បើក​លឿន​ពេល​យប់ មក​ពី​ប្រហែល​ពេក !

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​នៅ​ពេល​យប់ ចាំង​នឹង​ភ្លើង​ហ្វា​រថយន្ត​ជ្រុល​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ​ជុង​ជាប់​ក្តារ​នៅ​ដើមទ្រូង បណ្តាក​ឱ្យ​រង​របួសធ្ងន់​កាល​ពី​វេលា​ម៉ោង​០៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២ មិថុនា ២០១៦​។ ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៦ ក្នុងភូមិ​រនាម​ធំ ឃុំ​គោក​មន ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ​។

ជន​រង​គ្រោះ​ឈ្មោះ​សា​រឿ​ន កុយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រសនៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​គោក​មន ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម C១២៥ ពណ៌​ខ្មៅ ស៊េរី​០១៤ ពាក់​ស្លាក​លេខ ឧត្តរមានជ័យ ១C.១៤.៩៧ ជិះ​ម្នាក់ឯង​។

សាក្សី​នៅ​កន្លែង​កើតហេតុ​និយាយ​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​រង​គ្រោះ​ខាងលើ​បើកបរ​ម៉ូតូ​យ៉ាង​លឿន ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ពេល​មក​ដល់​ចំណុច​កើត​ហេតុ​​ក៏​ជួប​ប្រទះ​នឹង​រថយន្ត​មួយ​គ្រឿង ដោយ​ធ្វើ​ដំណើរ​បញ្ច្រស​ទិស​គ្នា ចាំង​ភ្លើង​ហ្វារ​រថយន្ត ក៏​ជ្រុល​ទៅ​បុក​គោ​យន្ត​ពីក្រោយ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ដោយ​ក្តារ​បន្ទាស់​គោ​យន្ត​ជុង​ជាប់​នឹង​ដើមទ្រូង​លើ​ដើម​ដោះ​ខាងឆ្វេង ហើយ​ត្រូវ​បាន​នាំ​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

មន្ត្រី​ប៉ូលិស​ម្នាក់​ឱ្យ​ដឹង​ថា នៅ​ពេល​កើតហេតុ​រថយន្ត រួម​ទាំង​គោ​យន្ត​បើកបរ​គេចខ្លួន​បាត់​ស្រមោល នៅ​សល់​តែ​ម៉ូតូ​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក្ខ​នៅ​អធិ​ការ ៕