ទាហាន​ផ្កាយ​៣​ប្រើ​មនុស្ស​ទៅ​ដុត​ផ្ទះ​កម្មករ

ខេត្តកំពង់ស្ពឺ ៖ ផ្ទះ​ស្នាក់​នៅ​របស់​កម្មករ​ក្រុមហ៊ុន អ៊ុ​ក ឃុន ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​ប្រដាប់​ដោយ​អាវុធ​វែង បាន​ដុត​បំផ្លាញ​ឆេះ​គ្មាន​សល់ ព្រមទាំង​ដេញ​ក្រុម​កម្មករ​ឲ្យ​ចេញពី​ទីនោះ​ទៀត​ផង ។ សកម្មភាព​ដុត​ផ្ទះ​កម្មករ​នេះ ខាង​ទាហាន​ប្រាប់​ថា អាជ្ញាធរ​ជា​អ្នក​អនុញ្ញាត​ឲ្យ​ធ្វើ​បែប​នេះ តែ​អភិបាលស្រុក​បដិសេធ​ថា មិន​បានដឹង​នោះ​ឡើយ គឺ​ខាង​ទាហាន​ធ្វើ​ដោយ​ខ្លួនឯង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ក្នុង​ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាម​ការ​រៀបរាប់​របស់​លោកស្រី សុខ សុភាព នាយិកា​ក្រុមហ៊ុន អ៊ុ​ក ឃុន បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ក្រុម​ទាហាន​មក​ដុត​បំផ្លាញ​នេះ​គឺ​ខាង​ក្រុមហ៊ុន​បាន​សង់​សម្រាប់​កម្មករ​ស្នាក់​នៅ ។ ដី​នេះ​គឺ​ស្ថិត​ក្នុង​ប្លង់​កាន់កាប់​របស់​ក្រុមហ៊ុន ។ លោកស្រី​បន្ត​ថា ស្រាប់តែ​នៅ​ពេល​ថ្មី​ៗ​នេះ មាន​ទាហាន​មួយ​ក្រុម​ដែល​គេ​ស្គាល់​ថា​ជា​កូនចៅ​របស់​លោក​ផ្កាយ​៣​ម្នាក់​បាន​មក​គំរាមកំហែង​ក្រុម​កម្មករ​ឲ្យ​ចាក​ចេញពី​ទី​នេះ តែ​កម្មករ​មិន​ចេញ​ទៅ​ណា​ទេ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣​មិថុនា​នេះ​មាន​ទាហាន​ប្រដាប់​ដោយ​អាវុធ​អាកា​គ្រប់​ដៃ​បាន​មក​ធ្វើ​សកម្មភាព​ដុត​បំផ្លាញ​ផ្ទះ​ស្នាក់​នៅ​របស់​កម្មករ​តែ​ម្តង ។

លោកស្រី សុខ សុភាព បាន​បន្ត​ថា ជា​និច្ចកាល​ខាង​ក្រុមហ៊ុន​បាន​អត់ធ្មត់​ក្នុង​រឿង​នេះ​ច្រើន​ដង​មក​ហើយ បើ​ទោះជា​មានការ​គំរាម​ប្រមាថ​អាយុជីវិត​ក្តី​ក៏​ខាង​ក្រុមហ៊ុន​នៅ​មាន​ឆន្ទៈ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី តែ​ខាង​លោក​ផ្កាយ​៣​មិន​ព្រម​ធ្វើការ​ដោះស្រាយ​ជាមួយ​ភាគី​ក្រុមហ៊ុន​ឡើយ ។

ពាក់​ព័​ន្ឋ​នឹង​បញ្ហា​នេះ អ្នក​យក​ព័ត៌មាន​«​កោះសន្តិភាព​»​បាន​ចុះ​ទៅ​ទីតាំង​ខាងលើ តែ​ត្រូវ​បាន​ក្រុម​ទាហាន​រារាំង​មិន​ឲ្យ​ថត​យក​រូបភាព​នៃ​ការ​ឆេះ​នេះ​ឡើយ ព្រមទាំង​មិន​ឲ្យ​ឈប់​រថយន្ត​នៅ​ជិត​នោះ​ទៀត​ផង ថែម​ទាំង​និយាយ​ថា មេ​របស់​គេ​លោក​ផ្កាយ​៣ ចាន់ សុភ​ក្ត្រា​បាន​ប្រាប់​បែប​នេះ ។

ចំណែក​លោក​ឧត្តមសេនីយ៍ឯក ចាន់ សុភ​ក្ត្រា បាន​លើក​ឡើង​ថា ដី​ដែល​មាន​ទំនាស់​នេះ​លោក​កាន់កាប់​២០​ឆ្នាំ​មក​ហើយ ដោយ​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ។ លោក​បន្ថែម​ថា អស់​រយៈពេល​៩​ខែ​មក​ហើយ​ដែល​ក្រុមហ៊ុន​រំលោភ​មក​លើ​លោក ពេល​នេះ​លោក​សុំ​ប្រើ​សិទ្ធិ​វិញ​ហើយ ព្រោះ​មុន​ពេល​មក​ធ្វើ​នេះ​ខាង​អាជ្ញាធរ​ឃុំ​ក៏​បាន​ចេញ​លិខិត​ជូនដំណឹង​ដល់​ក្រុម​កម្មករ​ទាំងនោះ​ឲ្យ​ចាកចេញ​ដែរ តែ​គេ​មិន​ព្រម​ចេញ ។

លោក​ផ្កាយ​៣​ប្រាប់​ថា លោក​ជា​កូនចៅ​ប្រជាជន លោក​មិន​ហ៊ាន​រំលោភ​បំពាន​លើ​ប្រជាជន​ឡើយ ។ ចំពោះ​ការ​មក​ដុត​នេះ​មិនមែន​ដុត​ផ្ទះ​ស្នាក់​នៅឡើយ គឺ​ដុត​រោង​តែ​ប៉ុណ្ណោះ ហើយ​ការ​ដុត​នេះ​ទៀត​សោត​គឺ​អាជ្ញាធរ​ដែនដី​ជា​អ្នក​អនុញ្ញាត ។

រឿងរ៉ាវ​ទំនាស់​នេះ​ដែរ លោក ពេជ្រ ច​ន្ថា អភិបាលស្រុក​ភ្នំស្រួច បាន​បំភ្លឺ​តាម​ទូរស័ព្ទ​ថា ការ​ដុត​នេះ​គឺ​មិន​ពាក់​ព័​ន្ឋ​នឹង​អាជ្ញាធរ​ឡើយ​គឺ​ខាង​ទាហាន​គេ​ប្រើ​កូនចៅ​គេ​ដោយ​ខ្លួនឯង ខាង​អាជ្ញាធរ​គ្មាន​ន​ណារ​ម្នាក់​ចូលរួម​ឡើយ ព្រោះ​ជា​រឿង​ជម្លោះ​របស់​ភាគី​ទាំង​២​ខាងលើ​ដែល​ជា​អ្នកមាន​លុយ​និង​អ្នក​អំណាច ៕