បណ្តេញ​សមាជិក​ក្រុម​សាសនា​មួយ​ចេញពី​ឧទ្យាន​នៅ​ឥណ្ឌា​ស្លាប់​15​នាក់

អ្នក​ទទួលខុសត្រូវ​ប៉ូលិស​ម្នាក់​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣ មិថុនា ថា មនុស្ស​១៥​នាក់ ក្នុង​នោះ​មាន​ប៉ូលិស​២​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ប្រតិបត្តិការ​ប៉ូលិស​ចាប់​បណ្តេញ​បណ្តា​សមាជិក​ក្រុម​សាសនា​មួយ ដែល​ចូល​កាន់កាប់​ដោយ​ខុសច្បាប់​ឧទ្យាន​មួយ​ក្នុង​ទីក្រុង​មួយ​នា​ភាគ​ខាងជើង​ឥណ្ឌា ។

អន្តរាគមន៍​របស់​ប៉ូលិស​ញ៉ាំង​ឱ្យ​មានការ​ប៉ះទង្គិច​គ្នា​កាលពី​យប់​ថ្ងៃ​ទី​២ មិថុនា រវាង​សមាជិក​ក្រុម​សាសនា​នេះ​ប្រមាណ​ជា​៣.០០០​នាក់ ដែល​មក​បោះទីតាំង​ក្នុង​ឧទ្យាន​នៃ​ទីក្រុង​ម៉ា​ធូ​រ៉ា និង​កងកម្លាំង​ប៉ូលិស ។

លោក​ហារី រ៉ា​ម​សា​ម៉ា អ្នក​ទទួលខុសត្រូវ​ប៉ូលិស​មូលដ្ឋាន​និយាយ​ប្រាប់ AFP ថា យើង​លើក​ទៅ​កាន់​ទីនោះ ដើម្បី​បណ្តេញ​ពួក​អ្នក​ទាំងនេះ​ចេញ ក៏​ប៉ុន្តែ​យើង​រង​ការ​បាញ់​ប្រហារ​​របស់​ពួក​ជនខិលខូច ។ ប៉ូលិស​យើង​២​នាក់​បាន​ត្រូវ​ស្លាប់ ។ លោក​បន្ត​ថា ប៉ូលិស​បាន​តបត​វិញ ដោយ​ការ​បាញ់​គ្រាប់​ពិត ហើយ​សម្លាប់​មនុស្ស​១៣​នាក់ ។ សមាជិក​ក្រុម​សាសនា SWADHIN BHARAT SATYAGRAH នេះ​ជាង​១.០០០​នាក់ ត្រូវ​ចាប់ខ្លួន ។

តុលាការ​ឥណ្ឌា​បាន​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​បំផ្លាញ​តង់​ជា​ច្រើន​រយ ព្រមទាំង​បណ្តា​រចនាសម្ព័ន្ធ​ធ្វើ​ពី​ឈើ ដែល​បោះទីតាំង​លើ​ផ្ទៃដី​ប្រមាណ​ជា​១០០​ហិ​កតា កាន់កាប់​ដោយ​ក្រុម​សាសនា​នោះ​ចាប់តាំងពី​ដំណាច់ឆ្នាំ​២០១៤​មក ។

បណ្តាញ​សង្គម​នានា​របស់​ឥណ្ឌា​ចាត់​ទុក​សមាជិក​ក្រុម​សាសនា​នេះ​ថា ជា​អ្នក​បដិវត្តន៍​ដែល​ទាមទារ ជា​ពិសេស​ឱ្យ​លុប​ចោលការ​បោះ​ឆ្នោត និង​ឱ្យ​បញ្ចុះតម្លៃ​ប្រេងសាំង​យ៉ាង​ទាប ៕