​​​​ព្រមាន​​​មន្ត្រី​ទទួល​បន្ទុក​ជញ្ជីង​ថ្លឹង​​រថយន្ដ​

រាជធានី​ភ្នំពេញ ៖ ​លោក​សេង ឈួ​ន ប្រធាន​លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​បាន​ឱ្យ​​ដឹង​ថា ក្នុង​រយៈពេល​៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៥-២៩ ឧសភា​ នេះ មន្ត្រី​ជំនាញ​គោលដៅ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​របស់​ក្រសួង​សាធារណការ បាន​ធ្វើការ​ផាកពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់​ បាន​រហូត​ដល់​ជាង​៤៣​លាន​រៀល ក្នុង​គោលដៅ​រាជធានី​ភ្នំពេញ ខេត្តកំពង់ឆ្នាំង ព្រៃវែង កណ្តាល និង​ពោធិ៍សាត់ ។

​លោក​បន្ត​ថា ក្រុមការងារ​បាន​ឃាត់​រថយន្ត​ដឹក​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន​៣០​គ្រឿង និង​ពិន័យ​ជា​ប្រាក់​សរុប​ចំនួន​៤៣.​០៧៣.០០០​រៀល ។

លោកសេង ឈួ​ន បាន​ឲ្យ​ដឹង​ទៀត​ថា គោលដៅ​ដែល​ត្រូវ​ត្រួតពិនិត្យ​នោះ​មាន​ នៅ​ស្ថានីយឃ្លាំងមឿង ខេត្តពោធិ៍​សាត់ ឃាត់​រថ​យន្ត​ដឹក​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់​បាន​ចំនួន​១១​គ្រឿង, ស្ថានីយលង្វែក ខេត្តកំពង់ឆ្នាំង ឃាត់​រថយន្ត​ដឹក​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ បាន​ចំនួន​១២​គ្រឿង ក្នុង​នោះ​ឃាត់​រថយន្ត​ដឹក​ជ្រូក​លើស​កម្រិត​កំណត់​​២២​តោន​ចំនួន​១​គ្រឿង​ ។ ស្ថានីយ​​អ្នក​លឿង​​ខេត្តព្រៃវែង ឃាត់​រថយន្ត​ដឹក​ជ្រូក​លើស​​៩​តោន ចំនួន​១​គ្រឿង​, រថយន្ត​ដឹក​បន្លែ​លើស​​៤​តោន១​គ្រឿង និង​ឃាត់​រថ​យន្ត​ដឹក​ត្រី​ចំនួន​​២​គ្រឿង​ ដោយ​​១​គ្រឿង​លើស​​៤​តោន និង​មួយ​គ្រឿង​ទៀត​លើស​៦​តោន​ ។ ស្ថានីយកំពង់​ភ្នំ ខេត្តកណ្តាល ឃាត់​រថយន្ត​ដឹក​ជ្រូក​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន​១២​តោន ចំនួន​១​គ្រឿង​។ ស្ថានីយព្រែក​ឯង រាជធានី​ភ្នំពេញ ឃាត់​រថយន្ត​ដឹក​ដែក​ចំនួន​​២​គ្រឿង ក្នុង​​១​គ្រឿង​ៗ លើស​ទម្ងន់​កម្រិត​កំណត់​ជាង​​​៨​តោន​។

លោកប្រធាន​លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់បាន​បញ្ជាក់​ថា ក្រោយ​ពី​ការ​ពិន័យ ក្រុមការងារ​បាន​ធ្វើការ​អប់រំ​ដល់​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ​ទាំងនោះ កុំ​ឲ្យ​ដឹក​ទំនិញ​លើស​កម្រិត​កំណត់​ទៀត ។ ​លោក​បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ឈ្មួញ​ដែល​ជា​ម្ចាស់​រថយន្ដ​ដឹក​ទំនិញ​ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ក្នុង​គោលបំណង​រក្សា​បាន​ភាព​យូរអង្វែង នៃ​ផ្លូវថ្នល់​សាធារណៈ និង​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នានា​ជូន​ប្រជាពលរដ្ឋ​។