Messi នឹងដឹកនាំអាហ្សង់ទីនយកជ័យជម្នះពាន Copa

ខ្សែប្រយុទ្ធឆ្នើមក្លិប Barcelona កីឡាករ Lionel Messi នឹងដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន សម្លឹងយកជ័យជម្នះពាន Copa America Centenario ដែលនឹងចាប់ផ្តើមប្រកួតនៅថ្ងៃសៅរ៍នេះ ក្នុងទឹកដីសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការមិនអាចឈ្នះពានរបស់ប្រទេសនេះនៅត្រឹមរយៈពេល ២៣ ឆ្នាំ។
Messi-16

យុទ្ធនាការបាល់ទាត់ដែលមានរយៈពេល ៣ សប្តាហ៍មួយនេះ នឹងប្រព្រឹត្តទៅនៅកីឡដ្ឋាន Levi ក្នុងរដ្ឋ California ដែលនៅពេលនោះក្រុមជម្រើសជាតិអាមេរិក នឹងត្រូវជួបជាមួយនឹងក្រុមជម្រើសជាតិកូឡុំប៊ី។

ព្រឹត្តិការណ៍នេះនឹងបញ្ចប់ជាមួយនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន MetLife ក្នុងរដ្ឋ New Jersey នៅថ្ងៃទី ២៦ ខែមិថុនា ដើម្បីបញ្ចប់យុទ្ធនាការមួយដែលជាយុទ្ធនាការដ៏ធំបំផុតដែលត្រូវបាន រៀបចំឡើងនៅលើទឹកដីអាមេរិក បើគិតចាប់តាំងពីព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៩៤ ។

ជាមួយនឹងការអបអរទូទាំងតំបន់អាមេរិក ក្រុមចំនួន ១០ មកពីតំបន់អាមេរិកខាងត្បូង និង ៦ ក្រុមមកពីតំបន់អាមេរិកខាងជើង កណ្តាល និងការ៉ាអ៊ីប ដែលហៅកាត់ថា CONCACAF នឹងធ្វើការប្រជែងគ្នានៅលើទីលាន៕