា តាម​មាត់ទន្លេ​នោះ​។   អ្នកនាំពាក្យ​ប៉ូលិស​ក្រុងប៉ារីស​និយាយ​ថា ទឹកទន្លេ  SEINE នា​ថ្ងៃ​ទី​៣ មិថុនា អាច​ឡើង​ដល់​កម្ពស់​៦​ម៉ែត្រ​ក្នុង​ក្រុងប៉ារីស ។ ការ​ប្រកាស​អាសន្ន​ពណ៌​ក្រហម​នឹង​ប្រកាស​ពេល​ទឹក​ន្លេ​នោះ​ឡើង​ដល់​កម្ពស់​ចាប់ពី​៧,៣០​ម៉ែត្រ​ទៅ​។ សារមន្ទីរ LOUVRE និង ORSAY នឹង​ត្រូវ​បិទទ្វារ​នា​ថ្ងៃ​ទី​៣ មិថុនា  ។

ទឹកជំនន់​នៅ​បារាំង​ដែល​នាំ​ឱ្យ​មានការ​ជម្លៀស​មនុស្ស​ចេញ​ជា​ច្រើន​ពាន់​នាក់​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ  EVRY-GREGY-SUR- YERRE ដោយ​អ្នក​ជិះសេះ​ម្នាក់​ត្រូវ​ទឹក​កួច​នាំ​យក​ទៅ ។ ចំណែក​នារី​ម្នាក់​អាយុ​៨៦​ឆ្នាំ​បាន​ស្លាប់​ក្នុងផ្ទះ​របស់​គាត់​ដោយ​ទឹកជំនន់​លិច នៅ SOUPPES_SUR-LOING ។

ប្រធានាធិបតី​បារាំង​លោក​ហ្វ្រ​ង់​ស្វ័​រ​ហូ​ឡង់ ប្រកាស​ថា  ការ​ប្រកាស​ពី​ស្ថានភាព​គ្រោះ​មហន្តរាយ​ធម្មជាតិ​នឹង​ធ្វើ​នា​ថ្ងៃ​ទី​៨ មិថុនា ខាង​មុខ​នេះ​ក្នុង​តំបន់​ជា​ច្រើន​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង ។

នាយក​រដ្ឋមន្ត្រី​បារាំង​លោក   MANUEL VALLS នឹង​ទៅ​កាន់​ទីក្រុង NEMOURS  ជាទី​ក្រុង​មួយ​នៅ​តំបន់ SEINE-ET-MARNE មាន​ប្រជាជន​១៣.០០០​នាក់ ដែល​រង​ការ​ប៉ះពាល់​ជា​ពិសេស​ដោយ​ទឹកជំនន់ ៕