យុទ្ធនាការ​រ៉ឺម៉ក​កង់​បី​ផ្សព្វផ្សាយ​សារ​អប់រំ​សុខភាព​និង​អាហារូបត្ថម្ភ​ស្ត្រី​មាន​ផ្ទៃ​ពោះ

យុទ្ធនាការ​រ៉ឺម៉ក​កង់​បី​ផ្សព្វផ្សាយ​សារ​អប់រំ​សុខភាព និង​អាហារូបត្ថម្ភ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដល់​មាតា​ទាំង​អស់​ក្នុង​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​ចាប់​ផ្ដើម​ជា​លើក​ដំបូង។

យុទ្ធនាការ​នេះ គឺ​ក្នុង​ការ​ប្រារព្ធ​ខួប​ទី​៦០ នៃ​ទំនាក់ទំនង​ការ​ទូត​រវាង​សាធារណរដ្ឋ​ឆេកូ (Czech Republic) និង​ប្រទេស​កម្ពុជា ជាមួយ​អង្គការ ភីពផល អ៊ីន នីដ (People In Need) ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ដើម្បី​​ផ្សព្វផ្សាយ​លេខ​ទូរស័ព្ទ​មួយ​ខ្សែ​សម្រាប់​ឲ្យ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​ម្ដាយ​ដែល​មាន​កូន​តូច​អាយុ​ក្រោម ២​ឆ្នាំ ភ្ជាប់​បណ្ដាញ​ដែល​មាន​ឈ្មោះ​ថា "សេវា​សហគមន៍​គ្រួសារ​សុខភាព​ល្អ" ដើម្បី​ទទួល​សារ​អប់រំ​ដោយ​ឥត​បង់ថ្លៃ។

មន្ត្រី​សម្របសម្រួល​កម្មវិធី​ផ្ញើ​សារ​អប់រំ​នៃ​អង្គការ ភីពផល អ៊ីន នីដ លោក ឡាច មករា ថ្លែង​ថា លោក​អ្នក ជា​ពិសេស​ស្ត្រី​អាច​ហៅ​ទៅ​លេខ​ទូរស័ព្ទ ០៩៥ ៩៧ ៥៨ ០២ រួច​ចុច​តាម​ការ​ណែនាំ​នោះ​នឹង​ភ្ជាប់​លេខ​របស់​លោក​អ្នក​ទៅ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដោយ​ស្វ័យ​ប្រវត្តិ ដើម្បី​ទទួល​សារ​អប់រំ​ថ្មីៗ​ជា​រៀងរាល់​នៃ​ការវិវឌ្ឍន៍​គភ៌ និង​កុមារ​ក្រោម​អាយុ ២​ឆ្នាំ៖ «ពេល​តេ​ចូល​ទៅ​បើ​ជា​ឆ្មប​ចុច​លេខ​១ ទៅ បើ​ជា​អ្នក​មាន​ផ្ទៃ​ពោះ​ចុច​លេខ​២ ទៅ បើ​អ្នក​មាន​កូន​តូច​ចុក​លេខ​៣ ទៅ។ បើ​យើង​ជា​អ្នក​មាន​ផ្ទៃ​ពោះ​យើង​ចុច​លេខ​២ បន្ទាប់​មក​បើ​យើង​មាន​ផ្ទៃ​ពោះ ៥​សប្ដាហ៍​ចុច​លេខ​៥ បើ​៨ សប្ដាហ៍​ចុច​លេខ​៨ ជា​ការ​ស្រេច។ សារ​នេះ​នឹង​ផ្ញើ​ទៅ​គាត់​មួយ​សប្ដាហ៍​ម្ដងៗ។ សារ​នេះ​គឺ​មាន​អត្ថន័យ​អប់រំ​ខុសៗ​គ្នា​រហូត​ទៅ​តាម​អាយុ​ផ្ទៃ​ពោះ​របស់​គាត់។ ឧទាហរណ៍​ឥឡូវ​គាត់​ទើប​ចាប់​ផ្ដើម ៦​សប្ដាហ៍​អ៊ីចឹង ក្នុង​អំឡុង​ពេល​ចាញ់​កូន។ សារ​យើង​និយាយ​អំពី​សារ​ចាញ់​កូន ការ​លេប​ថ្នាំ​គ្រាប់​ជាតិ​ដែក​អ៊ីចឹង»

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​បង្ហាញ​ថា អត្រា​មរណភាព​ទារក​នៅ​តែ​មាន​កម្រិត​ខ្ពស់​គឺ ២៧​នាក់ ក្នុង​ចំណោម ១​ពាន់​កំណើត ខណៈ​ដែល​កុមារ​ម្នាក់​ក្នុង​ចំណោម​កុមារ ៣​នាក់ មាន​អាយុ​ក្រោម ៥​ឆ្នាំ មាន​បញ្ហា​ក្រេះ ក្រិន ឬ​កង្វះ​អាហារូបត្ថម្ភ​រ៉ាំរ៉ៃ។

យុទ្ធនាការ​នេះ មាន​រ៉ឺម៉ក​កង់​បី​ចំនួន ១០០ បើក​អប់រំ​ផ្សព្វផ្សាយ​រយៈពេល ៣​ខែ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ក្នុង​ទីក្រុង និង​តំបន់​គោលដៅ​ចំនួន ២០ សហគមន៍ ដូច​ជា ស្ទឹងមានជ័យ ច្បារអំពៅ២ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ និង​ទឹកថ្លា ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។