ថ្ងៃក្រោយ​ឲ្យ​រាង កុំ​ចេះ​តែ​ជឿ​គេ​ខ្លាំង​ពេក

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក ប្រជាពលរដ្ឋ​៥៤​នាក់​មក​ពី​ឃុំ​សំបួរ និង​ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប បាន​លើកគ្នា​មក​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​ដោះស្រាយ​រឿង​បុរស​ម្នាក់​បាន​ឆបោក​យក​លុយ​ពួក​គាត់​ជា​ថ្នូរ​ឲ្យ​ចូល​ធ្វើការ​នៅ​រោងចក្រ ក៏​ប៉ុន្តែ​ពេល​ទៅ​ចូល​ធ្វើការ​ថៅកែ​រោងចក្រ​ប្រាប់​ថា ក្រុមហ៊ុន​គ្មាន​រើស​កម្មករ​កម្មការិនី​ទេ ទើប​នាំ​គ្នា​មក​ទារ​យក​លុយ​វិញ ក៏​ប៉ុន្តែ​អ្នក​ទទួលយក​លុយ​ធានា​ឲ្យ​ចូល​ធ្វើការ​បាន​រត់គេច​ខ្លួន​បាត់ នៅ​សល់​តែ​អ្នក​ដើរ​ប្រមូល​លុយ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ ក៏​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ។

ទាក់ទិន​ករណី​ខាងលើ​នេះ ក្រុម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៦ មានឈ្មោះ មាស សុ​ភ័​គ្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ថ្នល់កែង ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប បាន​មក​ដើរ​រើស​កម្មករ​-​កម្មការិនី​នៅ​ឃុំ​សំបួរ និង​ឃុំ​កណ្តៀង​រាយ ដោយ​ប្រាប់​ថា មាន​ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន​រោងចក្រ​ខ​ល​ហ្គែ​ត (​ផលិត​ថ្នាំដុសធ្មេញ COLGATE) ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ក្រុង​បា​វិត ឲ្យ​ជ្រើសរើស​កម្មករ​-​កម្មការិនី​ចំនួន​៧០​នាក់​ទៅ​ធ្វើការ ហើយ​និយាយ​ប្រាប់​ថា ប្រធាន​រដ្ឋបាល​ឲ្យ​ទារ​យក​ប្រាក់​ក្នុង​ម្នាក់​៥០​ដុល្លារ ខ្លះ​៧០​ដុល្លារ  ខ្លះ​១០០​ដុល្លារ ប្តូរ​ក្នុង​ការ​ផ្តល់​ការងារ​ឲ្យ​ធ្វើ ដោយ​សន្យា​និង​ធានា​ថា ពេល​ចូល​ទៅ​សម្ភាស​គឺ​ជាប់ បាន​ធ្វើការ​តែ​ម្តង ហើយ​ការ​ដើរ​ជ្រើសរើស​នោះ គឺ​រើស​បាន​ចំនួន​៥៤​នាក់ សរុប​ទឹកប្រាក់​ប្រមូល​បាន​ជាង​៤​ពាន់​ដុល្លារ ។ ក៏​ប៉ុន្តែ​ពេល​នាំ​គ្នា​ទៅ​សម្ភាស​ចូល​ធ្វើការ ស្រាប់តែ​ថៅកែ​ជនជាតិ​ចិន​ប្រាប់​ថា ក្រុមហ៊ុន​ពុំ​មាន​ជ្រើសរើស​កម្មករ​-​កម្មការិនី​ទេ ។ ទើប​ពួក​គេ​ទាំង​៥៤​នាក់​មក​ទារ​យក​ប្រាក់​វិញ ក៏​ប៉ុន្តែ​អ្នក​ដែល​ប្រាប់​ថា ជា​ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន​នោះ បាន​យក​លុយ​គេចខ្លួន​បាត់ នៅ​សល់​តែ​ឈ្មោះ មាស សុ​ភ័​គ្រ អ្នក​ប្រមូល​លុយ​ផ្ទាល់ ក៏​ប្តឹង​សមត្ថកិច្ច​ក្រុង​បា​វិត​ឲ្យ​ចាប់ខ្លួន​ឈ្មោះ មាស សុ​ភ័​គ្រ ឲ្យ​ទទួលខុសត្រូវ ។

បើ​តាម​ប្រភព​ពី​ជនសង្ស័យ​ឈ្មោះ មាស សុ​ភ័​គ្រ បាន​ឲ្យ​ដឹង​ថា ខ្លួន​ក៏​ចាញ់បោក​គេ​ដែរ គឺ​អ្នក​បោក​យក​លុយ​ប្រជាពលរដ្ឋ​នោះ​ឈ្មោះ ឡាស់ អៃ​ស៊ះ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ស្ថិត​នៅ​ភូមិ​មេមត់ ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មំ ប្រើ​ទូរ​សព្ទ័​លេខ ០៧១ ៧២៨ ៨៨៨៩ ហើយ​លុយ​ជាង​៤​ពាន់​ដុល្លារ​គឺ​បាន​ផ្ញើរ​តាម​វី​ង​ឲ្យ​ឈ្មោះ ឡាស់ អៃ​ស៊ះ កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៦ មុន​ពេល​នាំ​ប្រជាពលរដ្ឋ​ទៅ​សម្ភាស​ចូល​ធ្វើការ ហើយ​រូបគេ​ក៏​បាន​បង់លុយ​អស់​១០០​ដុល្លារ​ដែរ ។

បើ​តាម​ដំណឹង​ចុង​ក្រោយ​ពី​សមត្ថកិច្ច​នគ​បាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគ​បាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​សុំ​ដក​ពាក្យបណ្តឹង​វិញ​ហើយ​សុំ​ឲ្យ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ ដោយ​យល់​ឃើញ​ថា ជនសង្ស័យ​ក៏​ជា​អ្នក​ចាញ់បោក​គេ​ដែរ និង​ជា​អ្នកស្រុក​ភូមិ​ជាមួយ​គ្នា ដោយ​ឲ្យ​ជនសង្ស័យ​ចេញ​លុយ​សង​ពួក​គេ​វិញ ។ រីឯ​ជនសង្ស័យ​ក៏​បាន​ដាក់​ពាក្យ​ប្តឹង​ឈ្មោះ ឡាស់ អៃ​ស៊ះ ដែល​ជា​អ្នក​ឆបោក​យក​លុយ​ដែរ ។

សមត្ថកិច្ច​ក៏​បាន​ពិនិត្យ​ឃើញ​ថា ជនសង្ស័យ​ពិតជា​បាន​ផ្ញើរ​លុយ​តាម​វី​ង​ឲ្យ​ឈ្មោះ ឡាស់ អៃ​ស៊ះ ពិតប្រាកដ​មែន ដូច្នេះ​សមត្ថកិច្ច​កំពុងធ្វើការ​ដោះស្រាយ និង​តាម​រក​ចាប់ខ្លួន​ឈ្មោះ ឡាស់ អៃ​ស៊ះ មក​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕