ចន ច័ន្ទលក្ខិណា ៖«សូម​នាំ​គ្នា​ជួយ​សិល្បៈ ​ល្ខោន​ខោល​ផង..! បើ​ពិត​ជា​មាន​ឈាម និង​ឧត្តម​គតិ​ជា​ខ្មែរ»

(ភ្នំពេញ)៖ ខណៈដែលប្រទេសថៃ បាន​ប្រកាស និងស្នើសុំដាក់បញ្ចូលល្ខោនខោល (​ល្ខោ​​នមុខស្វា) ដែលជាកម្មសិទ្ធិសម្បត្តិវប្បធម៌កេរ្តិ៍តំណែល ពីដូនតាបានបន្សល់ទុ​ក ស​ម្រាប់កូ​ន​ខ្មែ​រតាំងពីសម័យដើម រហូតដល់សព្វថ្ងៃនេះ ជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក (UNESCO) ដែលមា​ន​១៥០ ប្រទេស ចុះហត្ថលេខា និងទទួលស្គាល់ថា ល្ខោននេះជារបស់ថៃនោះ ភ្លាមៗនេះ​គេ​សង្កេតឃើញ មានប្រជាពលរដ្ឋ និងសិល្បករ-សិល្បការិនី​របស់ខ្មែរ ជាច្រើនបាន​ប្រតិកម្មចេ​ញ​មុខ ស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខ្មែរ ជាពិសេសរាជរដ្ឋាភិបាល ត្រូវគិតគូមានវិធានការជាបន្ទាន់ ចំពោះរឿងនេះ លើភាគីថៃ។

ជាក់ស្ដែងនៅលើបណ្តាញសង្គម ហ្វេសប៊ុករបស់តារាស្រី អ្នកនាង ចន ច័ន្ទលក្ខិណា កាល​ពីប៉ុ​ន្មា​នម៉ោងមុននេះ ​បានសរសេរអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ចេញមុខ​ប្រឆាំងខាច់ខាត ចំពោះភាគីប្រទេសថៃ ដែលលួចបន្លំចង់បានរបស់ខ្មែរ ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយបានប្រកាសដាក់ល្ខោនមុខស្វា ជាសម្បត្តិបេតិកភណ្ឌពិភពលោក (UNESCO) កាលពី​ថ្មីៗនេះ ។

តារាស្រីដែលតែងចេញមុខឈឺឆ្អាល ការពារសិល្បៈវប្បធម៌ខ្មែរច្រើនជាងគេ បានលើកឡើងថា «សូមនាំគ្នាជួយសិល្បៈល្ខោនខោលផង បើពិតជាមានឈាមខ្មែរ និងឧត្តមគតិខ្មែរ ល្ខោនខោល គឺជារប​ស់ខ្មែរតាំងពីបុរាណ មកហើយល្ខោនខោល មិនមែនជារបស់ថៃទេ បើបងប្អូនស្រឡាញ់គាំទ្រ ល្ខោនខោល​សូមជួយ Share បន្តឲ្យពិភពបានដឹងផង ថាល្ខោនខោល គឺមានប្រភពដើមជារបស់ខ្មែរពិតៗ មិនមែនជារបស់ថៃទេ ដោយសេចក្ដីគោរព.!»។

អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់បន្ថែមថា «ថៃប្រកាសដាក់ល្ខោន មុខស្វាជាសម្បត្តិ បេ​តិកភណ្ឌ​ពិភពលោក (UNESCO)ដែលមាន១៥០ប្រទេស ចុះហត្ថលេខា និងទទួលស្គាល់ថា ល្ខោ​ននេះជារបស់ថៃ ចុះខ្មែរយើងចាំទាល់តែ គេចុះហត្ថលេខាហើយ បានសុំវាយកមកវិញឬ? ​»។

ស្របពេលជាមួយគ្នានេះដែរ បើតាមការឲ្យដឹងពីប្រធានសមាគមសិល្បករខ្មែរ លោកសុះ ម៉ាច បានថ្លែងប្រាប់ Khertalking តាមទូរស័ព្ទនៅរសៀលថ្ងៃទី០៣ ខែមិថុនា នេះថា «ខ្មែរជាប្រទេស​មួ​យ​ ដែលមានវប្បធម៌ដ៏ចំណាស់ និងកកើតឡើងមុនប្រទេសថៃ ។ ដូច្នេះអ្វីដែលប្រទេសថៃ​ កំពុ​ង​តែបំពានដោយថា សិល្បៈល្ខោនមុខស្វា ជារបស់ខ្លួន ហើយប្រកាសដាក់ជាសម្បត្តិបេ​តិកភ​ណ្ឌ​ពិភពលោក (UNESCO) គឺវា​ផ្ទុយស្រឡះទាំងស្រុងតែម្តង ព្រោះល្ខោនមុខស្វាជា រប​ស់​ខ្មែរតែម្នាក់គត់!»។

លោក សុះ ម៉ាច បានបន្តថា «ថៃជាប្រទេសមួយ ដែលតែងលួចចំឡងយកវប្បធម៌ពីខ្មែរទេ។​ មិ​នត្រឹ​ម​​តែប៉ុណ្ណោះ ហេតុអ្វីពេលនេះប្រទេសថៃ ថែមទាំងចង់បានល្ខោនមុខស្វា ដែលជា​កេរ្តិ៍តំ​ណែលដូនតាខ្មែរ ធ្វើជារបស់ខ្លួនទៀត។ ខ្ញុំសូមបដិសេធទាំងស្រុង ដែលថៃមានចេតនារំលោភលើកម្មសិទ្ធបញ្ញា របស់ខ្មែរ ចង់បានល្ខោនមុខស្វា ធ្វើជារបស់ខ្លួននោះ!»។

ជាមួយគ្នានេះ ប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច ក៏ថ្លែងអំពាវនាវដល់ពលរដ្ឋខ្មែរទាំ​ង​អស់ ត្រូវតែរួមគ្នា ដើម្បីធ្វើការតវ៉ាលើករណីមួយនេះ ព្រោះថាយើងជាម្ចាស់ដើម តើ​ត្រូវឈ​រមើ​លគេលួយដោយរបៀបនេះ ឬយ៉ាងណា? ម្យ៉ាងទៀតលោកក៏ស្នើរឲ្យក្រសួងពាក់ព័ន្ធទាំងអស់ ត្រូវតែពន្លឿនក្នុងការស្វែងរក ដំណោះស្រាយឲ្យបានឆាប់ ចំពោះរឿងដែលថៃបំពានរំលោភ យករបស់ខ្មែរស្រស់ៗបែ​បនេះ៕

ប្រភព ៖
Khmertalking

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload