លោក ប៉ឹ​ល កុសល អញ្ជើញ​ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ ៦៩៥ នាក់ នៅ​សង្កាត់​ឃ្មួញ និង​សង្កា​ត់​ភ្នំពេញ​ថ្មី​

លោក ប៉ឹ​ល កុសល អញ្ជើញ​ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ ៦៩៥ នាក់ នៅ​សង្កាត់​ឃ្មួញ និង​សង្កា​ត់​ភ្នំពេញ​ថ្មី​



ភ្នំពេញ ៖ លោក ប៉ឹ​ល កុសល អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ បាន​អញ្ជើញ​ចុះ​មក​ចែក​អត្តសញ្ញាណប័ណ្ណ ជូន​ប្រជាជន​ចំនួន ៦៩៥ នាក់ នៅ​សង្កាត់​ក្រាំងធ្នង់ និង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ ដោយមាន​ការចូលរួម​ហែហម​អម​ដំណើរ ដោយ​លោក​អភិបាល​រង និង​លោក​ចៅសង្កាត់ ​មេ​ប៉ូលិស មេ​ប៉េអិម និង​មន្ត្រី​សំខាន់ៗ​ជា​ច្រើន​រូប​ទៀត។​

នៅ​ក្នុង​ពិធី​ចែក​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​នោះ នៅ​សង្កាត់​ឃ្មួញ ចែក​បាន​ចំនួន​២៦៣ សន្លឹក នៅ​វេលា​ម៉ោង​៨​ព្រឹក ហើយ​នៅ​វេលា​រសៀល​ម៉ោង​២​រសៀល នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ ចែក​បាន​ចំនួន ៤៣២ នាក់​ទៀត។

នៅ​ក្នុង​ពិធី​នោះ លោក​អភិបាលខណ្ឌ បាន​មានប្រសាសន៍ថា មនុស្ស​គ្រប់រូប ក្នុង​សម័យ​នេះ ចាំបាច់​ត្រូវ​មាន​លេខ​សម្គាល់​ខ្លួន ឬ​ឯកសារ​សម្គាល់​ខ្លួន តាំងពី​កើត រហូតដល់​ស្លាប់ ដែល​ឯកសារ​ទាំងនោះ​រួមមាន ៤ ប្រភេទ​ដូចជា ១/ សំបុត្រកំណើត ឬ​លិខិត​អត្រានុកូលដ្ឋាន ២/ លិខិត​អាពាហ៍ពិពាហ៍ ៣/ លិខិត​មរណភាព ៤/ សៀវភៅ​ស្នាក់នៅ​ និង​អត្តសញ្ញាណប័ណ្ណ​សម្គាល់​ខ្លួន​។​

លោក​អភិបាល​បាន​បញ្ជាក់​ថា អត្តសញ្ញាណប័ណ្ណ គឺជា​ឯកសារ​ដ៏​សំខាន់​បំផុត​សម្រាប់​មនុស្ស​យើង​ម្នាក់ៗ ហើយ​យើង​ធ្វើ​វា​បានតែ​ម្តង​គត់ វា​គឺជា​លេខ​សម្គាល់​ខ្លួន​របស់​យើង ដូច​យានយន្ត​ដែរ ហើយ​អត្តសញ្ញាណប័ណ្ណ​ស៊េរី​ថ្មី​នេះ គឺ​វា​ទំនើប​ណាស់ ហើយ​លេខ ក្នុង​អត្តសញ្ញាណប័ណ្ណ គឺជា​លេខ​សម្គា​ល់​របស់​យើង​ម្នាក់ៗ។ នៅក្នុង​លេខ​កូដ​អត្តសញ្ញាណប័ណ្ណ​នោះ​ វា​បាន​កត់ត្រា​ទុក​នូវ​ឯក​សារ​ជីវ​ប្រ​វត្តិ​រស់នៅ​របស់​យើង​ទាំងអស់​។ យើង​ចង់​រកស៊ី ប្រកបការងារ​អ្វី​មួយ ឬ​ធ្វើដំណើរ​ទៅ​ប្រទេសក្រៅ និង​កិច្ចការ​ធំៗ​ផ្សេងៗ​ ជាពិសេស ក្នុង​ពេល​បោះ​ឆ្នោត​ជាតិ ដើម្បី​សម្រេច​វាសនា​អនាគត​នៃ​ប្រទេស​ជាតិ​យើង​ បើ​គ្មាន​អត្តសញ្ញាណប័ណ្ណ គឺ​មិនអាច​បោះឆ្នោត​បាន​ឡើយ ពោល​គឺ​បើ​គ្មាន​អត្តសញ្ញាណប័ណ្ណ​សម្គាល់​ខ្លួន មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ គេ​មិន​ទទួលស្គាល់​យើង​ឡើយ​។

លោក​អភិបាល​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ជួយ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​រូតរះ មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សម្គាល់​ខ្លួន ជា​សញ្ជាតិ​ខ្មែរ។

ក្រៅពី​ការ​សំណេះសំណាល​ពន្យល់​ឲ្យ​ប្រជាពលរដ្ឋ​យល់ដឹង អំពី​ផលប្រយោជន៍​ និង​តម្លៃ​នៃ​អត្តសញ្ញាណប័ណ្ណ​រួច លោក​អភិបាល ក៏បាន​ព្រមាន​ដល់​លោក​ចៅសង្កាត់​ និង​លោក​មេភូមិ​ទាំងអស់​មេត្តា​ត្រូវ​ចេះ​យកចិត្តទុកដាក់ ចំពោះ​ប្រជាជន ក្នុង​មូលដ្ឋាន​ធ្វើការ​បម្រើ និង​រក្សា​ទំនាក់ទំនង​ល្អ ជាមួយ​ពួកគាត់ ត្រូវ​ចេះ​សំពះ​គោរព​ពួកគាត់ ព្រោះ​ប្រជាជន​ជា​ម្ចាស់​ឆ្នោត​របស់​អស់លោក នា​ពេល​កន្លង​ម​ក៕

លោក ប៉ឹ​ល កុសល អញ្ជើញ​ចុះ​ចែក​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ ៦៩៥ នាក់ នៅ​សង្កាត់​ឃ្មួញ និង​សង្កា​ត់​ភ្នំពេញ​ថ្មី​