ប្រេងសាំង​គេច​ពន្ធ​ហូរ​ចូល​ដូច​ទឹកបាក់​ទំនប់ តាម​ច្រក​តំបន់​៤០០

ប្រេងសាំង​គេច​ពន្ធ​ហូរ​ចូល​ដូច​ទឹកបាក់​ទំនប់ តាម​ច្រក​តំបន់​៤០០



បាត់ដំបង ៖ ច្រក​តំបន់​៤០០ គឺជា​ច្រក​មួយ​ដែល​ទើបនឹង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ពេញលេញ​ នា​ពេល​កន្លងទៅ​ថ្មីៗ​នេះ ហើយក៏​ជា​ច្រក​មួយ​ ដែល​ផ្សារភ្ជាប់​រវាង​ទំនិញ​ផ្សេងៗ​ក្នុងស្រុក​សំឡូត ខេត្ត​បាត់ដំបង ជា​មួយ​នឹង​ស្រុក​បរ​រ៉ៃ ខេត្ត​ត្រាត ប្រទេស​ថៃ​ដែរ ​បន្ទាប់ពី​ច្រក​នេះ​បើក​=jy​ឆ្លងកាត់​តែ​២​ឬ​៣​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍។

បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា ច្រក​តំបន់​៤០០ ចាប់​ផ្តើម​មាន​ទំនិញ​សព្វសារពើ​កំពុង​ធ្វើ​ចរាចរ​ឆ្លងកាត់​ទៅ​វិញ ទៅមក ពី​កម្ពុជា​ទៅ​ថៃ និង​ពី​ថៃ​មក​កម្ពុជា ដោយ​ក្នុង​នោះ​គេ​សង្កេត​ឃើញ​មាន​ទំនិញ​ធំៗ ​ដែល​ជា​សរសៃ​ឈាម​សេដ្ឋកិច្ច ដូចជា​ប្រេងសាំង​ជាដើម​បាននិងកំពុង​ហូរ​ចូល​មក​កម្ពុជា​តាម​ច្រក​តំបន់​នេះ ដូច​ទឹកបាក់​ទំនប់ ដែល​បញ្ហា​នេះ​ក៏​មាន​ប្រភព​មួយ​ចំនួន​បាន​ផ្តោត​យ៉ាង​សំខាន់​ថា អាច​ជា​ទំនិញ​គេច​ពន្ធ​ផង ព្រោះ​ដោយសារតែ​ប្រេងសាំង​ថៃ​មួយ​ចំនួន បាន​លប​ឆ្លងដែន​ចូលមក​កម្ពុជា ក្នុង​ពេលយប់។

ជាក់​ស្តែង​គឺ កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ប្រភព​មួយ​បាន​រាយការណ៍​មក​ថា មាន​រថយន្ត​ដឹក​ប្រេង​របស់​ថៃ​មួយ​គ្រឿង​ដែល​មាន​ចំណុះ​ប្រមាណ​២​ម៉ឺន​លីត្រ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​លើ​ខ្សែបន្ទាត់​ព្រំដែន ដោយ​បាញ់​ឆ្ពោះ​ទាំង​យប់​មកដល់​ស្ពាន​ដងទង់ ដែល​ស្ថិត​ក្នុង​ទឹកដី​ស្រុក​រតនៈមណ្ឌល ប៉ុន្តែ​ភ្លាមៗ​នោះដែរ ក៏មាន​រថយន្ត​របស់កម្ពុជា​ដែលជា​ប្រភេទ​ដូចគ្នា បាន​មក​ជួប​គ្នា​ដោយ​វិលត្រឡប់​ថយក្រោយ ដើម្បី​ទៅ​សាង​ឲ្យ​គ្នា​នៅត្រង់​ស្ថានីយ​ក្នុងស្រុក​សំឡូត​វិញ។

លុះ​នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅ​ថ្មីៗ​នេះ រថយន្ត​ដឹក​សាំង​របស់​ថៃ​បាន​ធ្វើ​ដំណើរ​មក​កក​ស្ទះ​ចរាចរណ៍​ប្រមាណ​ជាង​១០​គ្រឿង នៅ​ត្រង់ចំណុច​ច្រក​៤០០ នេះ​តែ​ម្តង ដោយសារ​តែ​មាន​ការ​ព្រមព្រៀង​ពី​សំណាក់​អស់លោក​ដែល​ជា​គណៈកម្មការ​ច្រក​ឬក៏​អាច​និយាយ​ថា មាន​ការ​បិទ​ភ្នែក បិទ​ច្រមុះ​ពី​សំណាក់​អស់លោក​ដែល​ឈរជើង​នៅ​ទីនោះ ទើប​ធ្វើ​ឲ្យ​រថយន្ត​ដឹក​សាំង​ទាំងអស់​ចូល​មក​កម្ពុជា​រហូតដល់​ម៉ោង​ប្រមាណ៨​យប់ ទើប​អស់។

ប្រភព​ច្បាស់​ការណ៍​មួយ​បាន​ខ្សឹប​ប្រាប់​កម្ពុជា​ថ្មី​ថា ទោះបីជា​ក្រុមហ៊ុន​នីមួយៗ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ក៏ដោយ បើ​មាន​ការ​ដឹក​ចូល​នៅ​ពេល​យប់ គឺជា​រឿង​មិន​ប្រក្រតី​ទៅ​ហើយ ព្រោះ​បើ​ទំនិញ​ស្របច្បាប់​គេ​មិនដែល​លប​បើក​ច្រក​ឲ្យ​ចូល​នៅ​ពេល​យប់​នោះឡើយ។

ប្រភព​ដដែល​បាន​សង្កត់​ធ្ងន់​ថា ក្រុមហ៊ុន​ដែល​រក​ស៊ី​នាំ​ប្រេង​ចូល​ផ្តាច់មុខ​នៅក្នុង​ច្រក​តំបន់​៤០០​នេះ គឺជា​ក្រុមហ៊ុន​ឈ្មោះ ប៊ី បេ ខាំ​បូ ខូ អិ​ល ធី ឌី ដែល​សព្វថ្ងៃ​គេ​កំពុងតែ​ត្រូវដង​ត្រូវផ្លែ​ជាមួយនឹង​កម្លាំង​ជំនាញ​គ្រប់​ជាន់ថ្នាក់ ពិសេស​គឺ​ចាប់ពី​អាជ្ញាធរ​មូលដ្ឋាន​រហូតដល់​ថ្នាក់​ខេត្ត​តែម្តង ដោយសារតែ​ភ្លើង​ខៀវ បាន​បើក​ជា​សញ្ញា​យ៉ាង​ច្បាស់​ទៅហើយ។

ប្រភព​ដ៏​សំខាន់​នេះ​បាន​បង្ហើប​យ៉ាង​ធ្ងន់​ថា ក្នុង​មួយខែៗ ប្រាក់ចំណូល​របស់​រដ្ឋ​អាច​មានការ​ថយចុះ​សម្រាប់​ច្រក​តំបន់​៤០០​នេះ បើ​ថ្នាក់​អាជ្ញាធរ និង​ក្រុម​អង្គភាព​ជំនាញ​នៅតែមាន​គំនិត​បណ្ដែតបណ្ដោយ និង​ធ្វើការ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ប្រេង​ចូល​ដូច​ហែ​កឋិន យ៉ាង​ចំហ​បែបនេះ ដូច្នេះ​ហើយ​បានជា​ក្នុង​ក្រុង​បាត់ដំបង​នាពេល​បច្ចុប្បន្ន​គឺ​មាន​ទីតាំង​លក់​សាំង​ដប​យ៉ាង​អនាធិបតេយ្យ ដោយ​តម្លៃថោកៗ​ថែម​ទៀតផង។

ស្រប​ពេល​ដែល​ក្បួន​រថយន្ត​ស៊ី​ទែន​ដឹក​សាំង​របស់​ភាគី​ថៃ​ក៏​មាន​សិទ្ធិ​ដឹក​ចូល​ឆ្លងដែន​មក​ក្នុង​ទឹកដី​កម្ពុជា​បាន​យ៉ាង​រលូន​បែបនេះ គឺ​លោក ឥន្ទ សៅ​រិ​ទ្ធ អភិបាលស្រុក​សំឡូត បាន​លើក​ឡើង​ថា ករណី​នេះ​គឺ​យើង​មិនទាន់​មាន​ចុះ MOU ជាមួយគ្នា​នៅឡើយ ​ដូច្នេះ​គេ​គ្មាន​សិទ្ធិ​ចូលមក​ជ្រៅ​បែបនេះ​នោះឡើយ ហើយ​ប្រការ​ដែលថា ច្រក​តំបន់​បាន​បើកទ្វារ​នៅពេល​យប់ ដែល​ខុស​នឹង​ម៉ោង​បានកំណត់ វា​គឺជា​ការសម្រេច​របស់​គណៈកម្មការ​ច្រក ឬក៏​ក្រុមការងារ​ដែល​ឈរជើង​នៅ​ទីនោះ​តែប៉ុណ្ណោះ សម្រាប់​លោក​គឺ​លោក​មិនមាន​អ្វី​ពាក់ព័ន្ធ​នោះឡើយ។

បច្ចុប្បន្ន​គឺ​មាន​ប្រភព​អ្នករក​ស៊ី​ជាច្រើន កំពុងតែ​ពិចារណា​ថា គួរ​លូកដៃ​រក​ស៊ី​នៅ​ក្នុង​ច្រក​​តំបន់​៤០០ ប្រចាំ​ស្រុក​សំឡូត​ដូចជា​ល្អ​ដែរ ដោយសារតែ​ច្រក​នេះ​អាច​និយាយ​គ្នា​ស្រួល​ហើយក៏​អាច​ចេញ​ទំនិញ​នៅពេល​យប់​បាន​យ៉ាង​ងាយ​ដែរ៕