វាយប្រហារ​នាវា​ក្រុមហ៊ុន​ប្រេងកាត​មួយ​នៅ​នី​ហ្សេ​រី​យ៉ា​ស្លាប់​6​នាក់

កងទ័ព​នី​ហ្សេ​រី​យ៉ា​រាយការណ៍​កាលពី​ថ្ងៃ​ទី​២ មិថុនា ថា ការ​វាយប្រហារ​មួយ​កាលពី​ថ្ងៃ​ទី​១ មិថុនា ប្រឆាំង​នាវា​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ប្រេង​ជាតិ​នី​ហ្សេ​រី​យ៉ា NNPC បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៦​នាក់​គឺ​ជន​ស៊ី​វិល​៤​នាក់ និង​ទាហាន​២​នាក់ ។

ក្រុម​ឧទ្ទាម​បំបែក​ខ្លួន​និយម​ថ្មី​មួយ​គឺ​ក្រុម​អ្នក​សងសឹក​នៃ​តំបន់​ដីសណ្ត​នី​ហ្សេ ដែល​ចង់​បញ្ឈប់​ផលិតកម្ម​ប្រេងកាត​ក្នុង​តំបន់​ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​ជា​ច្រើន ប្រឆាំង​បំពង់​បង្ហូរ​ប្រេង និង​ហេដ្ឋារចនាសម្ព័ន្ធ​ឯទៀត​ៗ របស់​ប្រទេស​បាន​បដិសេធ​ចំពោះ​ការ​វាយប្រហារ​នេះ ។ ក្នុង​សារ​មួយ​ក្រុម​នេះ​សរសេរ​ថា សម្លាប់​ពួក​ទាហាន​កំពុង​ដេក​លក់​ពុំ​មែន​ជា​បំណង​របស់​យើង​ទេ ។ សង្គ្រាម​របស់​យើង​គឺ​ប្រឆាំង​បណ្តា​ទីតាំង​ប្រេងកាត​ហើយ​ពុំ​មែន​ប្រឆាំង​ពួក​អ្នក​ស្លូតត្រង់​ឡើយ ។

លោក JONAH UNUAKHALU អ្នកនាំពាក្យ​កងទ័ព​នី​ហ្សេ​រី​យ៉ា​ក្នុង​សេចក្តី​ប្រកាស​មួយ​និយាយ​ថា ការ​វាយប្រហារ​នេះ​កើត​មាន​ក្នុង​តំបន់ WAPRI ភាគ​ខាងត្បូង​នី​ហ្សេ​រី​យ៉ា ។ ទាហាន​២​នាក់​បាន​ត្រូវ​ស្លាប់ ម្នាក់​ទៀត​រង​របួស ហើយ​ទាហាន​ម្នាក់​បាត់​ខ្លួន រួច​ជន​ស៊ី​វិល​៤​នាក់​ដែល​ធ្វើការ​លើ​នាវា​ក៏​ត្រូវ​ស្លាប់​ដោយ​គ្រាប់កាំភ្លើង​ដែរ ។ ពួក​អ្នក​វាយប្រហារ​បន្លំ​ខ្លួន​ជា​អ្នកដំណើរ​ធម្មតា​ជិះ​លើ​ទូក​ម៉ាស៊ីន​៥​គ្រឿង ។

អនុ​ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា លោក YEMI OSINBAJO បាន​ដឹកនាំ​ធ្វើ​កាលពី​ថ្ងៃ​ទី​២ មិថុនា នូវ​ប្រតិបត្តិការ​បោសសម្អាត​យ៉ាង​ធំ​មួយ​ពុំ​ធ្លាប់​មាននៅ​តំបន់​ដីសណ្ត​នី​ហ្សេ​ដែល​ប្រតិបត្តិការ​នេះ​ត្រូវ​ចំណាយ​ប្រាក់​ដល់​១​ពាន់​លាន​ដុល្លារ ៕