មិន​ដល់​កន្លះ​ខែ មន្ត្រី​ខ្មែរ-​យួន និយាយ​រឿង​ព្រំដែន​ពីរ​ដង!

មន្ត្រីខ្មែរ-យួនជួបគ្នាពេលណា មិនដែលភ្លេចឡើយ ការជជែកពិភាក្សាគ្នា ពីរឿងព្រំដែន ជាពិសេស​ការ​បោះ​បង្គោល​ដែនសីមា បើទោះជាបង្គោលព្រំដែនភាគច្រើន ត្រូវបានបោះរួចហើយក៏ដោយ។ តើមន្ត្រីខ្មែរ-យួន​ទាំង​នោះ មិន​មាន​កិច្ចការ​ណា​ផ្សេង មក​ធ្វើការ​ពិភាក្សា​ទេ ឬ​យ៉ាងណា?
មិន​ដល់​កន្លះ​ខែ មន្ត្រី​ខ្មែរ-​យួន និយាយ​រឿង​ព្រំដែន​ពីរ​ដង!

ខាងមុខពីឆ្វេងមកស្ដាំ÷ លោក ង៉ូ ស៊ុនលិច និងលោក ទៀ បាញ់។ (រូបថតក្រសួងការពារជាតិ)

នៅក្នុងដំណើរទស្សនកិច្ចលើកទីមួយនៅកម្ពុជា បន្ទាប់ពីបានឡើង​មកកាន់តំណែង​នៅពីថ្ងៃទី៩ ខែ​មេសា​កន្លង​មកនេះ រដ្ឋមន្ត្រីការពារជាតិវៀតណាម លោក ង៉ូ ស៊ុនលិច (Ngo Xuan Lich) បានលើកករណី​ព្រំដែន និង​​ការ​បោះ​បង្គោលព្រំដែន ជាមួយនឹងឥស្សរជនខ្មែរយ៉ាងហោចពីរនាក់ គឺប្រធានរដ្ឋសភា លោក ហេង សំរិន និង​រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់។ ការលើករបៀបវារៈ​ទាក់ទងនឹងករណីព្រំដែន សឹងជារៀង​រាល់​ដង នៃទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់វៀតណាម បានបង្កមន្ទិល​ទៅដល់កិច្ច​ព្រមព្រៀង​ព្រំដែន​ទាំងឡាយ ដែល​ប្រទេស​កម្ពុជា បានចុះហត្ថលេខាជាមួយប្រទេសវៀតណាម។

បន្ទាប់ពីជំនួបពីរ​ផ្សេងគ្នា ង៉ូ ស៊ុនលិច-ហេង សំរិន និង ង៉ូ ស៊ុនលិច-ទៀ បាញ់ កាលពីថ្ងៃទី១ ខែមិថុនា​កន្លង​មក ភាគីទាំងសងខាង សុទ្ធតែបានប្តេជ្ញា ពង្រឹង​សន្តិភាពតាមព្រំដែន រវាងប្រទេសទាំងពីរ និងប្ដេជ្ញាធ្វើឲ្យ​ជឿន​លឿន​ទៅ​មុខ ក្នុងកិច្ចការបោះបង្គោលព្រំដែនគោក ដែលមានប្រវែង១២៧០គីឡូម៉ែត្រ។ ភាគីទាំង​សង​ខាង ថែមទាំងបានអះអាង ជំរុញឲ្យមានការយកចិត្តទុកដាក់ ថែរក្សាសន្តិសុខ សុវត្ថិភាពតាមព្រំដែន ដើម្បី​«ពង្រឹង​ពង្រីក» ចំណង​មិត្តភាព​កិច្ចសហប្រតិបត្តិការជាប្រពៃណី រវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ជា​ពិសេស​វិស័យការពារជាតិ ឲ្យកាន់​តែល្អប្រសើរថែមទៀត។

លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងនៅក្នុងជំនួបនោះថា៖ «កម្ពុជានិងវៀតណាម ជាមិត្ត​ជិត​ខាង​ដ៏​ល្អ ដែលបានជួយគ្នាទៅវិញទៅមក នូវគ្រប់កាលៈទេសៈ គឺនៅពេលលំបាក និងមានសុខសន្តិភាព និង​ការ​អភិវឌ្ឍន៍។ កងទ័ពវៀត ណាម បានពាលីកម្មយ៉ាងច្រើន នៅក្នុងការរំដោះប្រទេសកម្ពុជា ចេញពី​របប​ខ្មែរ​ក្រហម​ឆ្នាំ១៩៧៩។»

ចំណែកឯរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់​ បានថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្រោយជំនួប ដោយ​ទំនង​ជា​ទម្លាក់​កំហុស ទៅអ្នកដឹកនាំនាសម័យមុនៗថា៖ «រឿងព្រំដែននេះ គឺមិនមែនជារឿងថ្មីទេ វា​ជា​រឿង​យូរណាស់​ហើយ តាំងពីណាពីណីមក តាំងពេលខ្ញុំមិនទាន់កើតមកផង។ តែឥឡូវ យើង​មាន​មោទនភាព​យ៉ាង​ខ្លាំង ក្នុង​ដំណាក់​ការ​នេះ យើងបានដោះស្រាយជាច្រើនណាស់ និងច្រើនចំណុច។ កន្លែងខ្លះ ឈាន​ដល់​បោះ​បង្គោល​ជាក់​លាក់ បន្ដបន្ទាប់ ហើយនៅសល់តិចតួច។»

គេពិបាកយល់ នឹងការលើកឡើងទាំងនេះ ថាបើនៅសល់តិចតួច ហេតុដូចម្ដេច​ក៏​ចាំបាច់​«ប្ដេជ្ញា​ធ្វើឲ្យ​ជឿន​លឿន» ធ្វើហាក់ដូចជាកន្លងមក ការដោះស្រាយលើបញ្ហាព្រំដែន មិនទទួលបានលទ្ធផលអ្វីសោះ! តើ​កិច្ចការ​បោះ​បង្គោល​ព្រំដែន នៅទ្រឹងមួយកន្លែងឬ?

ការលើកពីបញ្ហាព្រំដែន រវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម តែងបានធ្វើឡើងមិនសូវ​ដែល​លោះ​ពេល​ឡើយ ក្នុងពេលកន្លងមក។ គ្រាន់តែរំលងគ្នា​តែ១២ថ្ងៃប៉ុណ្ណោះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា និង​មន្ត្រី​វៀតណាម បានលើកពីបញ្ហាព្រំដែន ចំនួនពីរដង។ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦  លោក ទៀ បាញ់ និងមន្ត្រីអនុព័ន្ធយោធាវៀតណាម លោក ង្វៀង អាញ់យ៉ុង (Nguyen Anh Dung) បានលើក​ពីរឿង​ព្រំដែន​នេះ មកថ្លែងជាសាធារណៈរួចហើយ និងថែមទាំងបានបរិហាស្រដៀងគ្នា នៅពេលនោះទៀតថា បញ្ហា​ក្នុង​ពេល​កន្លងមក ទាក់ទងនឹងបញ្ហាព្រំដែន គឺ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ជាអ្នកបង្កើតឡើង។

» សូមអានអត្ថបទនេះឡើងវិញ៖ ទៀ បាញ់ និង​មន្ត្រី​យួន​រួម​គ្នា​ចង្អុល​បក្ស​ប្រឆាំង​ខ្មែរ ថា​បង្ក​អស្ថិរភាព

អ្នកតាមដានបញ្ហាព្រំដែន និងជាអតីតមន្ត្រីច្បាប់កម្ពុជា លោក ព្រហ្ម គិត បានពន្យល់តប​នឹងសំនួខាងលើ របស់​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ការលើកឡើងច្រំដែលៗ នៅរៀងរាល់ជំនួប របស់មន្ត្រីជាន់ខ្ពស់នៃ​ប្រទេស​ទាំងពីរ បានបង្ហាញនូវទិដ្ឋភាពពីរ។ ទីមួយ អាចនិយាយថាយួនមិនទុកចិត្តខ្មែរ និងខ្លាចរដ្ឋាភិបាល​គណបក្ស​ប្រជាជនកម្ពុជា យកបញ្ហាព្រំដែនដែលនៅសេសសល់ ដើម្បីទាក់ទាញសម្លេងឆ្នោត ហើយ​បែរ​ជា​លេង​ប៊ៀរបួនសន្លឹក ដាក់រដ្ឋាភិបាលក្រុងហាណូយ ។ ទីពីរ រដ្ឋាភិបាលយួនរួមជាមួយរដ្ឋាភិបាលខ្មែរ ទំនង​ជាចង់​បង្ហាញ​ប្រាប់ពលរដ្ឋខ្មែរ ជាពិសេសប្រាប់ទៅក្រុមប្រឆាំង នៅកម្ពុជាថា បញ្ហាព្រំដែននៅភាគខាង​កើត វា​ត្រូវ​តែអញ្ចឹង។ វាជា«កង់ប្រវត្តិសាស្ត្រ ដែលកំពុងវិលទៅមុខ» ដូច្នេះគ្មានអ្វីមួយ អាចមកប្រឆាំងបានឡើយ។

ប៉ុន្តែ បញ្ហានេះមិនវាមិនត្រឹមតែ«ចង់បង្ហាញ» រួចចប់នោះទេ។ លោក ព្រហ្ម គិត បានថ្លែងឡើងទៀតថា ផ្ទុយ​ទៅ​វិញ វាបានបង្ហាញពីភាពមន្ទិល ទៅលើកិច្ចព្រមព្រៀង ដែលវៀតណាមនិងកម្ពុជាបានធ្វើកន្លងមក ថាវា​ពោរពេញ​ដោយភាពមិនច្បាស់លាស់ ទើបមន្ត្រីទាំងនេះរួមគ្នា​ជជែកហើយជជែកទៀត មិនឈប់មិនឈរ៕