ប្រហែសបន្តិច យក​កាំបិត​វះ​ពោះ​ខ្លួន​ឯងស្លាប់​

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​យក​កាំបិត​ត្នោត​វះ​ពោះ​ខ្លួនឯង​ហូរ​ឈាម​ពេញ​ផ្ទះ​ស្លាប់​យ៉ាង​អាណោចអាធ័ម​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៦ នៅ​លើ​ផ្ទះ​ខ្លួនឯង​ស្ថិត​នៅ​ភូមិ​សំរោង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សាច់ញាតិ​ជន​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ វ៉ែន សឿ​ន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ។ ជា​ធម្មតា​បងប្អូន​កូនចៅ​មិន​ដែល​ទុក​ឲ្យ​ជន​រង​គ្រោះ​ទៅ​ណា​មក​ណា​តែ​ម្នាក់ឯង ឬ​ទុក​ឲ្យ​ជន​រង​គ្រោះ​នៅ​តែ​ម្នាក់ឯង​ទេ ដោយសារ​តែ​ជន​រង​គ្រោះជា​មនុស្ស​មាន​ជំងឺសរសៃប្រសាទ​យូរ​ឆ្នាំ​ហើយ ហើយ​ជា​រឿយ​ៗ​តែងតែ​និយាយ​ប្រាប់​គេឯង​ថា «​មាន​គេ​បបួល​ទៅ​ងាប់​» ។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​ណាស់ មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ប្រាប់​ថា​ទៅ​បត់ជើង​នៅ​លើ​ផ្ទះ ប្រហែស​តែ​បន្តិច​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​យក​កាំបិត​ត្នោត​វះ​ពោះ​ខ្លួនឯង​ហូរ​ឈាម​ពេញ​ផ្ទះ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ៕