យន្តហោះ​ប្រដេញ​អា​មេ​រិ​ក​2​គ្រឿង​ធ្លាក់​ថ្ងៃ​តែ​មួយ មួយ​គ្រឿង​ធ្លាក់​ក្រោយ​ហោះ​ពីលើ​លោក​អូ​បា​ម៉ា

អ្នកនាំពាក្យ​ម្នាក់​របស់​ទីបញ្ជាការដ្ឋាន​កងទ័ព​អា​មេ​រិ​ក​នៅ​សាន់​ឌី​យេ​ហ្គោ អនុសេនីយ៍ទោ CLINTON BEART ថ្លែង​ថា យន្តហោះ​ធុន F/A-18 HORNET ១​គ្រឿង​របស់​កង BLUE ANGELS ជា​យន្តហោះ​ល្បាត​របស់​កង​ម៉ា​រី​ន​អា​មេ​រិ​ក បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​២ មិថុនា ពេល​ហោះ​ចេញពី​ព្រ​លាន​យន្តហោះ SMYRMA នៅ​រដ្ឋ​តេន​នី​ស៊ី ភាគ​កណ្តាល​សហរដ្ឋ​អា​េ​ម​រិ​ក ហើយ​អ្នក​បើក​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​នេះ ។

យោង​តាម​អ្នកនាំពាក្យ​រូប​នេះ​ថា យន្ត ហោះ​បាន​ហោះ​ចេញ​នា​វេលា​រសៀល​ធ្វើការ​ហ្វឹកហ្វឺន ហើយ​ក៏​ជួប​គ្រោះថ្នាក់  ។ ចំណែក​អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​កងទ័ពអាកាស​អា​េ​ម​រិ​ក​គូសបញ្ជាក់​ថា យន្តហោះ​ល្បាត​មួយ​គ្រឿង​របស់​កងទ័ពអាកាស​អា​មេ​រិ​ក​ក្នុង​កង THUNDERBIRDS បាន​ធ្លាក់​នៅ​រដ្ឋកា​ឡូ​រ៉ា​ដូ បន្ទាប់​ពី​ហោះ​កាត់​ពីលើ​ពិធី​មួយ​ដែល​ប្រធានាធិបតី​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ចូលរួម ។ អ្នក​បើក​បាន​លោត​ចេញ ហើយ​សុខ​សប្បាយ ។ បន្ទាប់​ពី​គ្រោះថ្នាក់​នេះ ប្រធានាធិបតី​បាន​ជួប​ជាមួយ​អ្នក​បើក​នៅ​ឯ​មូលដ្ឋាន កងទ័ពអាកាស PETERSON ជា​កន្លែង​លោក​ត្រៀម​ឡើង​យន្តហោះ AIR FORCE ONE មក​កាន់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​វិញ ។ លោក​អូ​បា​ម៉ា បាន​សម្តែង​ការ​ធូរស្បើយ​ក្នុង​អារម្មណ៍​ដែល​អ្នក​បើក​ពុំ​មាន​របួស ។

ក្នុង​សុន្ទរកថា​នៅ​មុខ​សិស្ស​នាយទាហាន ប្រធានាធិបតី​អា​េ​ម​រិ​កបាន​ការពារ​ជំហរ​របស់​លោក​ចំពោះ​ជម្លោះ​ស៊ី​រី ដោយ​លោក​ព្រមាន​ពី​គ្រោះថ្នាក់​សម្រាប់​សហរដ្ឋ​អា​មេ​រិ​ក ដែល​ត្រូវ​ផុងខ្លួន​ចូល​ក្នុង​សង្គ្រាមស៊ីវិល​ថ្មី​នៅ​មជ្ឈិម​បូព៌ា ៕