ឡើង​ត​ភ្លើង​បណ្ដាល​ឲ្យ​ឆក់ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក

ខេត្តបន្ទាយមានជ័យ ៖ បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​អាន​កូ ផ្នែក​ត​ភ្លើង​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ជាប់​នៅ​លើ​បង្គោល​ភ្លើង​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​កាលពី​វេលា​ម៉ោងជាង​១០ ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។ នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​សំ​យ៉ុ​ង​ក្បាល​ចុះ​មក​ក្រោម តែ​មិន​ធ្លាក់​ទេ​ព្រោះ​មាន​ខ្សែក្រវាត់​ចង្កេះ​ភ្ជាប់​ទៅ​នឹង​បង្គោល​ភ្លើង​ហើយ​អ្នកស្រុក​នាំ​គ្នា​ឈរ​មើល​ព្រោងព្រាត​រហូត​អ្នកខ្លះ សង្ស័យ​ថា​ជន​រង​គ្រោះ​ទំនងជា​ឈាន​ដល់​ស្លាប់​ទៀត​ផង​។

យ៉ាងណា​ក៏​ដោយ​ក្រោយ​ពី​ក្រុម​បុគ្គលិក​ត​ភ្លើង​រួម​អាជីព​បិទ​ភ្លើង ហើយ​នាំ​គ្នា​ឡើង​ទៅ​ជួយ​ស្រាប់តែ​ជន​រង​គ្រោះ​ដឹងខ្លួន​ឡើង​វិញ ទើប​រួច​ផុត​ជីវិត​។ ជន​រង​គ្រោះ​ខណៈ​ចុះ​មក​ដល់​ដី​មិន​ផ្តល់​អត្តសញ្ញាណ​ទេ​ដោយ​គ្រាន់​និយាយ​យ៉ាង​ខ្លី​ថា ពេល​ឡើង​ត​ភ្លើង​នោះ​ជើង​របស់​គាត់​ប៉ះ​នឹង​ខ្សែភ្លើង​ហើយ​ដៃ​គាត់​តោង​ចំ​ម៉ាស់​ទើប​ឆក់​ចរន្ត​យ៉ាង​ដូច្នេះ​៕