គណបក្ស​ប្រឆាំង​រៀបចំ​ពាក្យ​ប្ដឹង​អ្នក​ដក​ស្លាក​សញ្ញា​គណបក្ស​នៅ​ឧត្តរមានជ័យ

ស្រប​ពេល​ដែល​រដ្ឋាភិបាល កំពុង​ដាក់​ការ​គាបសង្កត់​ទៅ​លើ​មេដឹកនាំ​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ សំខាន់ៗ​នៅ​ឯ​ទីក្រុង​ភ្នំពេញ នៅ​តាម​បណ្ដា​ខេត្ត​ខ្លះ​នៃ​ភាគ​ឧត្តរ​ជាប់​ព្រំដែន​កម្ពុជា-ថៃ ក៏​មាន​ការ​ស្អប់​ទៅ​លើ​សកម្មភាព​នៃ​គណបក្ស​ប្រឆាំង​មួយ​នេះ​ដែរ។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា កន្លង​ទៅ ស្លាក​សញ្ញា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣​ផ្ទាំង​ដែល​គេ​ដាក់​តាំង​នៅ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ​នៃ​សង្កាត់​បន្សាយរក្ស ក្រុង​សំរោង ត្រូវ​បុរស ២​នាក់ ដែល​គេ​ស្គាល់​ថា ជា​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​បាន​ទៅ​ដក​បំផ្លាញ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ឧត្តរមានជ័យ បាន​ជួប​ពិភាក្សា​គ្នា​ដើម្បី​រៀបចំ​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​បុរស ២​នាក់ ដែល​គេ​អះអាង​ថា ជា​មេភូមិ​អូរ​បាត់ដាវ និង​មេភូមិ​ត្រពាំង​ត្រាវ​នៃ​សង្កាត់​បន្សាយ​រក្ស និង​ជា​ជន​ដៃដល់​ក្នុង​ការ​ដក​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​ប្រកាន់​ជន​ទាំង​ពីរ​នាក់​នោះ​ថា ជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច ហើយ​ក៏​ជា​អ្នក​ទទួល​បញ្ជា​ពី​មន្ត្រី​សង្កាត់​បន្សាយរក្ស ឱ្យ​ទៅ​បំផ្លាញ​ស្លាក​សញ្ញា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែរ។

សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ សង្កាត់​បន្សាយរក្ស គឺ​លោក ម៉ក់ វាន់វុទ្ធី។ លោក​អះអាង​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​មិថុនា ថា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា កន្លង​ទៅ លោក​បាន​យក​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៣​ផ្ទាំង ទៅ​ដាក់​នៅ​ជិត​ផ្ទះ​សកម្មជន​របស់​ខ្លួន និង​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ​ក្នុង​ភូមិ​អូរបាត់ដាវ និង​ភូមិ​ត្រពាំងត្រាវ។ ស្រាប់តែ​នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា មាន​បុរស ២​នាក់​ឈ្មោះ ភួង ភឿន ជា​មេ​ភូមិ​អូរបាត់ដាវ និង​ឈ្មោះ ម៉ោន គឹមយ៉ាន ជា​មេ​ភូមិ​ត្រពាំងត្រាវ បាន​ទៅ​ដក​បំផ្លាញ​ស្លាក​សញ្ញា​ទាំង​នោះ​ចំនួន ២​ផ្ទាំង ចំណែក ១​ផ្ទាំង​ផ្សេង​ទៀត​បាន​បាត់​មិន​ដឹង​ទៅ​ណា។

លោក ម៉ក់ វ៉ាន់វុទ្ធី បាន​ចោទ​ប្រកាន់​ថា បុរស​ទាំង​ពីរ​នាក់​ដែល​ទៅ​ដក​បំផ្លាញ​ស្លាក​សញ្ញា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ គឺ​ធ្វើ​តាម​បញ្ជា​របស់​ចៅសង្កាត់​បន្សាយរក្ស៖ «ខ្ញុំ​ព្រួយ​បារម្ភ​ពី​រឿង​ប្រជាធិបតេយ្យ​សិទ្ធិ​គណបក្ស គេ​ឱ្យ​បង្កើត​គណបក្ស​អី​មក​យើង​ត្រូវ​លើក​ស្លាក​ដល់​លើក​អត់​បាន»

ទោះ​យ៉ាង​ណា​ចៅ​សង្កាត់​បន្សាយរក្ស លោក ហែម សេដា បាន​ច្រាន​ចោល​ដាច់អហង្ការ ដោយ​ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទៅ​ដាក់​ស្លាក​សញ្ញា​តាម​ទី​សាធារណៈ​នោះ គឺ​មិន​បាន​ប្រាប់​ឱ្យ​រូប​លោក​ដឹង​ឡើយ ហើយ​លោក​ក៏​មិន​ពាក់ព័ន្ធ​នឹង​ការ​បំផ្លាញ​ដូច​ការ​ចោទ​ប្រកាន់​ទេ៖ «លោក​គួរ​តែ​យល់​ថា គេ​ធ្វើ​អ្វី​មួយ​គេ​គួរ​តែ​គិត ហើយ​ការ​គិត​នោះ​គឺ​គេ​ធ្វើ​ខ្លួន​ឯង គេ​ដក​ខ្លួន​ឯង​ឯ​ខ្ញុំ​មិន​ដឹង​រឿង​ទេ»

លោក ហែម សេដា ក៏​មិន​បាន​ពន្យល់​ឱ្យ​ក្បោះក្បាយ​ថា តើ​បុរស ២​នាក់ ដែល​គេ​ស្គាល់​ថា ជា​មេភូមិ​អូរបាត់ដាវ និង​មេ​ភូមិ​ត្រពាំងត្រាវ នោះ ពិត​ជា​លោក​បញ្ជា​ឱ្យ​ទៅ​ដក​ស្លាក​សញ្ញា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មែន ឬ​ក៏​យ៉ាង​ណា​ទេ។

​ចំណែក​អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​សង្កាត់​បន្សាយរក្ស នៅ​មិន​ទាន់​រាយការណ៍​ជុំវិញ​រឿង​មាន​អ្នក​ទៅ​បំផ្លាញ​ស្លាក​សញ្ញា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​លោក​ដឹង​នៅ​ឡើយ​ទេ៖ «ចាំ​មើល​ខ្ញុំ​ឱ្យ​គេ​ស្រាវជ្រាវ​មើល​ទៅ​មើល៍ តើ​ករណី​ហ្នឹង​យ៉ាង​ម៉េច​ខ្លះ? ប៉ុន្តែ​ការ​ឡើង​ស្លាក​របស់​គណបក្ស​ទាំង​អស់​ហ្នឹង គឺ​តម្រូវ​ឱ្យ​មាន​ការ​សុំ​ច្បាប់»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន ឱ្យ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ គឺ​តាំង​ពី​ចុង​ឆ្នាំ​២០១៥ គណបក្ស​សង្គ្រោះ​ជាតិ បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ក្រុង​សំរោង ស្ដីពី​ការ​លើក​ស្លាក​សញ្ញា​គណបក្ស​ជា​បន្តបន្ទាប់​នៅ​ក្នុង​ទឹកដី​សង្កាត់​បន្សាយរក្ស មិន​មែន​ការ​លើក​ស្លាក​ទាំង​នោះ​មិន​មាន​ច្បាប់​ទម្លាប់​ដូច​អាជ្ញាធរ​យល់​ឃើញ​ឡើយ។

នេះ​ជា​លើក​ទី​២​ហើយ ដែល​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​សង្កាត់​បន្សាយរក្ស ត្រូវ​បាន​គេ​បំផ្លាញ ហើយ​អាជ្ញាធរ​ហាក់​មិន​ខ្នះខ្នែង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ជន​ដៃដល់​ទាំង​នោះ​ទេ។

កាល​ពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៥ កន្លង​ទៅ ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ ១​ផ្ទាំង នៅ​ភូមិ​សំបួរ នៃ​សង្កាត់​បន្សាយរក្ស ដែរ ត្រូវ​គេ​ដុត​បំផ្លាញ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្ដឹង​ទៅ​ប៉ូលិស​ប៉ុស្តិ៍ ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​ខ្នះខ្នែង និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ឡើយ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ជា​ធម្មតា​ការ​ដាក់​តាំង​ស្លាក​សញ្ញា​គណបក្ស​នយោបាយ​នៅ​តាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ ឬ​ក៏​កន្លែង​ពាណិជ្ជកម្ម​ឯកជន​ជាដើម ប្រសិនបើ​ម្ចាស់​កន្លែង​មិន​សប្បាយ​ចិត្ត គឺ​គេ​អាច​ដក​ចេញ​បាន។ លោក គល់ បញ្ញា កំពុង​ចង់​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ដក​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ នោះ ថា​តើ​បណ្ដាល​មក​ពី​អ្វី?

​លោក គល់ បញ្ញា ចាត់​ទុក​ថា ប្រសិនបើ​ករណី​ដក​ស្លាក​សញ្ញា​របស់​គណបក្ស​ប្រឆាំង​នោះ មិន​មាន​មូលហេតុ​ពិត​ប្រាកដ គឺ​ជន​ដៃដល់​អាច​នឹង​ជាប់​ពាក់ព័ន្ធ​ទៅ​ដល់​ករណី​ព្រហ្មទណ្ឌ៖ «យក​ល្អ​ការ​ដក​ហ្នឹង​វា​គួរ​តែ​មាន​លិខិត​អី​ទៅ​ណែនាំ​គណបក្ស​ឱ្យ​ដក​ចេញ​ដោយ​ខ្លួន​ឯង ជា​ជាង​មេឃុំ​បញ្ជា​មនុស្ស​ឱ្យ​ទៅ​ដក ដែល​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ថា​ប្រើ​អំណាច​គាបសង្កត់»

គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា សង្កេត​ឃើញ​ថា ចាប់​តាំងតែ​ពី​មន្ត្រី​រដ្ឋាភិបាល​បាន​ដាក់​ការ​គាបសង្កត់​ទៅ​លើ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប មាន​លោក សម រង្ស៊ី និង​លោក កឹម សុខា មក គឺ​នៅ​តាម​បណ្ដា​ខេត្ត​នានា គេ​នៅ​មិនទាន់​សូវ​ឭ​ថា​មាន​សកម្មភាព​ទម្លាក់​ស្លាក​គណបក្ស​ប្រឆាំង​ដែល​ជា​សញ្ញា​គាប​សង្កត់​ចំពោះ​សកម្មជន​នៃ​គណបក្ស​នេះ​កើត​មាន​ច្រើន​ទេ ក៏ប៉ុន្តែ​ចំពោះ​ករណី​គំរាមកំហែង និង​ការ​បំភិតបំភ័យ​ផ្នែក​នយោបាយ​វិញ គឺ​គេ​ទទួល​បាន​ករណី​ខ្លះៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។