គណៈកម្មការ​ក្រសួង​មហាផ្ទៃ​ទទួល​យក​ញត្តិ​​ដើម្បី​ពិនិត្យ​ស្នាម​មេដៃ

គណៈកម្មការ​ស្រាវជ្រាវ និង​ធ្វើ​កោសល្យវិច័យ​លើ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​បាន​ទទួល​ញត្តិ​ស្នាម​មេដៃ​របស់​ពលរដ្ឋ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​រួច​ហើយ។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ថា ញត្តិ​ទាំង​នោះ​បាន​ដល់​ដៃ​គណៈកម្មការ​ស្រាវជ្រាវ​ហើយ តែ​លោក​នៅ​មិន​ទាន់​បញ្ជាក់​ថា តើ​ការស្រាវជ្រាវ និង​ការ​ធ្វើ​កោសល្យវិច័យ​នឹង​ចាប់​ផ្ដើម​ពេល​ណា ហើយ​នឹង​បញ្ចប់​នៅ​ពេល​ណា​នៅ​ឡើយ។

លោក ខៀវ សុភ័គ ក៏​មិន​ទាន់​អាច​បញ្ជាក់​ថា តើ​របៀប ឬ​ដំណើរការ​នៃ​ការ​ស្រាវជ្រាវ និង​ធ្វើ​កោសល្យវិច័យ​នឹង​ប្រព្រឹត្តទៅ​យ៉ាង​ណា​នោះ​ដែរ។

លោក ខៀវ សុភ័គ មិន​ទាន់​អាច​អះអាង​ថា តើ​អ្នកណា​​ជា​អ្នក​ទទួល​ខុស​ត្រូវ បើ​សិន​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ការ​ផ្ដិត​ស្នាម​មេដៃ​មាន​ភាព​មិន​ប្រក្រតី​មែន​នោះ ប៉ុន្តែ​លោក​ថា បញ្ហា​នេះ​បើ​មាន​ភាព​មិន​ប្រក្រតី​មែន​នោះ វា​អាច​ពាក់ព័ន្ធ​នឹង​រឿង​ក្លែង​ឯកសារ​សាធារណៈ៖ «ទី​១​គឺ​ខុស​សីលធម៌ ចង់​និយាយ​ថា ខុស​វិជ្ជាជីវៈ ខុស​សីលធម៌ យើង​ភូត​រឿង​មិន​ពិត ថ្វាយ​ព្រះមហាក្សត្រ ហើយ​ទី​២ តាម​ផ្លូវ​ច្បាប់​យើង​ឃើញ​ហើយ​ថា ច្បាប់​ការ​ក្លែង​ឯកសារ​សាធារណៈ​ក៏​មាន​ចែង​នៅ​ក្នុង​នីតិវិធី​ព្រហ្មទណ្ឌ​ដែរ។ យោបល់​ផ្ទាល់​ខ្លួន​បង​មាន ២​ក្នុង​ហ្នឹង»

ក្រោយ​ពី​មាន​ការ​ណែនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា សម្រេច​បង្កើត​គណៈកម្មការ​ដើម្បី​ស្រាវជ្រាវ និង​ធ្វើ​កោសល្យវិច័យ​ស្នាម​មេដៃ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បក្ស​ប្រឆាំង​បាន​ដង្ហែ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ដែល​មាន​ជាង ១៧​ម៉ឺន​ស្នាម​មេដៃ។ លោក ហ៊ុន សែន ណែនាំ​ឲ្យ​ក្រសួង​មហាផ្ទៃ ស្រាវជ្រាវ​បញ្ហា​នេះ​ឲ្យ​បាន​ហ្មត់ចត់​បំផុត ដើម្បី​ជៀសវាង​ការ​ប្រើប្រាស់​ស្នាម​មេដៃ បោកប្រាស់​ពលរដ្ឋ ជាពិសេស​បោកប្រាស់​ព្រះមហាក្សត្រ។

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ភ្លាមៗ​ក្រោយ​ពី​លោក ហ៊ុន សែន ណែនាំ​ឲ្យ​បង្កើត​គណៈកម្មការ​នេះ គណបក្ស​ប្រឆាំង​បាន​ប្រកាស​ស្វាគមន៍ ហើយ​ថា បើ​គេ​ចង់​នាំ​យក​ម្ចាស់​ស្នាម​មេដៃ​ទាំង​ជាង ១៧​ម៉ឺន​នាក់​នោះ​មក​បង្ហាញ​មុខ​ផ្ទាល់​នៅ​មុខ​ព្រះបរមរាជវាំង ក៏​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។