៥ចំនុចនេះ អាចមើលដឹងបានថា ស្វាមីស្រឡាញ់អ្នកយ៉ាងខ្លាំង ទោះមិនសូវនិយាយក៏ដោយ!

មនុស្សយើងម្នាក់ៗ តែងតែមានគំនិត និងអារម្មណ៍ខុសគ្នា ដែលអ្នកខ្លះ ចូលចិត្តនិយាយថាពាក្យស្រឡាញ់ ស្ទើរតែគ្រប់ពេលវេលា ទៅកាន់ភរិយារបស់គេ រីឯអ្នកខ្លះ ហាក់ដូចជាមានភាពអៀនប្រៀនច្រើន ដែលធ្វើឲ្យពួកគេមិនសូវបាននិយាយពាក្យថា ស្រឡាញ់ ទៅភរិយាឡើយ។ ប៉ុន្តែវាមិនមែនមានន័យថា មនុស្សប្រុសប្រភេទនោះ មិនស្រឡាញ់ប្រពន្ធនោះទេ តែភាគច្រើន ពួកគេតែងបង្ហាញនូវកាយវិការមួយចំនួន ច្រើនជាងពាក្យថាស្រឡាញ់ទៅទៀត។ ចុះចំនុចណាខ្លះ ដែលអាចដឹងបានថា ស្វាមីរបស់អ្នកស្រឡាញ់អ្នកខ្លាំង ទោះបីមិនសូវនិយាយពាក្យ ថាស្រលាញ់មកកាន់អ្នកនោះ?

១) ចិត្តនៅតែដដែលពេលចេញក្រៅម្តងៗ៖ មនុស្សប្រុសមួយចំនួន ពេលនាំប្រពន្ធ ទៅចូលរួមពិធីជប់លៀង ព្រឹត្តិការណ៍ ឬចូលក្លឹបនានា គឺពួកគេតែងតែបោះបង់ប្រពន្ធចោល ដោយមិនអើពើ មិនកាន់ដៃ មិនស្និទ្ធស្នាលជាមួយនឹងប្រពន្ធរបស់ខ្លួននោះទេ។ ប៉ុន្តែប្រសិនបើស្វាមីអ្នក មិនបានធ្វើដូច្នោះ មិនខ្វល់អ្នកដទៃហៅរូបគេថា មេមាន់ ហើយហ៊ានធ្វើនូវរឿងកំប៉ិកកំប៉ុកបែបនេះ គឺស្វាមីរបស់អ្នក ពិតជាស្រឡាញ់អ្នកយ៉ាងពិតប្រាកដ អាចមកពីគាត់ ចង់ឲ្យអ្នកមិនមានអារម្មណ៍ទើសទាល់ ឬមិនស្រណុកក្នុងចិត្ត ពេលនៅមុខចំណោមមនុស្ស។

២) ជួយកិច្ចការផ្ទះ៖ ទោះបីរវល់ជាមួយការងារគ្រប់ពេលយ៉ាងណា ក៏ស្វាមីរបស់អ្នក នៅតែចំណាយពេលមកសម្រាលកិច្ចការងារផ្ទះដែរ ដែលចំនុចនេះ សបញ្ជាាក់ឲ្យដឹងថា គាត់តែងតែយល់អំពីទុក្ខលំបាករបស់អ្នក។ ក្នុងនោះដែរ ស្វាមីរបស់អ្នក មិននិយាយអ្វីទាំងអស់ ដឹងតែពីរៀបចំ ដូចជាបន្ទប់ឲ្យស្អាត ហើយថែមទាំងជួយចម្អិន ឬរៀបចំម្ហូបអាហារ សម្រាប់អ្នកទទួលទាន រួចជាស្រេចទៀតផង។

៣) នាំអ្នកដើរផ្សារស្ងាត់ៗ៖ ស្វាមីរបស់អ្នក ជាមនុស្សមានអារម្មណ៍ល្អ បែបសប្បាយរីករាយ ដែលតែងលួចទៅកក់តុអាហារ សម្រាប់ឲ្យអ្នកមានការភ្ញាក់ផ្អើល ឬពេលខ្លះទៀត រូបគេជូនអ្នកដើរផ្សារ (Shopping) ជាដើម។ ទោះបីអ្នកជាមនុស្សស្រីឯករាជ្យក៏ដោយ ក៏នេះជាកាដូចេញពីចិត្តរបស់គាត់ ជូនទៅអ្នកផងដែរ ព្រោះថាអ្នកជាម្ចាស់ក្សត្រី ក្នុងបេះដូងរបស់គាត់។

៤) អារម្មណ៍ការពារ៖ វាអាចធ្វើទៅបាន ដែលពេលខ្លះសាច់ញាតិបងប្អូនខាងប្តីមិនសូវពេញចិត្ត និងមិនយល់ព្រមឲ្យអ្នកនៅជាមួយគ្នា ជាដើម ប៉ុន្តែក្នុងនាមជាស្វាមីរបស់អ្នក គាត់ចេញមុខនិយាយការពារអ្នក ហ៊ានប្រឆាំងនឹងអ្នកដទៃដើម្បីអ្នក និងតែងតែចាត់ទុកអ្នកជាគ្រួសារតែមួយ ដោយផ្តល់នូវការគោរពមួយដែលអ្នកសមនឹងទទួលបាន។

៥) ធ្វើរឿងសាមញ្ញៗ និងមិនកត់សម្គាល់៖ ដណ្តប់ភួយឲ្យអ្នកត្រឹម ក នៅពេលអ្នកគេងលក់ រៀបចំកម្រាលពូក ម៉ាស្សាជើងឲ្យអ្នក ធ្វើសូកូឡាដែលអ្នកចូលចិត្ត និងទុកក្នុងទូទឹកកកឲ្យអ្នកទៀត ដោយអ្នកមិនបានដឹងខ្លួនមុន និងយកអាហារឲ្យអ្នកដល់លើគ្រែជាដើម។ នេះជាការបកប្រែនៃសេចក្តីស្រឡាញ់របស់គាត់ ជូនទៅអ្នក ជាមួយនឹងកាយវិការដ៏សាមញ្ញៗតែមានអត្ថន័យជ្រៅ។

ចំនុចអស់ទាំងនេះ នឹងអាចធ្វើឲ្យអ្នកដឹងថា ស្វាមីរបស់អ្នកស្រឡាញ់អ្នកប៉ុណ្ណា ទោះបីរូបគេមិនសូវនិយាយថាស្រឡាញ់ក៏ដោយ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

៥ចំនុចនេះ អាចមើលដឹងបានថា ស្វាមីស្រឡាញ់អ្នកយ៉ាងខ្លាំង ទោះមិនសូវនិយាយក៏ដោយ!