សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​មន្ត្រី​អា​ដ​ហុ​ក និង​មន្ត្រី គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​១៣ មិថុនា

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​គ្រោង​លើកយក​សំណុំរឿង​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​បុគ្គលិក​អង្គការ​អា​ដ​ហុ​ក​៤​នាក់ និង​មន្ត្រី​គ​.​ជ​.​បម្នាក់ មក​បើក​សវនាការ​ជា​អសាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​មេធាវី​របស់​ជនជាប់ចោទ​ទាំង​៥​នាក់ ។

គួរ​កត់​សម្គាល់ថា បុគ្គលិក​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​៤​រូប និង​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)១​រូប ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៨ មេ​សា ឆ្នាំ​២០១៦ ពេល​ចូលខ្លួន​ទៅ​បំភ្លឺ​ជុំវិញ​រឿង​ក្ដី​ស្នេហា​រវាង​លោក កឹ​ម សុខា និង​នាង ខុ​ម ចាន់​តារា​ទី ហៅ​ស្រី​មុំ ។

បន្ទាប់​ពី​ចាប់ខ្លួន លោក ជា សុខ​ចាន់​ដេ​ត ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​សម្រេច​កាលពី​ល្ងាច​ថ្ងៃ​ទី​២ ឧសភា ឆ្នាំ​២០១៦ ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន ដាក់​ពន្ធនាគារ​ប៉េ​ហ្ស៊ី​សម្រាប់​មន្ត្រី គ​.​ជ​.​ប និង​ពន្ធនាគារ​ព្រៃ​ស ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត ។

ជនជាប់ចោទ​ទាំង​៤​រួម​មាន​៖
-​លោក នី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អា​ដ​ហុ​ក
-​លោក យី សុខសាន្ត អនុប្រធាន​សមាគម​អា​ដ​ហុ​ក
-​លោក ណៃ រ៉​ង់​ដា អនុប្រធាន​សមាគម​អា​ដ​ហុ​ក និង​លោកស្រី លឹ​ម មុន្នី បុគ្គលិក​ជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រង គុ​ជ គឹ​ម​ឡុ​ង ចោទ​ពី​បទ សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨​នៃ​ក្រមព្រហ្មទណ្ឌ ។

ដោយឡែក​លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សមគំនិត ក្នុង​អំពើ​សូកប៉ាន់​សាក្សី តាម​មាត្រា​២៩ និង​មាត្រា​៥៤៨​នៃ​ក្រមព្រហ្មទណ្ឌ ។ ជាមួយ​គ្នា​នេះ លោក សឺ​ន សាលី ជា​មន្ត្រី​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ក៏​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សមគំនិត ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ផង​ដែរ ។ បទល្មើស​សូកប៉ាន់​សាក្សី​កំណត់​ការ​ផ្តន្ទាទោស​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ ប្រ​សិន​តុលាការ​រក​ឃើញ​កំហុស ៕