វៀតណាម​ចង់​ទិញ​យន្តហោះ​ចម្បាំង F-16 របស់​អាមេរិក​ និពន្ធដោយ : សៅ ផលនិស្ស័យ       June-03-2016, 4:12 pm         9327

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132វៀតណាម​ចង់​ទិញ​យន្តហោះ​ចម្បាំង F-16 របស់​អាមេរិក​​វៀតណាម​ចង់​ទិញ​យន្តហោះ​ចម្បាំង F-16 ពី​អាមេរិក​ក្រោយ​ពេលដែល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រកាស​ដក​ទណ្ឌកម្ម​អាវុធ​ប្រឆាំង​វៀតណាម​ជា​ផ្លូវការ​កាលពី​ចុងខែ​ឧសភា​កន្លងទៅ​។ អ្នកជំនាញ​អាមេរិក​យល់ថា វៀតណាម​ត្រូវការ​យន្តហោះ​ចម្បាំង​ប្រភេទ​នេះ​ដើម្បី​សម្រួល​ដល់​ការ​ល្បាត​នៅ​សមុទ្រ​ចិន​ខាងត្បូង​ប្រឆាំង​។​

​អ្នកជំនាញ​អាមេរិក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា Ralph Winnie អនុប្រធាន​ស្ថាប័ន​សម្ព័ន្ធ​ធុរកិច្ច​អឺ​រ៉ាស៊ី ( Eurasian Business Coalition ) បាន​អះអាងថា រដ្ឋាភិបាល​វៀតណាម​កំពុង​សំឡឹង​ឃើញ​យន្តហោះ​ចម្បាំង​ទំនើប​របស់​អាមេរិក F-16  ស្រប​ពេលដែល​ប្រទេស​នេះ​កំពុង​ត្រូវការ​សព្វាវុធ​ដើម្បី​ពង្រឹង​វិស័យ​ការពារជាតិ​របស់ខ្លួន​ផង​នោះ​។

​យន្តហោះ​ចម្បាំង F-16 នេះ​មាន​អនុភាព​ខ្លាំង​ដែល​អាចជួយ​ឲ្យ​វៀតណាម​ពង្រឹង​ការ​ល្បាត​របស់ខ្លួន​បាន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​កំពុងមាន​ជម្លោះ​ជាមួយ​មហា​យក្ស​ចិន​នោះ​។​

​យោងតាម​ទី​ភ្នា​ក់​ព័ត៌មាន​រុស្ស៊ី Sputnik  យន្តហោះ​នេះ​ប្រហែលជា​នឹង​ស្ថិតក្នុង​បញ្ជី​អាវុធ​របស់​វៀតណាម​ពេល​វៀតណាម​បញ្ជា​ទិញ​អាវុធ​ពី​អាមេរិក​នៅពេល​ណាមួយ​ខាងមុខនេះ​។  ហើយ​ក្រៅពី​ទិញ​សព្វាវុធ​ទំនើបៗ​ពី​អាមេរិក រដ្ឋាភិបាល​ល​ក្រុង​ហាណូយ ក៏​កំពុង​សំឡឹង​ឃើញ​ឱកាស​ក្នុងការ​អភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ក្នុងការ​ចែករំលែក​បច្ចេក​វិទ្យា​នានា​ដែល​អាចជួយ​ឲ្យ​វៀតណាម​អភិវឌ្ឍន៍​សមត្ថភាព​យោធា​របស់ខ្លួន​បាន​ប្រសើរ​ក្នុង​រយៈពេល​វែង​ផងដែរ​។​

​រដ្ឋាភិបាល​ក្រុង​ហាណូយ ពេលនេះ​អាចមាន​សិទ្ធិ​ទិញ​អាវុធ​ធុន​ធ្ងន់​ពី​អាមេរិក​បាន ព្រោះ​ទណ្ឌកម្ម​អាវុធ​ដែល​ដាក់​ប្រឆាំង​ប្រទេស​នេះ​រាប់​ឆ្នាំ​មកហើយ​នោះ​ត្រូវបាន​អាមេរិក​ដកចេញ​រួចហើយ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម​កាលពី​ចុងខែ​ឧសភា លោក បា​រ៉ា​ក់ អូ​បា​ម៉ា បានប្រកាស​ពេញមាត់​ថា ទណ្ឌកម្ម​អាវុធ​មាន​រយៈពេល​ជាង​៤​ទសវត្សរ៍​មកហើយ​នោះ​ត្រូវ​ដកចេញ​ជា​ផ្លូវការ​។ ប៉ុន្តែ​លោក​បាន​សង្កត់ធ្ងន់​ផងដែរ​ថា ការលក់​អាវុធ​ឬ​មិន​លក់​ឲ្យ​វៀតណាម វា​ផ្អែកលើ​ស្ថានភាព​សិទ្ធិមនុស្ស​វៀតណាម​។​

​បច្ចុប្បន្ននេះ វៀតណាម​កំពុង​កសាង​អំណាច​យោធា​របស់ខ្លួន​ដើម្បី​ធ្វើយ៉ាងណា​បង្កើន​ឲ្យ​បាន​នូវ​សមត្ថភាព​យោធា​ដែល​អាច​ការពារ​សន្តិសុខ និង​ប្រឆាំង​ការគំរាមកំហែង​ពី​ខាងក្រៅ​បាន​។ បើតាម​ទីភ្នាក់ងា​ព័ត៌មាន​ខាងលើ​ដដែល ចន្លោះ​ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៤ វៀតណាម​បាន​ដំឡើង​ថវិកា​ប្រើប្រាស់​សម្រាប់​វិស័យ​យោធា​ទ្វេដង​។ ក្រុង​ហាណូយ កន្លងមក​បាន ចំណាយលុយ​ច្រើនសន្ធឹក​សន្ធាប់​ដើម្បី​ទិញ​អាវុធ​ពី​រុស្ស៊ី ក្នុងនោះ​មាន​ទាំង​យន្តហោះ​ចម្បាំង​ប្រភេទ Su-34   នាវាចម្បាំង និង​នាវាមុជទឹក​ជាច្រើន​គ្រឿង​ថែម​ទៀតផង​។ នេះ​ក៏​ដោយសារតែ​វៀតណាម​មិនអាច​មាន​សិទ្ធិ​ទិញ​សព្វាវុធ​ពី​សហរដ្ឋអាមេរិក​បាន​៕