លោក​អភិបាលខេត្ត គួរ​ដល់​ពេល​ដុសក្អែល​មន្ត្រី​ស្អុយ​ហើយ

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បន្ទាប់​ពី​រថយន្ត​ដឹកឈើ​គ្រឿង​សង្ហា​រឹម​មួយ​គ្រឿង​បុក​ពីក្រោយ​ពេញទំហឹង ហើយ​អូស​ជាង​១០០​ម៉ែត្រ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​បង្ក​ឱ្យ​មាន​មនុស្ស​របួស​ធ្ងន់ធ្ងរ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១​យប់ ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បែរ​គល់​ស្ពាន​សេ​កុង​ប្រហែល​ជាង​មួយ​រយ​ម៉ែត្រ ស្ថិត​ក្នុងភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី​ក្រុង​-​ខេត្តស្ទឹងត្រែង​។

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ជីវ ជឿន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​(​មុខរបរ​ដឹកឈើ​)​មានស្រុក​កំណើត​នៅ​ខេត្តកណ្តាល បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​។ ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ដឹកឈើ​ចំនួន​៥​សន្លឹក មក​ដល់​កន្លែង​កើតហេតុ​បាន​ឈប់​បង់លុយ​ឱ្យ​សមត្ថកិច្ច​តាម​ដងផ្លូវ លុះ​ចេញ​បាន​បន្តិច​ក៏​ស្រាប់តែ​មាន​រថយន្ត​សមត្ថ​មួយ​គ្រឿង​ទៀត ប្រដេញ​តាម​ឲ្យ​ឈប់​ដើម្បី​បង់លុយ គ្រានោះ​ដែរ​មាន​រថយន្ត​សាំ​យ៉ុ​ង​ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ស៊ូ មក​ពីក្រោយ​ទិស​ដៅ​ស្របគ្នា​ពី​លិច​មក​កើត​បាន​បុក​ពេញទំហឹង​ធ្វើ​ឱ្យ​ម៉ូតូ​ខ្ទាត​ទៅ​ម្ខាង ចំណែក​មនុស្ស​បាន​ជាប់​ក្រោម​រថយន្ត​អូស​ប្រហែល​ជាង​១០០​ម៉ែត្រ​ទើប​ឈប់​។

ហេតុ​ការ​នេះ​បាន​ធ្វើ​ឱ្យ​បុរស​រង​គ្រោះ​របើក​ស្បែក​ក្បាល​ចេញ​លលាដ៍ ធ្លុះធ្លាយ​ផ្ទៃមុខ បាក់​ថ្គាម ព្រមទាំង​រលាត់​ដើមទ្រូង ស្ទើរ​មើល​មិន​យល់​ទៅ​ហើយ​។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ក្បែរ​ទីតាំង​កើតហេតុ​គឺជា​កន្លែង​ប្រមូលផ្តុំ​ដោយ​សមត្ថកិច្ច រួម​ទាំង​អ្នក​កាន់​ប័ណ្ណ​ព័ត៌មាន​ផង​ដែរ ដែល​ធ្វើ​ឱ្យ​ទីតាំង​នោះ​ក្លាយជា​កុងត្រូលជជុះ ចាំ​ស្ទាក់​យក​លុយ​ពី​បទល្មើស តាម​ម៉ូតូ តាម​រថយន្ត បាន​បង្ក​ភាព​អនាធិបតេយ្យ ទើប​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរ​បែប​នេះ​កើតឡើង​។ ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ ខាងលើ​នេះ​ប្រភព​បន្ត​ថា​គេ​បានឃើញ​សមត្ថកិច្ច​មួយ​ចំនួន​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ​តែ​មិន​បាន​អន្តរាគមន៍​លើ​រថយន្ត​បង្កហេតុ និង​ជួយ​ជន​រង​គ្រោះ​នោះ​ដែរ​តែ​គ្រាន់​ឈរ​អោបដៃ ដើរ​មើល​ហើយ​ជិះ​រថយន្ត​ចេញ​យ៉ាង​រំភើយ ដោយ​ផ្តល់​ឱកាស​ឲ្យ​រថយន្ត​បង្ក​ដែល​បង់លុយ​ហើយ​នោះ​យក​រថយន្ត​មួយ​គ្រឿង​ទៀត​មក​សាង​ឈើ​សង្ហា​រឹម និង​បើករថយន្ត​បង្ក​នោះ​ទៅ​យ៉ាង​រលូន​ថែម​ទៀត​។

អ្នកដំណើរ​ឃើញ​ហេតុការណ៍​ខាងលើ​និយាយ​ថា​ពាក់ព័ន្ធ​បុគ្គល​ជា​សមត្ថកិច្ច​ចោលម្សៀត​យក​ភារកិច្ច​បម្រើ​ប្រយោជន៍​ផ្ទាល់ខ្លួន​មិន​គិត​ពី​ប្រយោជន៍​សង្គម និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​បែប​នេះ ។ លោក ម៉ុម សា​រឿ​ន អភិបាល​ខេត្តស្ទឹងត្រែង​គួរតែ​បោសសម្អាត នៅ​មន្ត្រី​អសកម្ម​បែប​នេះ​ខ្លះទៅ​ដើម្បី​ឲ្យ​ការ​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​មាន​ភាពល្អ​ប្រសើរ​។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​ឃើញ​ហេតុ​ការ​ជួយ​ដឹក​ទៅ​កាន់​មន្ទី​ពេទ្យ​បង្អែក​ខេត្ត ដើម្បី​ធ្វើការ​សង្គ្រោះ​បន្ទាន់ តែ​ស្ថាន​ការ​របួស​ប្រែប្រួល​យ៉ាងណា​នោះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​។ ចំណែក​សមត្ថកិច្ច​ដែល​ឈរជើង​នៅ​ទីនោះ​ក៏​មិន​បាន​ចាត់វិធានការ​ទៅ​លើ​រថយន្ត​នោះ​ដែរ​ព្រមទាំង​បណ្តា​យ​ឱ្យ​រថយន្ត​បង្ករ​នោះ​បើក​ចេញ​ទៅ​បាត់​ដោយ​មិន​បាន​វាស់វែង និង​រក​ចំណុច​ខុស​ធ្វើការ​សន្និដ្ឋាន​ឡើយ​៕